៥ចំណុចពីថ្នាំសម្រកទម្ងន់ អ្នកចាំបាច់ត្រូវដឹង!

មិត្តនារីមួយចំនួនឲ្យតែឆ្លុះកញ្ចក់ពេលណាក៏មិនដែលពេញចិត្តនឹងរូបរាងខ្លួនឯងធាត់ហើយស្លៀកពាក់យ៉ាងណាក៏មិនសម។ សំខាន់ តមអាហារ និងហាត់ប្រាណក៏អនុវត្តរួចហើយ នៅតែដដែល ពេលនោះអ្នក ប្រាកដជាគិតដល់ការប្រើថ្នាំ ឬផលិតផលអាហារបំប៉នផ្សេងទៀតដែលមានយ៉ាងច្រើនទាំង​លើទីផ្សារក៏ដូចជាតាមប្រព័ន្ធអុីនធឺណេត។ ប៉ុន្តែថា តើអ្នកប្រាកដទេថាជម្រើសនេះត្រឹមត្រូវ? តើអ្វីខ្លះដែលអ្នក ត្រូវដឹងជាមុន?

គ្មានការធានា
អ្នកប្រហែលមិនធ្លាប់បានដឹង ឬចាប់អារម្មណ៍ទេថាថ្នាំ ឬ ផលិតផលដែលអ្នកប្រើ បានត្រួតពិនិត្យត្រឹមត្រូវ មានច្បាប់ អនុញ្ញាតឲ្យចែកចាយនៅលើទីផ្សារនោះទេ។ អ្វីដែលគួរឲ្យកត់សម្គាត់សព្វថ្ងៃផលិតផលថែរក្សាសម្រស់មួយចំនួន ក៏ដូច ជាផលិតផលសម្រកទម្ងន់ ត្រូវបានបង្ហាញលក់ពាសពេញប្រព័ន្ធអ៊ីនធឺណេត។ ជាងនេះទៅទៀតមានប្រភេទអាហារបំប៉នខ្លះក៏មិនទាមទារឲ្យមានការអនុម័តពីរដ្ឋបាលចំណីអាហារនិងឱសថ(FDA)មុននឹងចេញលក់លើទីផ្សារឡើយ។​ ជាមួយគ្នាផងដែរក្រុមហ៊ុនឬផលិតផលជាច្រើនងាយនឹងមានសារធាតុផ្សំដែលគ្មានសុវត្ថិភាពតែដោយសារភាពពេញនិយម មិនបានចាប់អារម្មណ៍ រហូតដល់រយៈពេលណាមួយលេច ចេញនូវផលអវិជ្ជមាន ទើបបានរាយការណ៍ទៅកាន់FDA និង បញ្ឈប់លែងឲ្យប្រើ។

អំណះអំណាងមិនត្រឹមត្រូវ
សូមកុំជឿជាក់លើគ្រប់អំណះអំណាងដែលអ្នកអានលើស្លាកសញ្ញាអាហារបំប៉ន ឬផលិតផលសម្រកមួយចំនួន ព្រោះតាម រយៈរបាយការណ៍ចេញដោយនាយកដ្ឋានសុខាភិបាលសហរដ្ឋអាមេរិកការវិភាគនៃអាហារបំប៉នចំនួន១២៧រួមបញ្ចូលទាំង ថ្នាំគ្រាប់សម្រកទម្ងន់បានបង្ហាញថា២០%មានអំណះ​អំណាងមិនស្របច្បាប់នៅលើស្លាកសញ្ញាបញ្ជាក់ថាវាជាផលិតផលសម្រាប់ព្យាបាលជំងឺផ្សេង ឬមានប្រសិទ្ធភាពលើសលទ្ធភាព របស់សារធាតុសកម្ម។

