មានអ្នកចូលរួមជាច្រើននាក់ បានផ្តាច់និស្ស័យនឹងបញ្ហាផ្លូវចិត្ត ក្នុងកម្មវិធីMIND

កាលពីថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree មានការចូលរួមពីសំណាក់អ្នកស្រលាញ់ និងព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តជាច្រើនរូបបានចូលរួមក្នុងកម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» ដែលត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។ 
គួរបញ្ជាក់ផងដែរថា កម្មវិធី«MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» បាននាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាថកាថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។ ក្រោយពីការប្រកាសបើកកម្មវិធីដោយលោកនាយកប្រតិបត្តិនៃក្រុមហ៊ុនហេលស៍ថាមខប អ្នកចូលរួមទាំងអស់ក៏បានចាប់ផ្តើមនូវចលនាយោគៈក្រោមការបង្ហាត់បង្ហាញយ៉ាងច្បាស់លាស់ដោយលោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center មុននឹងទទួលទានអាហារសម្រន់ដែលក្រុមការងារបានរៀបចំជូន។ បន្ទាប់ពីបំពេញថាមពលដោយអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ហើយ លោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ក៏បានចាប់ផ្តើមនូវវគ្គសមាធិជាមួយនឹងការសម្របសម្រួលប្រកបដោយជំនាញ និងភាពក្បោះក្បាយ ដោយតម្រូវឲ្យអ្នកចូលរួមអនុវត្តតាមដោយចិត្តស្ងប់ និងកាត់ផ្តាច់ខ្លួនពីរឿងរ៉ាងខាងក្រៅផ្សេងៗមួយរយៈ។ ក្រោយមក លោកវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ក៏បានចូលរួមចែករំលែកអំពីបញ្ហាសុខភាពផ្លូវចិត្តដែលសាធារណជនគួរយល់ដឹង និងប្រុងប្រយ័ត្ន មុននឹងឈានចូលវគ្គថ្លែងបាឋកថាដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមដែលមានបញ្ហាទាក់ទិននិងសុខភាពផ្លូវចិត្តក៏បានជួបប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីស្រាយចម្ងល់ដែលខ្លួនមានផងដែរ។
ជាចំណែកមួយក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្តនៃសាធារណជន កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានមតិយោបល់វិជ្ជមានជាច្រើនអំពីសំណាក់អ្នកចូលរួមកម្មវិធី…
Healthogo ក៏សន្យាថានឹងរៀបចំនូវកម្មវិធីជាបន្តបន្ទាប់ទៀត ដើម្បីជួយលើកកម្ពស់សុខភាពផ្លូវកាយ និងចិត្តនៃប្រជាជនកម្ពុជា…សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo  និងការផ្តល់ជូនដំណឹងនៅក្នុងAppផ្ទាល់ សម្រាប់កម្មវិធីលើកក្រោយទៀត…

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់