មហោស្រពផ្លាស់ប្តូរវប្បធម៌កម្ពុជា-ជប៉ុន ដ៏ធំជាងគេមួយប្រចាំឆ្នាំ២០១៧!

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា គឺជាកម្មវិធីមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ដើម្បីផ្សព្វផ្សាយ និងចែករំលែកវប្បធម៌របស់ប្រទេសជប៉ុនទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនជប៉ុន និងដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។

មិនខុសគ្នាពីឆ្នាំមុន មហោស្រពគីហ្សូណាបើកសេរីចំពោះអ្នកចូលរួម ដែលធ្វើឡើងនៅCJCCពីម៉ោង៨ព្រឹក ដល់ម៉ោង ៨ល្ងាច ដោយចាប់ផ្តើមពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈខាងមុខនេះ ជាមួយនឹងប្រធានបទ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់ តែមួយជើង គឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ មហោស្រពគីហ្សូណាឆ្នាំនេះមានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀតដូចជាមានការចូលរួមពីសំណាក់ក្រុមសិល្បករវ័យក្មេងដ៏ល្បីឈ្មោះនៅប្រទេសជប៉ុនគឺ Tempura Kidz រួមជាមួយនឹងអ្នកចម្រៀង Original Song ដែលមានឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺលោក ថេណា -Tena។

មិនត្រឹមតែប៉ុណ្ណោះ មហោស្រពនេះក៏មានវគ្គបង្ហាញអំពីសិល្បៈបែបវប្បធម៌ដូចជា ចាប៉ីដងវែង និងល្ខោនខោលជាដើម។ ក្រៅពីមានកម្មវិធីសិល្បៈ មហោស្រពនេះ ក៏មានការតាំងបង្ហាញស្តង់ដែលមានការចូលរួមពីបណ្តាសំណាក់ដៃគូអាជីវកម្មតាមផ្នែកនីមួយៗដូចជា សិល្បៈ ម្ហូបអាហារ តំបន់ទេសចរណ៍   ភេសជ្ជៈ និងសិប្បកម្មធ្វើដោយដៃជាដើម។

មិនមានភាពខុសប្លែកពីឆ្នាំមុន គឺមានការប្រកួតការស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន Yukata ពីសំណាក់និស្សិតខ្មែរដែលសិក្សាភាសាជប៉ុន នៅតាមបណ្តាសាលានានានៅរាជធានីភ្នំពេញ។

បន្ទាប់ពីអ្នកចូលរួមទស្សនាស្តង់ដែលតាំងបង្ហាញរួចហើយ អ្នកក៏អាចចូលរួម សិក្ខាសាលាដែលមាននិយាយអំពីបញ្ហាសុខភាព សិល្បៈ ការអប់រំ និង សម្រស់ផងដែរ។ កាន់តែពិសេសទៅទៀតនោះ អ្នកចូលរួមមិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និង ចំណេះដឹងនោះទេ អ្នកក៏មានឱកាសទទួលបានរង្វាន់ជាច្រើនដូចជាគូប៉ុង និងរង្វាន់ផ្សេងជាច្រើនទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មហោស្រពក៏មានការប្រគុំតន្ត្រី និង ការរាំលេងកម្សាន្តសប្បាយ ដើម្បីបិទកម្មវិធីផងដែរ។

កម្មវិធីមហោស្រពគីហ្សូណា អាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយ ANA Airlines និងមានការគាំទ្រដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ភេសជ្ជៈ Aquarius ជាអ្នកគាំទ្រពិសេស ព្រមទាំងមានការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជប៉ុន និងកម្ពុជាជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា មហោស្រពគីហ្សូណាកម្ពុជា-ជប៉ុននេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center  ប្រចាំប្រទេសកម្ពុជា។

ពាក្យទាក់ទង


មតិយោបល់

profile.png
Dimanche 2 ឆ្នាំ មុន

Great article with nice writer. Kizuna is going to be great and more participants through the media like Health Time Corp does like this. Thank you so much for your nice cooperation with CJCC.