គ្មានប្រសិទ្ធភាព
ថ្នាំគ្រាប់សម្រកទម្ងន់មួយចំនួន ជាធម្មតាមានផ្ទុកជារួមជាមួយ សារធាតុកាហ្វេអ៊ីន និងប្រភេទបញ្ចុះទឹកនោមដទៃទៀត ដែលបង្កឲ្យមានការបាត់បង់ជាតិទឹកពីក្នុងរាងកាយ។លទ្ធផលនៃការស្រកទម្ងន់ដំបូងនេះមិនមែនជាការបាត់បង់ខ្លាញ់ពិតប្រាកដនោះហើយវានឹងត្រឡប់មកវិញក្នុងរយៈពេលមួយ។បន្ថែមពីនេះទៀតទឹកដែលបាត់បង់ដោយសារការប្រើថ្នាំសម្រក ទម្ងន់ប្រភេទគ្រាប់នេះ អាចបង្កគ្រោះថ្នាក់ជាការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។

មិនអាចប្តូរទម្លាប់
ការស្រកទម្ងន់រយៈពេលយូរ ទាមទារឲ្យមានការផ្លាស់ប្តូរទម្លាប់ទាំងរបបអាហារ និងការធ្វើលំហាត់ប្រាណ ដើម្បីអនុម័តឲ្យបានសុខភាពកាន់តែល្អ។ អ្នកអាចនឹងមិនសូវត្រួតពិនិត្យស្លាកសញ្ញាផលិតផល កម្រិតរបបអាហារ និងការហាត់ប្រាណ ប្រសិនបើអ្នកគិតថាថ្នាំទាំងនោះនឹងអាចជួយអ្នកបានក្នុងការសម្រកទម្ងន់។លើសពីនេះការញ៉ាំថ្នាំជារៀងរហូតមិនអាចមាននិរន្តភាពបាននោះទេ ហើយពេលណាដែលអ្នកឈប់ នោះអ្នកនឹងត្រឡប់ទៅរកទម្លាប់អាក្រក់ និងទម្ងន់ដំបូងរបស់ អ្នកបាន។

ផលរំខានជាច្រើន
ថ្នាំសម្រកទម្ងន់ខ្លះមានផ្ទុកនូវសកម្មភាពរារាំងការស្រូបខ្លាញ់ជាមូលហេតុមួយអាចបង្កឲ្យឈឺក្រពះ។ បើតាមរបាយការណ៍ ផ្សេងទៀត ផលរំខាននៃថ្នាំគ្រាប់សម្រកទម្ងន់ រួមមាន ទល់លាមក ឈឺក្បាល និងបម្រែបម្រួលអារម្មណ៍។ សារធាតុ ផ្សំចម្បងក្នុងប្រភេទថ្នាំសម្រកគឺពពួកភ្ញោច ដែលត្រូវបានរកឃើញថាអាចបង្កើនហានិភ័យសម្រាប់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ជាញឹកញាប់ប្រភេទឱសថភ្ញោចទាំងនេះត្រូវបានចេញវេជ្ជបញ្ជាក្នុងកម្រិតសមស្របចំពោះមនុស្សម្នាក់ៗ។ថ្នាំឬផលិតផលជួយឲ្យស្រកទម្ងន់ជាញឹកញាប់មានផ្ទុកនូវamphetaminesសារធាតុប្រឆាំងការថប់អារម្មណ៍ និង សារធាតុបំបាត់ការធ្លាក់ទឹកចិត្ត ដែលអាចធ្វើឲ្យញៀនក្នុងកម្រិតខ្ពស់។

វាគ្រាន់តែជាចំណុចអវិជ្ជមានដែលអ្នកត្រូវដឹងប៉ុណ្ណោះ មិនមែនជាការបំភ័យ ឬជាការហាមឃាត់ តែសូមឲ្យអ្នកគិតឲ្យបាន ដិតដល់ ហើយប្រសិនបើអាច លោកអ្នកក៏គួរធ្វើការប្រឹក្សា ជាមួយគ្រូពេទ្យជាមុន ទើបជាការប្រសើរបំផុត។

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់

profile.png
ចែមុំ លក់គ្រឿងអគ្គីសនីជីភូ 1 ឆ្នាំ មុន

Good to know that.

profile.png
Clinic Community 1 ឆ្នាំ មុន

Hope this can be useful to you and other readers :)

ឆ្លើយតប