ហេតុអ្វីមានការឈឺចាប់ និងឈាមក្រហមស្រស់ពេលបន្ទោបង់ ?

តើលោកអ្នកធ្លាប់មានការឈឺចាប់ និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ឫទេ ?
ប្រជាជនទូទៅតែងតែយល់ថា រាល់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត។ ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត។ រោគសញ្ញាខាងលើនេះ អាចបណ្ដាលមកពីមូលហេតុជាច្រើនដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមកគឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។

តើការដាច់រលាត់ទ្វារលាមក (Fissure anale) ជាអ្វី?
Fissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំង និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។

មូលហេតុនៃការដាច់រលាត់ទ្វារលាមកមូលហេតុសំខាន់ៗមាន៣គឺ៖
 ១- លាមករឹង
 ២- រាករូសខ្លាំង
 ៣-ស្ត្រីទើបនឹងសម្រាលរួច។
មូលហេតុកម្រផ្សេងៗទៀតមានដូចជា ជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ (Maladie de Cronh) ។ល។

តើវាជាជំងឺធ្ងន់ធ្ងរដែរឫទេ?
ភាគច្រើននៃជំងឺនេះ មិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ។ ក៏ប៉ុន្តែអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់ទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។  ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។

ការធ្វើរោគវិនិច្ឆ័យ
ដោយសារតែរោគសញ្ញាមានភាពស្រដៀងគ្នារវាងជំងឺផ្សេងៗ នៅនឹងបាត ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការសាកសួរយ៉ាងល្អិតល្អន់គួបផ្សំនឹងការពិនិត្យយ៉ាងម៉ត់ចត់។ រោគសញ្ញាសំខាន់ៗរួមមាន៖
•ឈឺចាប់ ឬ ក្រហាយផ្សាពេលកំពុង និងបន្ទាប់ពីបន្ទោបង់
•មានឈាមពណ៌ក្រហមស្រស់បន្តិចបន្តួចតាមបាតពេលបន្ទោបង់
•រមាស់ទ្វារលាមក។

វិធីព្យាបាល
១. ការព្យាបាលដោយថ្នាំ
ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ
គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូសកាមរោគ របេង ។ល។)។ ហើយក៏មានថ្នាំលាបជួយឲ្យឆាប់សះស្បើយ និងថ្នាំលេបបំបាត់ការឈឺចាប់។
២. ការវះកាត់
ការព្យាបាលអាចឈានទៅដល់ការវះកាត់ក្នុងករណី៖
•ជំងឺរ៉ាំរ៉ៃមិនជាសះស្បើយ បន្ទាប់ពីការព្យាបាលដោយការប្រើថ្នាំ
•ការដាច់រលាត់ដែលបង្ករោគ ឬក្លាយជាបូស
•មានរោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកបាត។

វិធីបង្ការកុំឲ្យកើតជំងឺនេះ
វិធីការពារ គឺការបរិភោគបន្លែផ្លែឈើទឹកស្អាតឲ្យបានច្រើន និងហាត់ប្រាណ ដើម្បីបង្ការលាមករឹង ឬរាក។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសថ្លើម ក្រពះ ពោះវៀន និងឫសដូងនៃគ្លីនិក អេគីប ដែលបានបញ្ចប់ការសិក្សានៅប្រទេសបារាំង

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់