ស្វែងយល់លម្អិតពីការបំបៅដោះកូនដែលម្តាយគ្រប់រូបគួរយល់ដឹង

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការចិញ្ចឹមកូនបែបធម្មជាតិដែលបានអាចបំពេញនូវរាល់តម្រូវការចំណីអាហារដែលមានសារធាតុចិញ្ចឹម និងជាតិទឹកគ្រប់គ្រាន់ក្នុងពេលតែមួយដល់ទារក។ វាផ្តល់នូវគ្រប់សារធាតុចិញ្ចឹមសម្រាប់រាងកាយរបស់ទារកអំឡុង៦ខែដំបូងនៃជីវិត។ លើសពីនេះទៀត ទឹកដោះម្តាយសុទ្ធក៏បានជួយបង្កើតទំនាក់ទំនងក្តីស្រលាញ់រវាងម្តាយ  និងទារកមួយផ្នែកធំផងដែរ។

គុណប្រយោជន៍ចំពោះកូន
•ទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការក្នុងរយៈពេល៦ខែដំបូងនៃជីវិត
•បំពេញជាតិទឹកបានពេញលេញ (មិនត្រូវការបន្ថែមជាតិទឹកផ្សេងៗ)
•ជួយបង្កើនការអភិវឌ្ឍនៃការលូតលាស់របស់ភ្នែក ប្រព័ន្ធប្រសាទ និងប្រព័ន្ធការពាររាងកាយនានា
•ធ្វើឲ្យរាងកាយទារកមានភាពប្រឆាំង និងទប់ទល់ការបង្ករោគ
•កាត់បន្ថយការកើនឡើងទម្ងន់ខុសធម្មតានៃទារកនៅវ័យកុមារ
•បង្កើតមុខងារការពាររាងកាយទារក នៅអំឡុងពេលប្រពន្ធ័ភាពស៊ាំរាងកាយកំពុងមានលូតលាស់។

ផលវិជ្ជមានចំពោះសុខភាពម្តាយ
•កាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ
•កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកដោះ និងមហារីកក្រពេញអូវែ
•មានភាពងាយស្រួល និងមានតម្លៃថោក
•ជាការលួងលោមដ៏មានប្រសិទ្ធភាពដល់កូនរបស់អ្នក
•ពន្យាពេលនៃការមកវដ្ដរដូវជាថ្មីរបស់អ្នក។

ការចាប់ផ្តើមបំបៅដោះដំបូង
ការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ អាចធ្វើឡើងនៅមួយម៉ោងដំបូងក្រោយការសម្រាលកូនរួច។ Colostrum  ជាទឹកដោះដំបូងដែលចេញពីដោះផ្ទាល់ វាមានពណ៌លឿងស្រាល ខាប់។ វាសម្បូរទៅដោយប្រូតេអ៊ីន និងប្រព័ន្ធភាពស៊ាំរាងកាយគ្រប់គ្រាន់ដែលជីវិតទារកត្រូវការចាំបាច់ក្នុងការចាប់ផ្តើមជីវិត។ ជាការប្រសើរ គួរឲ្យស្បែកម្តាយ និងស្បែកទារកមានការប៉ះផ្ទាល់ភ្លាមៗក្រោយសម្រាល ឬអាចឱបទារកឲ្យផ្អិបជាប់នឹងដើមទ្រូងរបស់អ្នកមួយរយៈ ដើម្បីជាឱកាសឲ្យទារកទើបកើតបានប៉ះផ្ទាល់នឹងក្បាលដោះម្តាយ និងអាចបៅដោះដោយខ្លួនឯង បើទោះជាមិនមានការជួយបន្ថែមក៏ដោយ។ សម្រាប់ស្ត្រីដែលមានកូនដំបូង អ្នកអាចសុំឲ្យធ្មបជំនាញ ឬអ្នកជំនាញបង្ហាញពីការឱបទារក និងការបំបៅកូនឲ្យបានត្រឹមត្រូវផងដែរ។

