សកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី

ព្រឹកថ្ងៃអាទិត្យ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួនជិត៣០០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២៩៧នាក់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣,៥៩១នាក់ នៅវត្តអង្គនាល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយ​ ឯកឧត្ដម​លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩​ លោក នួន ថារ័ត្ន សមាជិកអចិន្ត្រៃ សសយក លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់ លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបសេដ្ឋ លោក ឆាយ សត្យា ប្រធានសសយក ក្រសួងផែនការ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ(លោកវេជ្ជ តូច យ៉ាន អនុប្រធានទី១ សកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី)។

ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២,៥៤៤ (ពីរពាន់ ប្រាំរយ សែសិបបួន)នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៩៨,០៦៣នាក់​(ម្ភៃប្រាំបួនម៉ឺន ប្រាំ៣ពាន់ សូន្យរយ ហុកសិបបីនាក់)៕

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់