ជំងឺទឹកដក់ក្នុងភ្នែក ឬចោរលួចគំហើញស្ងាត់ៗ

យើងខ្ញុំគិតថា លោកលោកស្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា ពិតជាធ្លាប់ស្គាល់ និងបានដឹងថាអ្វីជាជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែន និងជំងឺបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលស្គាល់ពីជំងឺទឹកដក់ក្នុងភ្នែក។ បើយោងតាមសៀវភៅស្តីអំពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០១៦-២០២០   ដែលបានបោះពុម្ភដោយ កម្មវិធីជាតិសុខភាពភ្នែក ក្នុងខែកញ្ញា ២០១៧ យើងសង្កេតឃើញថា «ជំងឺទឹកដក់ក្នុងភ្នែកមាន ៣.១% នៃភាពពិការភ្នែក និងមានប្រជាជនកម្ពុជាប្រមាណជា ៣០ ០០០នាក់ មានជំងឺទឹកដក់ក្នុងភ្នែករ៉ាំរ៉ៃ»។   បន្ថែមពីលើនេះ ប្រជាជនប្រមាណជា ៩០ ០០០នាក់ទៀតត្រូវបានគេសង្ស័យថាមានជំងឺទឹកដក់ក្នុងភ្នែក  ជាពិសេសជាងនេះទៅទៀត  ជំងឺមួយនេះក៏ជាមូលហេតុចម្បងទី៤  ដែលបណ្ដាលឲ្យមានភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។

ការយល់ដឹងពីជំងឺទឹកដក់ក្នុងភ្នែក
ភ្នែក ជាសរីរាង្គសំខាន់មួយចាំបាច់សម្រាប់មនុស្សម្នាក់ៗក្នុងការរស់នៅប្រចាំថ្ងៃ ដែលមានតួនាទីចម្បង គឺការមើលឃើញ ឬហៅថា “គំហើញ’’។ ជាទូទៅ មនុស្សយើងអាចមើលឃើញបានដោយអាស្រ័យលើកត្តាបីយ៉ាង គឺមុខងារគ្រាប់ភ្នែក ខួរក្បាល និងខ្សែបញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅខួរក្បាលមានលក្ខណៈល្អ។ កាលណាកត្តាណាមួយក្នុងចំណោមកត្តាទាំងបីនេះមានបញ្ហា នោះគំហើញក៏មានបញ្ហាដែរ។

ជាក់ស្តែង ចំពោះជំងឺទឹកដក់ក្នុងភ្នែក គឺអ្នកជំងឺមានបញ្ហាទៅលើសរសៃអ៊ុបទិក ( Optic nerve ជាខ្សែបញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅខួរក្បាល)   ដោយសារការកើនឡើងសម្ពាធនៅក្នុងភ្នែក។ នៅពេលដែលសម្ពាធនៅក្នុងភ្នែកកើនឡើង សរសៃអ៊ុបទិកដែលស្ថិតនៅផ្នែកខាងក្រោយភ្នែកនឹងរងការគាបសង្កត់ជាប្រចាំនាំឲ្យវាខូចដោយធ្វើឲ្យដែនគំហើញរបស់អ្នកជំងឺបាត់បង់ឬរួមតូចទៅៗរហូតដល់មើលមិនឃើញទាំងស្រុង។

សូមបញ្ជាក់ថា សរសៃអ៊ុបទិកជាកោសិកាខួរក្បាល ដូច្នេះប្រសិនបើវាមានការខូចខាត វាមិនអាចដុះរីកលូតលាស់មកដូចធម្មតាបាននោះទេ។ ដោយយោងតាមហេតុផលខាងលើ ក្រោយការព្យាបាល ដែនគំហើញដែលបាត់របស់អ្នកជំងឺមិនអាចត្រឡប់មកធម្មតាបាននោះទេ ប្រសិនបើមុនការព្យាបាលអ្នកជំងឺមានការប៉ះពាល់ទៅលើសរសៃអ៊ុបទិកធ្ងន់ធ្ងរ។ ការព្យាបាលជំងឺនេះ គឺតម្រូវឲ្យអ្នកស្វែងរកជំងឺនេះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺទឹកដក់ នឹងចាប់ផ្តើមព្យាបាលមុនពេលមានបញ្ហាប៉ះពាល់ទៅលើសរសៃអ៊ុបទិក និងមុនពេលមានការបាត់ដែនគំហើញ។

