អាកាសធាតុក្តៅ និងជំងឺទឹកនោមផ្អែម

តើអាកាសធាតុក្តៅអាចប៉ះពាល់យ៉ាងដូចម្តេចដល់អ្នកជំងឺទឹកនោមផ្អែម?
ជាការពិតណាស់ នៅពេលដែលអាកាសធាតុក្តៅខ្លាំង វាអាចមានកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែមបាន។ មនុស្សយើងគ្រប់គ្នា រាល់សារធាតុទឹកក្នុងខ្លួនទាំងអស់ ត្រូវបានបញ្ចេញចោលទៅកាន់មជ្ឈដ្ឋានខាងក្រៅ តាមរយៈ ៖
- ការដកដង្ហើម
- ការបែកញើស
- តាមទឹកនោម
- តាមការបន្ទោរបង់លាមក

ហេតុដូចនេះ គេសង្កេតឃើញថា នៅពេលដែលមានអាកាសធាតុក្តៅខ្លាំង បណ្តាលឲ្យអ្នកជំងឺទឹកនោមផ្អែម បង្កើនការបាត់បង់ជាតិទឹកកាន់តែច្រើន ជាពិសេសតាមរយៈការបែកញើស ប្រសិនបើពួកគាត់មិនបានបង្គ្រប់ជាតិទឹកឲ្យបានគ្រប់គ្រាន់។ នៅពេលដែលមានកង្វះជាតិទឹក បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ជាហេតុនាំឲ្យអ្នកជំងឺមានអាការៈនោមច្រើន ដែលនេះវាកាន់តែបង្កឲ្យកង្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ។ 

ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែម ប្រើប្រាស់ការចាក់ថ្នាំអាំងស៊ុយលីន នោះកង្វះជាតិទឹកអាចបង្កឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ដូច្នេះ វានាំឲ្យជាតិស្កររបស់អ្នកជំងឺមិនអាចគ្រប់គ្រងបានល្អ។
 
តើអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្នអ្វីខ្លះនៅពេលអាកាសធាតុក្តៅ?
- ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេស ត្រូវទទួលទានទឹកបន្ថែមនៅពេលដែលធើ្វការក្រោមកំដៅថ្ងៃ ធ្វើការដែលមានការបញ្ចេញពលកម្មច្រើន ឬនៅពេលហាត់ប្រាណ។
- ត្រូវព្យាយាមតាមដានជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់តាមដែលអាចទៅរួច ព្រោះថានៅពេលដែលក្តៅខ្លាំង អ្នកជំងឺបើកញើស អាចឲ្យអ្នកជំងឺភាន់ច្រឡំនឹងអាការៈនៃការចុះជាតិស្ករ។ ដូច្នេះប្រសិនបើអ្នកជំងឺទឹកនោមផ្អែម ដែលងាយ ឬឧស្សាហ៍ចុះជាតិស្ករញឹកញាប់ គួរតែដាក់ចំណីអាហារបន្តិចបន្តួច (អាចជាស្ករគ្រាប់ ឬនំ) តាមខ្លួនដើម្បីទទួលទាន។ ឧទាហរណ៍ នៅពេលហាត់ប្រាណ
- ត្រូវការពារថ្នាំព្យាបាលទឹកនោមផ្អែមរបស់លោកអ្នក រួមទាំងថ្នាំគ្រាប់សម្រាប់លេប និងថ្នាំប្រភេទសម្រាប់ចាក់។ ចូរចៀសវាសការទុកឱសថទាំងអស់នោះនៅទីកន្លែងដែលមានកម្តៅខ្លាំង ជាពិសេសត្រូវពន្លឺថ្ងៃ។ ប្រសិនបើជាប្រភេទថ្នាំចាក់ គួរតែទុកដាក់ឲ្យត្រឹមត្រូវក្នុងធុង ឬទូរទឹកកក។
- ប្រសិនបើអ្នកជំងឺដែលធ្វើការផ្ទាល់ក្រោមពន្លឺថ្ងៃ ក្រៅអំពីការទទួលទឹកបន្ថែមឲ្យបានច្រើន គាត់គួរប្រុងប្រយត្នផងដែរនូវការរលាកស្បែកដោយសារកម្តៅថ្ងៃ។ ចូរការពារស្បែកដោយពាក់អាវដៃវែង ឬធ្វើយ៉ាងណារកអ្វីមកគ្រប់ដណ្តប់ ឬក៏អាចប្រើប្រាស់ក្រែមការពារពន្លឺថ្ងៃដែលមានគុណភាព មកលាបដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់កាំរស្មីព្រះអាទិត្យមកលើស្បែក។

បកស្រាយដោយលោក វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ)

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

ពាក្យទាក់ទង


មតិយោបល់

profile.png
LY Soraksa 1 ឆ្នាំ មុន

គេថាជម្ងឺទឺកនោមផ្អែមព្យាបាលអត់ជាទេ តើពិតដែរឬទេ?