ស្វែងយល់ពីការងារក្នុងមន្ទីរពិសោធន៍

ការងារក្នុងមន្ទីរពិសោធន៍មិនមែនជាការងារមួយងាយស្រួលនោះឡើយ ដែលចំណេះដឹងពីសាលារៀនមិនអាចគ្រប់គ្រាន់នោះទេ។  ដើម្បីជាការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ហេលស៍ថាម ក៏បានជួបផ្ទាល់ជាមួយនឹងលោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ដែលបានបន្តការសិក្សានៅរាជធានីភ្នំពេញ និងទទួលបានសញ្ញាបត្រឱសថការីឧត្តមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មុននឹងបម្រើការងារជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍លោហិតសាស្រ្តគីមីជីវសាស្រ្ត និងអ៊ីមុយណូសេរ៉ូមសាស្រ្ត នៅវិទ្យាស្ថានប៉ាស្ទ័រ។

ក្នុងអំឡុងពេលធ្វើការ លោកស្រីក៏ត្រូវបានលើកទឹកចិត្តឲ្យរៀនបន្តថា្នក់ឯកទេសជីវវេជ្ជសាស្រ្តក្នុងឆ្នាំ 2011 ហើយដល់ឆ្នាំ 2014 ក៏បានជាប់អាហារូបករណ៍ Erasmus Mundus ទៅសិក្សាថ្នាក់អនុបណ្ឌិតរយៈពេល
10  ខែផ្នែកស្រាវជ្រាវលើជំងឺគ្រុនចាញ់នៅក្នុងក្រុងទូឡូស ប្រទេសបារាំង។

លក្ខណៈសម្បត្តិដែល បុគ្គលិកបម្រើការងារក្នុង Lab មួយរូបគួរតែមាន
•    ភាពម៉ត់ចត់ក្នុងការងារមានភាពច្បាស់លាស់មានទំនួលខុសត្រូវ និងមាន Master Plan ៖  ការផ្តល់លទ្ធផលវិភាគវេជ្ជសាស្រ្តដែលមានគុណភាពត្រឹមត្រូវ នឹងឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដរបស់អ្នកជំងឺ អាចជួយឲ្យអ្នកជំងឺទទួលបានការព្យាបាល និងថែទាំត្រឹមត្រូវ និងអាចចំណេញពេលវេលា និងថវិកា។
•    មានឆន្ទៈក្នុងការរៀនបន្ថែម ៖ វិទ្យាសាស្រ្តមានការរីកចម្រើន ការស្រាវជ្រាវថ្មីៗមានបន្តជាហូរហែដើម្បីឲ្យការប្រតិបត្តិសព្វថ្ងៃកាន់តែមានប្រសិទ្ធភាព និងមានភាពឆាប់រហ័សជាងមុន។ល។ យើងត្រូវបន្តរៀនសូត្រ និងខិតខំស្វែងយល់អំពីរបកគំហើញថ្មីៗដើម្បីឲ្យមានគំនិតក្នុងការរកមធ្យោបាយអភិវឌ្ឍខ្លួនឯង។
•    ចំណេះដឹងភាសាអង់គ្លេស និងបើអាចភាសាបារាំង ៖ ឯកសារជាច្រើននៅក្នុងវិស័យសុខាភិបាល ឬក៏របកគំហើញថ្មីៗត្រូវបានសរសេរជាភាសាអង់គ្លេស ឬបារាំង ហើយក៏អាចជួយយើងឲ្យមានឱកាសទៅសិក្សានៅក្រៅប្រទេសថែមទៀត។
•    សីលធម៌ និងចេះរក្សាការសម្ងាត់ជូនអ្នកជំងឺ ៖  ត្រូវគិតទៅលើផលប្រយោជន៍របស់អ្នកជំងឺជាធំ និងត្រូវចេះរក្សារាល់ការសម្ងាត់របស់គាត់។

អ្វីគួរត្រៀម សម្រាប់អ្នកដែលចង់បើកដំណើរការ Lab នាពេលអនាគត
•    មានគម្រោងអាជីវកម្មមួយច្បាស់លាស់ និងលម្អិត
•    ចាប់ដៃគូសហការដែលមានឥទ្ធិពល និងមានចក្ខុវិស័យដូចគ្នា
•    មានចំណេះដឹងពិតប្រាកដ និងច្បាស់លាស់។ យើងគួរតែខិតខំសិក្សាបន្ថែមឲ្យបានច្រើនឲ្យទាន់ការវិវឌ្ឍន៍របស់វិទ្យាសាស្រ្តសម័យបច្ចុប្បន្ន។
 