រយៈពេលនៃការបំបៅ
អំឡុងមួយសប្តាហ៍ក្រោយសម្រាលរួច ទារកអាចបៅដោះម្តាយពី៨ ទៅ១២ដងក្នុងរយៈពេល២៤ម៉ោង យ៉ាងណាមិញ ស្ត្រីក៏អាចបំបៅកូនលើសពីនេះ រាល់ពេលដែលទារកឃ្លានផងដែរ។ សញ្ញាខាងក្រោមនេះ អាចឲ្យស្ត្រីជាម្តាយដឹងបានថា ទារកបានបៅគ្រប់គ្រាន់ ឬយ៉ាងណា?
•កូនត្រូវបានបំបៅដោះយ៉ាងតិច៨ដងក្នុងមួយថ្ងៃ (រាប់ចូលទាំងពេលយប់ផងដែរ)
•ប្រើប្រាស់ខោទឹកនោមយ៉ាងតិច៥ ឬពី៦ ទៅ៨សម្រាប់ការប្រើប្រាស់ក្រណាត់កន្ទោប(មានភាពសើមខ្លាំង) ក្នុងមួយថ្ងៃ
•មានការកើនឡើងនៃការលូតលាស់ និងទម្ងន់គួរឲ្យកត់សម្គាល់
•ទារកភ្ញាក់ពីគេងដោយរីករាយ (មិនមានសម្លេងស្រែកយំ)។

ការផលិតទឹកដោះ
នៅពេលស្ត្រីបំបៅកូនដោយទឹកដោះផ្ទាល់ ការផ្គត់ផ្គង់គឺចាំបាច់ត្រូវស្មើនឹងតម្រូវការ។  គន្លឹះមួយចំនួនសម្រាប់បង្កើតនិងរក្សាឲ្យបាននូវការផ្គត់ផ្គង់ទឹកដោះបានគ្រប់គ្រាន់នោះរួមមាន៖
•ឲ្យទារកបៅរហូតទាល់តែវាលែងជញ្ជក់ ឬព្រលែងដោយខ្លួនឯង ប្រសិនមិនទាន់គ្រប់គ្រាន់ ស្ត្រីគួរដាក់ឲ្យបៅដោះម្ខាងទៀតបន្ថែម
•បំបៅនៅពេលយប់ ឲ្យបានប្រហាក់ប្រហែលនឹងពេលថ្ងៃ
•មិនគួរផ្តល់ចំណីអាហារ ឬសារធាតុរាវផ្សេងទៀតដល់ទារកឡើយ ពីព្រោះវាអាចឲ្យទារកលែងចង់បៅ និងកាត់បន្ថយការផ្គត់ផ្គង់ទឹកដោះរបស់អ្នកទៀត។

របៀបទូទៅនៃការបំបៅដោះ
•អង្គុយដោយទប់លំនឹងដោយខ្នង និងជើង ដោយអាចអង្គុយត្រង់ ឬផ្អែកខ្នងលើអ្វីនឹងមានលំនឹងមាំ
•ដាក់ទារកឱប ឬបីឲ្យបានជិតទ្រូងរបស់ម្តាយ
•បង្វែរខ្លួនទារកឲ្យបែរមកចំហៀងកៀកនឹងដើមទ្រូង ហើយធ្វើយ៉ាងណាឲ្យមាត់ និងច្រមុះរបស់ទារកនៅកម្ពស់ប្រហែលនឹងក្បាលដោះរបស់ម្តាយល្អ
•ត្រូវប្រាកដថាអ្នកទ្រក និងស្មារបស់ទារក តែកុំទ្រក្បាលរបស់គេ គួរឲ្យសារ៉េរកកន្លែងដែលមានផាសុកភាពសម្រាប់គេបំផុតដោយខ្លួនឯងពេលដែលបៅដោះរបស់អ្នក
•ត្រដុសថ្នមៗលើមាត់របស់ទារកជាមួយនឹងផ្នែកខាងក្រោមនៃដោះរបស់អ្នក ជាទូទៅការធ្វើបែបនេះនឹងធ្វើឲ្យទារកហាមាត់យ៉ាងធំដោយខ្លួនឯង

សញ្ញាដែលទារកបៅបានល្អ
•ចង្កាទារកស្ថិតនៅកៀកនឹងដោះម្តាយ ហើយមាត់បើកធំ ដោយបបូរមាត់ខាងក្រោមកោងទៅក្រោយ
•ច្រមុះរបស់ទារកមិនមានអ្វីបាំងបិទ ឬរាំងស្ទះ ឬគ្រាន់តែប៉ះជាមួយរង្វង់ក្បាលដោះ
•ថ្ពាល់របស់ទារកមិនគួរបឺតជាប់នោះទេ ហើយក៏មិនគួរមានសំលេងប្លែកពេលដែលបៅឡើយ
•ម្តាយមិនមានការឈឺចាប់នៅក្បាលដោះទេ ប៉ុន្តែម្តាយអាចមានការស្រៀវពេលវាសម្រកនឹងការបៅជញ្ជក់របស់កូន។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់