បុណ្យ Ramadan និងជំងឺទឹកនោមផ្អែម

ពិធីបុណ្យ រ៉ម៉ាទន ឬ រ៉ាម៉ាដន ឬ Ramadan គឺជាពិធីកម្មសាសនាដ៏មានសារៈសំខាន់ និងមានអត្ថន័យរបស់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកអ៊ីស្លាម។ យើងស្គាល់ថាជា ខែបួសរបស់សាសនិកអ៊ីស្លាម ក្នុងឆ្នាំ២០១៨នេះ ចាប់ផ្តើមពីថ្ងៃទី ១៧ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា។ 

ដោយផ្អែកទៅលើកាត្វកិច្ចដែលត្រូវអនុវត្តក្នុងអំឡុងខែបួសនេះ ពុកម៉ែបងប្អូនដែលមានជំងឺទឹកនោមផ្អែម ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នមួយចំនួន។

តើអ្នកជំងឺទឹកនោមផ្អែម ត្រូវយល់ដឹងអំពីអ្វីខ្លះនៅក្នុងអំឡុងខែរ៉ម៉ាទន?
ជាការពិតណាស់ បញ្ហាមួយចំនួនដែលពួកគាត់អាចជួបប្រទះ មានដូចជា៖
-ជាតិស្ករចុះខ្លាំង ៖ ដោយសារតែមិនអាចហូបអាហារគ្រប់គ្រាន់ដូចសព្វមួយដង ឬក៏ដោយសារកម្រិតនៃការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករមិនបានកែតម្រូវក្នុងអំឡុងខែបួស។
-ជាតិស្ករឡើងខ្លាំង ៖ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមដែលមានកង្វះអាំងស៊ុយលីននៅក្នុងឈាមខ្លាំង និងស្ថិតក្នុងពេលមិនបរិភោគអាហារច្រើនម៉ោង នៅពេលនោះជាតិស្ករដែលស្តុកទុកជាទម្រង់ គ្លីកូជេន Glycogen ត្រូវបានយកមកប្រើ ដើម្បីបំលែងជាជាតិស្ករ Glucose។ ដំណាក់កាលបន្ទាប់មកទៀត សារពាង្គកាយនឹងបន្តទាញយក ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ ដើម្បីយកមកប្រើប្រាស់ជាប្រភពថាមពល។ ជាពិសេស បើខ្លួនប្រាណយើងដុតជាតិខ្លាញ់យកមកធ្វើថាមពលច្រើន វានឹងធ្វើឲ្យមានសំណល់សារធាតុមួយ គឺពពួក Ketones កើនឡើងក្នុងឈាម។ នៅពេលនោះវានឹងបង្កឲ្យមាន Diabetic Ketoacidosis (DKA) កើតឡើង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
-ការបាត់បង់ជាតិទឹកក្នុងខ្លួន ៖ ជាពិសេស ក្នុងអំឡុងពេលថ្ងៃ និងចំពោះអ្នកដែលធ្វើការ ឬបញ្ចេញពលកម្មច្រើន។ នៅពេលបាត់បង់ជាតិទឹកខ្លាំង វាអាចបណ្តាលឲ្យសម្ពាធឈាមចុះ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែមិនមានលំនឹង។
 
តើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើដូចម្តេចក្នុងអំឡុងខែបួស ឬ រ៉ម៉ាទន?
ដោយសារតែការប្រតិបត្តិក្នុងបុណ្យរ៉ម៉ាទន គឺជាទំនៀមទម្លាប់របស់សាសនា ដែលប្រជាជនអ៊ីស្លាមតែងតែខិតខំគោរពតាមយ៉ាងខ្ជាប់ខ្ជួរ។ ក៏ប៉ុន្តែ គួរថ្លឹងថ្លែងអំពីសារៈសំខាន់ និងសុខភាពផ្ទាល់ខ្លួនផងដែរ ព្រោះប្រសិនបើសុខភាពបងប្អូនមានកម្រិតមិនសមប្រកប គួរណាតែចៀសវាងការប្រតិបត្តិតាមការគួរ។ យ៉ាងណាមិញ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមដែលសម្រេចចិត្តនឹងប្រតិបត្តិពិធីកម្មក្នុងខែបួសនេះ ពួកគាត់គួរយល់ដឹង និងអនុវត្តចំនុចមួយចំនួនដូចជា ៖
-ពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមរបស់បងប្អូន ដើម្បីរៀបចំការព្យាបាលជូនបងប្អូននៅក្នុងរយៈពេលពិសេសនេះ។ មានឳសថគ្រាប់មួយចំនួន និងជាប្រភេទថ្នាំចាក់ ដែលគួរតែត្រូវសម្របសម្រួលកម្រិតដោយប្រុងប្រយ័ត្នបំផុតក្នុងអំឡុងពេលនេះដែរ។
-គួរតែព្យាយាមធ្វើការតាមដានជាតិស្ករក្នុងសរសៃឈាមរបស់បងប្អូនឲ្យបានញឹកញាប់ ជាពិសេសនៅពេលថ្ងៃ ឬ នៅពេលដែលមានរោគសញ្ញាចុះជាតិស្ករ ឬនៅពេលមានអាការៈចង្អោរ ក្អួតនិងអស់កម្លាំងល្ហិតល្ហៃ។
-កត្តារបបអាហារជារឿងមួយចាំបាច់បំផុត។ ដោយសារតែក្នុងអំឡុងពេលខែបួស តម្រូវឲ្យតមអាហារ សូម្បីតែទឹកនៅពេលថ្ងៃ ដូច្នេះដើម្បីបង្ការនូវការចុះជាតិស្ករក្នុងពេលថ្ងៃ បងប្អូនគួរតែបរិភោគជំពូកអាហារណាដែលអាចផ្តល់ថាមពលគ្រប់គ្រាន់ និងរយៈពេលយូរ ដើម្បីទ្រទ្រង់នូវសារពាង្គកាយ នៅពេលដែលត្រូវបានអនុញ្ញាតឲ្យទទួលទានអាហារបាន។ អាហារទាំងនោះជាពពួកសារធាតុម្យ៉ាងដែលគេហៅថា Complex carbohydrates ដែលវាជាបណ្តុំនៃម៉ូលេគុលជាតិស្ករ រួមមានទាំងសារជាតិសរសៃ fiber និងវីតាមីនមួយចំនួន។ Complex carbohydrates មាននៅក្នុង គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ដែលវាត្រូវបានរំលាយ និងស្រូបយកសារជាតិចិញ្ចឹមយឺតៗចូលទៅក្នុងឈាម។
-ការធ្វើលំហាត់ប្រាណ គឺជាវិធានការមួយដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក៏ប៉ុន្តែ ស្ថិតក្នុងរយៈពេលខែបួសនេះ រាល់សកម្មភាពហាត់ប្រាណ ឬបញ្ចេញពលកម្មមួយចំនួនគួរត្រូវមានការកំណត់។ ធ្វើយ៉ាងណា ដើម្បីចៀសវាងឲ្យបាននូវការចុះជាតិស្ករពេក និងការបាត់បង់ជាតិទឹកនៅពេលបញ្ចេញពលកម្មទាំងនោះ។
-ប្រសិនបើចាំបាច់ខ្លាំង ដូចជាក្នុងករណីចុះជាតិស្ករខ្លាំង ដោយអ្នកជំងឺមានអាការៈញ័រដៃជើង បើកញើសស្អឹតជាដើម ជាពិសេសនៅពេលថ្ងៃ បងប្អូនគួរតែពិចារណាផ្អាកការតមអាហារ ដើម្បីទទួលទានអាហារធ្វើឲ្យជាតិស្ករត្រឡប់មកធម្មតាវិញ។ នៅក្នុងករណីសុខភាពមិនអំណោយផលនេះ គឺអាចជាកត្តាជួយឲ្យបងប្អូនសម្រេចថា តើបងប្អូនអាចចូលរួមប្រតិបត្តិក្នុងខែបួសនេះដែរឬទេ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង  មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់