ភាពលំបាកនៃការចាប់ផ្តើមការងារដំបូងនៅក្នុងមន្ទីរពិសោធន៍ (Lab)
•    ការគ្រប់គ្រងបុគ្គលិកត្រូវមើលថារាល់លទ្ធផលវិភាគវេជ្ជសាស្រ្តដែលពួកគេធ្វើត្រូវតែត្រឹមត្រូវ និងមានគុណភាព។
•    ចំណេះដឹងផ្នែកបច្ចេកទេសនៅពេលដែលមានលទ្ធផលវិភាគរបស់អ្នក ជំងឺដែលខុសប្រក្រតីខ្លាំងគឺត្រូវទាក់ទងជាមួយគ្រូពេទ្យព្យាបាល ដើម្បីសួរនាំ និងផ្តល់ជាដំណឹង។ ដើម្បីឲ្យការពិភាក្សាកាន់តែមានប្រសិទ្ធភាព តម្រូវឲ្យមានចំណេះដឹងទូលំទូលាយ និងច្បាស់លាស់។  
•    ការរកទីតាំងមួយដែលសមស្របសម្រាប់ប្រកបអាជីវកម្ម ។
•    ផ្តល់សេវាកម្មមួយដែលមានគុណភាពប៉ុន្តែប្រឈមនឹងការកំណត់តម្លៃឲ្យបានសមស្របទៅតាមកម្រិតជីវភាពនៃប្រជាជនខ្មែរយើងភាគច្រើនទាំងនៅក្នុងទីក្រុង និងជនបទ ។
•    ចំនួនបុគ្គលិកមានកំណត់ រីឯការងារដែលត្រូវចាប់ផ្តើមមានច្រើនជាហេតុធ្វើឲ្យការរៀបចំពេល និងរបៀបរៀបរយនៃការធ្វើការងារពុំទាន់បានសុក្រឹតល្អនៅក្នុងដំណាក់កាលដំបូងនេះ។

កត្តាដែលជួយជម្រុញឲ្យបាននូវឱកាសកន្លងមក
គឺបណ្តាលមកពីការចាប់យកឱកាសការងារល្អៗដោយហ៊ានសាកល្បងនូវរាល់ការងារនៅចំពោះមុខ។ ពេលដែលយើងទទួលបានការងារនោះហើយ គឺត្រូវពង្រីកចំណេះដឹងឲ្យបានជ្រៅជ្រះ និងមានភាពច្បាស់លាស់ដែលជាកត្តាញ៉ាំងឲ្យអ្នកដែលនៅក្រោមបង្គាប់អាចផ្តល់ទំនុកចិត្តលើយើងបាន  និងត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយអ្នករួមការងារដោយមានទំនួលខុសត្រូវខ្ពស់។

យ៉ាងណាមិញ ក្រុមហ៊ុន ឬ អង្គភាពនីមួយៗ តែងមានចក្ខុវិស័យផ្សេងៗគ្នា ដូចជាវិទ្យាស្ថានប៉ាស្ទ័រមានគោលការណ៍លើកទឹកចិត្តដល់បុគ្គលិកថ្នាក់ខ្ពស់មួយចំនួនឲ្យមានឱកាសសិក្សាបន្ថែម។ ជាឧទាហរណ៍ ជាក់ស្តែង នាងខ្ញុំបានទទួលនូវឱកាសការងារនៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដែលជាហេតុធើ្វឲ្យខ្ញុំមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែមជ្រៅជ្រះសមស្របនៅក្នុងការបំពេញការងាររបស់ខ្ញុំ។

សារជូនដល់អ្នកជំនាន់ក្រោយ
លោកស្រីឱសថបណ្ឌិតឯកទេសក៏មានជាសារខ្លីផងដែរថា «ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាសំខាន់ណាស់ក្នុងនាមជាអ្នកផ្តល់នូវសេវាសុខភាពដល់អ្នកជំងឺ»។ យើងមានតួនាទីផ្តល់នូវលទ្ធផលវិភាគជាក់លាក់ច្បាស់លាស់ ប្រកបដោយគុណភាពឆ្លើយតបទៅនឹងសភាពជំងឺជាក់ស្តែងរបស់គាត់ដូចនឹងពាក្យស្លោករបស់មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ គឺ«ការវិភាគដែលមានគុណភាព លទ្ធផលដែលអ្នកជឿជាក់»

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់