លក្ខណៈទូទៅនៃប្រព័ន្ធទឹកនៅក្នុងភ្នែក និងដែនគំហើញ
នៅក្នុងគ្រាប់ភ្នែករបស់យើងមានចរន្តទឹកហូរដ៏អស្ចារ្យមួយ ដោយហេតុតែមានតុល្យភាពរវាងការផលិតទឹក  និងការស្រូបទឹកចេញពីគ្រាប់ភ្នែកបាតុភាពនេះធ្វើឲ្យកើតមានសម្ពាធមួយ ដែលជាធម្មតាក្នុងភ្នែករបស់យើងមានសម្ពាធទឹកចន្លោះពី ១០ ទៅ២០ មីលីម៉ែត្របារ៉ត។ ដោយឡែកជំងឺទឹកដក់ក្នុងភ្នែកបណ្តាលមកពីបាត់តុល្យភាពរវាងការផលិតទឹក និងការស្រូបទឹកចេញពីគ្រាប់ភ្នែក ដែលនាំឲ្យទឹកដែលផលិតនៅក្នុងភ្នែកចេញមិនរួច និងកើនបរិមាណនៅក្នុងនោះ ធ្វើឲ្យសម្ពាធនៅក្នុងគ្រាប់ភ្នែកកើនខុសពីធម្មតា ដូច្នេះវាធ្វើឲ្យសរសៃអ៊ុបទិកខូច និងដែនគំហើញបាត់ជាបណ្តើរៗ។

ការវិវឌ្ឍន៍ នៃការខូចសរសៃអ៊ុបទិក និងការបាត់ដែនគំហើញ
(ក) ប្រព័ន្ធនៃចរន្តទឹកហូរក្នុងភ្នែកធម្មតា
(ខ) ជំងឺទឹកដក់ក្នុងភ្នែក៖ សរសៃអ៊ុបទិក ខូចដោយសារសម្ពាធសង្កត់

ចំណែកឯ ដែនគំហើញ ជាទំហំវាល ឬផ្ទៃទាំងមូលដែលយើងអាចមើលឃើញនៅពេលដែលភ្នែកបានបើក  ដោយយើងអាចមើលឃើញវត្ថុដែលនៅចំហៀង ខាងលើ ៦០ដឺក្រេ ខាងក្រោម៧៥ដឺក្រេ  ខាងច្រមុះ៦០ដឺក្រេ  ខាងត្រចៀក ១០០ដឺក្រេនៅពេលមើលត្រង់ទៅមុខ។

រោគសញ្ញាសំខាន់ៗរបស់ជំងឺទឹកដក់ក្នុងភ្នែក
ជំងឺនេះស្ទើរតែគ្មានសញ្ញាណាមួយស្តែងចេញឲ្យអ្នកជំងឺបានដឹងមុនថាគាត់មានជំងឺនេះទេ លុះត្រាតែសរសៃអ៊ុបទិកខូចលើសពី៨០% ទើបអ្នកជំងឺអាចលេចចេញសញ្ញាមួយចំនួនដូចខាងក្រោម៖
•    ឈឺក្បាល (ភាគច្រើនមួយចំហៀង និងនៅពេលព្រឹកព្រលឹម)
•    ភ្នែកឆាប់ឡើងបាយ និងស្រវាំងភ្នែក
•    ភ្នែកក្រហម ហើយឈឺ
•    ចង់ក្អួត ចង្អោរ
•    មើលច្បាស់តែវត្ថុដែលនៅពីចំមុខ និងមើលមិនច្បាស់វត្ថុដែលនៅចំហៀង
•    ចុករួយគ្រាប់ភ្នែកជាញឹកញាប់។ល។

