ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម 

និយមន័យ
ជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម គឺជាការបង្ករោគតាមផ្លូវប្រព័ន្ធទឹកនោម រួមមានតម្រងនោម បំពង់បង្ហូរនោម ប្លោកនោម បង្ហួរនោម និងក្រពេញប្រូស្តាត(បុរស) ដែលភាគច្រើនកើតក្នុងប្លោកនោមជាសរីរាង្គផ្ទុកទឹកនោម។ វាជាប្រភេទជំងឺឆ្លងកើតច្រើនជាងគេ ជួរទី២ នៃជំងឺឆ្លងផ្សេងទៀត ហើយស្ត្រីមានច្រើនជាងបុរស ១០ដងដោយសារតែកាយវិភាគវិទ្យា(Anatomy)។

ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងជាតិស្ករឱ្យបានត្រឹមត្រូវ អាចមានហានិភ័យទ្វេដងក្នុងការឆ្លងមេរោគតាមផ្លូវប្រព័ន្ធទឹកនោម។ 

មូលហេតុ និងកត្តាប្រឈម
•កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនបានគ្រប់គ្រងត្រឹមត្រូវល្អ
•ស្ករនៅក្នុងទឹកនោមជួយជំរុញការលូតលាស់របស់បាក់តេរី
•ប្លោកនោមមិនបានបញ្ចេញទឹកនោមចោលទាំងស្រុងដោយសារប្រព័ន្ធសរសៃប្រសាទត្រូវបានប៉ះពាល់
•ភាគច្រើនជាស្ត្រីព្រោះបង្ហួរនោមមានលក្ខណៈកាយវិភាគវិទ្យាត្រង់ និងខ្លី ដែលជាកត្តាបង្កើនការចម្លងមេរោគ ឬបាក់តេរី
•មានជំងឺទឹកនោមផ្អែមលើសពី១០ឆ្នាំ
•មានផលវិបាកជំងឺទឹកនោមផ្អែមរួចជាស្រេចដែលប៉ះពាល់តម្រងនោម ឬសរសៃឈាម  
•អ្នកជំងឺធ្លាប់មានការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមក្នុងឆ្នាំមុនហើយវាក៏មានហានិភ័យខ្ពស់នៃការកើតឡើងម្តងទៀត។

តើពេលណាលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត?
ដើម្បីជៀសវាងការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាមួយឬច្រើនកើតឡើងដូចខាងក្រោម:
•ក្ដៅខ្លួន ឬញាក់
•នោមញឹកញាប់ 
•នោមរអាក់រអួល 
•នោមមានអាការៈក្រហាយ ឬឈឺ
•ទឹកនោមមានកករ ពណ៌ស្រអាប់ ឬមានឈាម 
•ទឹកនោមមានក្លិនមិនល្អ 
•ឈឺពោះនៅពេលនោម ជាពិសេសនៅលើថ្ងាស់(ផ្នែកខាងក្រោមនៃពោះ) ឬឈឺចង្កេះ

ការធ្វើរោគវិនិច្ឆ័យ
វេជ្ជបណ្ឌិតនឹងធ្វើការស្នើសុំធ្វើតេស្តទឹកនោមរបស់លោកអ្នក ដើម្បីស្វែងរកមេរោគប្រភេទបាក់តេរី។ តេស្តផ្សេងទៀតអាចប្រើផងដែរដូចជា អេកូពោះ MRI និង ស៊ីធីស្កែន(CT scan) ជាពិសេសប្រសិនបើលោកអ្នកនៅតែមានការរលាកផ្លូវប្រព័ន្ធទឹកនោម។

ការព្យាបាល
ប្រសិនបើតេស្តទឹកនោមមានសញ្ញាឆ្លងប្រភេទបាក់តេរី នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះអង់ទីប៊ីយ៉ូទិច ដែលជាធម្មតាសម្រាប់ញ៉ាំពី ៥ ទៅ ៧ ថ្ងៃ (ប៉ុន្តែវាអាចប្រើរយៈពេលវែង បើជំងឺឆ្លងនេះមានសភាពធ្ងន់ធ្ងរ)។ ជាមួយគ្នានេះប្រភេទថ្នាំដែលជួយបន្ថយភាពឈឺចាប់ និងក្រហាយត្រូវបានគេប្រើប្រាស់ផងដែរ។

វិធីការពារ
•ព្យាយាមគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានល្អនៅក្នុងកម្រិតគោលដៅ
•រក្សាអនាម័យផ្ទាល់ខ្លួនដោយលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់
•លាង ឬជូតសំអាតពីមុខទៅក្រោយ បន្ទាប់ពីបន្ទោរបង់
•កុំដំអក់យូរទៅនោម(បើឈឺនោម)
•ផឹកទឹកអោយបានគ្រប់គ្រាន់
•បត់ជើងតូចបនា្ទប់ពីមានការរួមភេទដើម្បីបញ្ចេញចោលមេរោគ
•បញ្ឈប់ការជក់បារី

ម្យ៉ាងទៀតមានការសិក្សាមួយចំនួនទៅលើទឹកផ្លែឈើហ្គេនបឺរី Cranberry បានបញ្ជាក់ថា អាចប្រើក្នុងការព្យាបាល ឬការពារជំងឺឆ្លងតាមផ្លូវប្រព័ន្ធទឹកនោម។ សូមផឹកទឹកផ្លែឈើហ្គេនបឺរី ដែលមានជាតិស្ករតិច ឬផឹកគ្រាប់ថ្នាំហ្គេនបឺរីជំនួយ៕

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់