អាហារបំប៉នដែលសំខាន់សម្រាប់ពេលអស់រដូវ

ស្របពេលជាមួយនឹងបម្រែបម្រួលផ្នែកសរីរៈជាច្រើនដែលអាចកើតមាននៅអំឡុងពេលអស់រដូវរបស់ស្ត្រី ការផ្លាស់ប្តូរដែលកើតឡើងដោយសារតែការវិវឌ្ឍនៃភាពចាស់ជរា ក៏ចូលរួមធ្វើឲ្យជីវិតរបស់ស្ត្រីអស់រដូវទទួលរងការផ្លាស់ប្តូរកាន់តែខ្លាំងផងដែរ។

ជាក់ស្តែង ស្ត្រីប្រហែល ៧៣%បានរាយការណ៍អំពីរោគសញ្ញាកង្វល់មួយចំនួនដែលកើតមានក្នុងអំទ្បុងពេលអស់រដូវ ដោយក្នុងនោះរោគសញ្ញាដែលកើតទ្បើងញឹកញាប់បំផុតគឺ ការក្តៅក្រហាយនិងរលាកទ្វារមាស។ រោគសញ្ញាដទៃទៀតរួមមានឆាប់ខឹង ទុក្ខព្រួយ បែកញើសពេលយប់ ញ័របេះដូងរវើរវាយ ស្បែកជ្រីវជ្រួញ ពុកឆ្អឹង ថយប្រព័ន្ធភាពសុំា និងខ្សោយសាច់ដុំ។ ចំពោះផលវិបាករយៈពេលយូរអាចជាការបង្កឲ្យស្ទះសរសៃឈាមបេះដូងបញ្ហាសន្លាក់ឆ្អឹង កោសិកាភ្ជាប់ និងបញ្ហាប្រព័ន្ធសរសៃប្រសាទ។
ដោយឡែក ផលរំខានជាច្រើននៃអ័រម៉ូនជំនួសដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអាការៈរោគរបស់ស្ត្រីអស់រដូវ ធ្វើឲ្យតម្រូវការនៃអាហារបំប៉នមានការកើនទ្បើង។ ក្នុងនោះផងដែរ ជាមួយនឹងមុខងារជាច្រើនរបស់ isoflavones ក្នុងសណ្តែកសៀង Lycopene ធាតុចម្រាញ់ពីតែបៃតង និងវីតាមីន C  ធ្វើឲ្យសារធាតុទាំងនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីអស់រដូវ។

1. Isoflavones ពីសណ្តែកសៀង
Isoflavones គឺជា flavonoids ដ៏សំខាន់ដែលបានរកឃើញនៅក្នុងបន្លែ ជាពិសេសនៅក្នុងសណ្តែកសៀង។ សកម្មភាពប្រឆាំងអ័រម៉ូន estrogen របស់ Isoflavones នៅក្នុងកោសិកាបន្តពូជជាលទ្ធផលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកដែលបង្កឡើងដោយអ័រម៉ូន (សុដន់ ស្បូន ក្រពេញប្រូស្តាត) ស្របពេលដែលសកម្មភាពដូចនឹងអ័រម៉ូនestrogen របស់វាទៅលើកោសិកាដទៃទៀតអាចជួយរក្សាលំនឹងឆ្អឹង ព្រមទាំងទម្រង់ជាតិខ្លាញ់ក្នុងឈាមផងដែរ។ ការប្រើប្រាស់សណ្តែក Isoflavones ត្រូវបានគេរកឃើញក្នុងការកាត់បន្ថយភាពញឹកញាប់នៃអាការៈក្តៅក្រហាយ ក៏ដូចជាភាពធ្ងន់ធ្ងរនៃអាការៈក្តៅក្រហាយខ្លាំងផងដែរ។ សណ្តែកIsoflavones ក៏អាចជួយផងដែរ ក្នុងការពង្រីកសរសៃឈាមដែលសម្របសម្រួលដល់អ្នកជំងឺគ្រោះថ្នាក់ដោយសារសរសៃឈាមបេះដូង។

2. ធាតុចម្រាញ់ពីតែបៃតង
ធាតុចម្រាញ់តែបៃតងសម្បូរទៅ epigallocatechin-3- gallate (EGCG) ដែលមានសកម្មភាពជាធាតុប្រឆាំងអុកស៊ីតកម្មប្រហែល ២៥-១០០ដង ល្អជាងវីតាមីនE និង C ។ តែបៃតងត្រូវបានយកមកសិក្សាយ៉ាងទូលំទូលាយលើមនុស្សសត្វ និង មន្ទីរពិសោធន៍។ លទ្ធផលគឺ តែបៃតងអាចជួយដល់ការព្យាបាលជំងឺរឹងសរសៃឈាមកូឡេស្តេរ៉ុលខ្ពស់ មហារីក ទឹកនោមផ្អែម និងថ្លើម។អ្នកស្រាវជ្រាវគ្លីនិកបង្ហាញថា តែបៃតងជួយបង្កើនមេតាប៉ូលីស និង ជួយបំផ្លាញជាតិខ្លាញ់ ថែមទាំងជួយសម្រកទម្ងន់ទៀតផង។ តែបៃតង ក៏អាចជួយក្នុងការការពារជំងឺ Parkinson ការថយចុះការយល់ដឹង និងជំងឺពុកឆ្អឹងផងដែរ។  ក្រៅពីនោះEGCG ក៏អាចការពារ ភាពខុសប្រក្រតី ដែលបង្កឡើងដោយការកាត់ក្រពេញអូវែ (ovariectomyinduced bladder dysfunction) ផងដែរ។

3. កាល់ស្យូម
តម្រូវការនៃកាល់ស្យូមនឹងកើនឡើងនៅពេលស្ត្រីឈានចូលវ័យអស់រដូវ។ កាល់ស្យូមផ្តល់ផលប្រយោជន៍ជាច្រើនចំពោះជំងឺលើសឈាម មហារីកពោះវៀនធំ លើសទម្ងន់ និងក្រួសក្នុងតម្រងនោមបើទោះបីជាឥទ្ធិពល និងយន្តការទាំងនោះមិនទាន់ត្រូវបានគេរកឃើញយ៉ាងពេញលេញក៏ដោយ។ដូច្នេះ ការទទួលទានជាតិកាល់ស្យូមពី ១២០០ទៅ ១៥០០ មីលីក្រាមក្នុងមួយថ្ងៃចំពោះស្ត្រីអស់រដូវត្រូវបានណែនាំ។ ទោះជាយ៉ាងណា ស្ត្រីអាចទទួលទានកាល់ស្យូមជារៀងរាល់ថ្ងៃក្រោយពីអស់រដូវ ក្នុងចន្លោះពី ៧០០ ទៅ ១២០០ មីលីក្រាមអាស្រ័យលើសង្គមរស់នៅរបស់ពួកគេផ្ទាល់។ កាល់ស្យូម ក៏ជួយបង្កើនឥទ្ធិពលនៃការធ្វើលំហាត់ប្រាណលើ BMD ចំពោះស្ត្រីក្រោយអស់រដូវផងដែរ ក៏ប៉ុន្តែ អត្ថប្រយោជន៍នេះអាចសង្កេតឃើញមានតែចំពោះអ្នកដែលទទួលទានកាល់ស្យូមប្រចាំថ្ងៃលើសពី ១000 មីលីក្រាមតែប៉ុណ្ណោះ។ ការផ្លាស់ប្តូរធំបំផុតទាក់ទងនឹងការថយចុះនៃដង់ស៊ីតេឆ្អឹងខ្នង និងកាល់ស្យូមឆ្អឹងសរុប កើតមានឡើងក្នុងរយៈពេល ៥ ឆ្នាំដំបូងបន្ទាប់ពីអស់រដូវ។ ដូច្នេះ៥ ឆ្នាំដំបូងបន្ទាប់ពីការរាំងរដូវគឺមានសារសំខាន់ក្នុងការប្រើប្រាស់ផលិតផលកាល់ស្យូមបន្ថែម។

4.Lycopene
ស្ត្រីរាំងរដូវងាយរងឥទ្ធិពលពីសកម្មភាពរបស់រ៉ាឌីកាល់សេរីយ៉ាងខ្លាំង ហេតុនេះ ពួកគេត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីអាចកាត់បន្ថយប្រតិកម្មអុកស៊ីតកម្ម និងកាត់បន្ថយជំងឺដែលទាក់ទងទៅនឹងភាពចាស់ជរា។ ក្រៅពីជាសារធាតុប្រឆាំងអុកស៊ីតកម្ម Lycopene ក៏មានសកម្មភាពជីវសាស្រ្តផ្សេងទៀតដូចជា ការគ្រប់គ្រងការរីកសាយនៃដុំមហារីក កាត់បន្ថយការខូចខាតនៃ DNA របស់កោសិកា និងរក្សាគម្លាតទំនាក់ទំនងរវាងកោសិកា។ លើសពីនេះទៅទៀតវាអាចជួយកាត់បន្ថយដំណើរនៃការរលាកផងដែរ។ ការទទួលទាន Lycopene ប្រចាំថ្ងៃ អាចកាត់បន្ថយការឈឺឆ្អឹង បង្កើនជាតិកាល់ស្យូម B3 និងវីតាមីន A D និង K ចំពោះស្ត្រីក្រោយអស់រដូវ។ដូច្នេះ Lycopene អាចបន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានទៀតផង។ Lycopene ក៏មានប្រយោជន៍ផងដែរចំពោះជំងឺមហារីកក៏ដូចជាអាចការពារស្បែកប្រឆាំងនឹង UV ដែលជួយកាត់បន្ថយការវិវឌ្ឍនៃភាពជ្រីវជ្រួញរបស់ស្បែកទៀតផង។

5.  វីតាមីនC
សារជាតិប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យសុខមាលភាពទូទៅកាន់តែប្រសើរឡើង។ ធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីនCអាចជួយបង្កើនមុខងារផ្នែកសរសៃឈាមចំពោះស្ត្រីក្រោយអស់រដូវដែលមានកង្វះអ័រម៉ូនអឺស្ត្រូសែន។ វីតាមីនC ក៏ដើរតួនាទីក្នុងការសំយោគកូឡេស្តេរ៉ុល ការស្រូបជាតិដែក និងបង្កើនការដឹកនាំរបស់សេលេនីញ៉ូមនៅក្នុងឈាម។ លទ្ធផលលើស្បែកទាក់ទងនឹងកង្វះវីតាមីនC គឺការផលិតមិនបានល្អនៃសារធាតុកូឡាជែនរបស់ស្បែក ដែលច្រើនបង្ហាញឡើងជាដំណើររីកធំ (Enlargement) និងងាប់នៃកោសិកាស្បែកស្រទាប់ខាងលើ (keratosis) របស់គល់រោមដែលជាទូទៅកើតមាននៅលើដើមដៃ ព្រមទាំងភាពរួញនៃរោមដែលត្រូវបានហៅថា corkscrew hairs។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់