តើនរណាដែលងាយប្រឈមមុខនឹងជំងឺនេះ?
ក្នុងប្រទេសកម្ពុជាមានអត្រានៃការកើតជំងឺទឹកដក់ក្នុងភ្នែកនេះប្រមាណជា ៣.១% ដែលនៅក្នុងនោះវាកើតមានច្រើននៅលើក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ និងមានទំនោរកើតលើស្ត្រីច្រើនជាងបុរស។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថាជំងឺនេះកើតមានឡើងទៅលើភ្នែកទាំងសងខាង  ហើយសឹងតែ ៨០% នៃអ្នកជំងឺមិនដឹងថាគាត់មានជំងឺមួយនេះទេ។ បន្ថែមពីលើនេះគេឃើញជំងឺនេះច្រើនកើតមាននៅលើក្រុមមនុស្សដូចខាងក្រោម៖
•    អ្នកប្រើប្រាស់វ៉ែនតាអានអក្សរលេខធំជាង +4.00ដឺក្រេ
•    អ្នកដែលប្រើប្រាស់វ៉ែនតាអានអក្សរមុនអាយុ ៤០ឆ្នាំ
•    អ្នកជំងឺភ្នែកឡើងបាយដែលមិនបានទទួលការព្យាបាលដោយវះកាត់
•    អ្នកជំងឺដែលប្រើថ្នាំបន្តក់ភ្នែកច្រើនហួស​ ឬគ្មានវេជ្ជបញ្ជា
•    អ្នកដែលមានឪពុកម្តាយ ធ្លាប់កើតជំងឺនេះពីមុនមក
•    ជាពិសេសចំពោះជនជាតិអាស៊ី និងអាហ្រ្វិក។ល។

តើគេអាចព្យាបាលយ៉ាងដូចម្តេចខ្លះទៅលើជំងឺទឹកដក់ក្នុងភ្នែក?
ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ដោយការឆ្លុះមើលសរសៃអ៊ុបទិក ការវាស់សម្ពាធក្នុងភ្នែក ការវាស់កម្រាស់កញ្ចក់ភ្នែក ការវាយតម្លៃលើប្រភេទមុំរវាងកញ្ចក់ភ្នែកនិងប្រស្រីភ្នែក ការវិភាគទៅលើការបាត់ដែនគំហើញរបស់អ្នកជំងឺ និងការវិភាគទៅលើការខូចខាតនៃសរសៃអ៊ុបទិកទើបអាចសន្និដ្ឋានបានថាអ្នកជំងឺពិតជាមានជំងឺទឹកដក់ក្នុងភ្នែកបាន។

គោលដៅនៃការព្យាបាល គឺធ្វើយ៉ាងណាការពារកុំឲ្យភ្នែករបស់អ្នកជំងឺវិវឌ្ឍទៅរកភាពពិការ។ ជាក់ស្តែង ការព្យាបាលអាចធ្វើឡើងច្រើនរបៀបដូចជា៖
•    ការប្រើប្រាស់ជាឱសថ ៖  ដែលមាន២ក្រុម គឺ ឱសថបន្ថយការបញ្ចេញទឹកនៅផ្នែកខាងក្រោយ និងមួយក្រុមទៀតគឺឱសថជួយឲ្យការហូរចេញបានល្អជាងមុន។
•    ការបាញ់ឡាស៊ែរ (Laser) ជាមួយម៉ាស៊ីនទំនើប ៖  ឡាស៊ែរមួយប្រភេទធ្វើឲ្យមានប្រហោងមួយនៅលើប្រស្រីភ្នែក និងការប្រើឡាស៊ែរមួយប្រភេទទៀតបាញ់នៅផ្នែកមួយដែលត្រូវហូរចេញ (យើងច្រើនប្រើប្រាស់ការព្យាបាលដោយឡាស៊ែរ និងថ្នាំរួមជាមួយគ្នា)។
•   ការវះកាត់៖   អាចធ្វើឡើងក្នុងករណី ការប្រើប្រាស់ថ្នាំរួមជាមួយឡាស៊ែរ ពុំមានប្រសិទ្ធភាព។

ដោយសារជំងឺទឹកដក់ក្នុងភ្នែក ជាជំងឺមួយដែលទាមទារឲ្យមានការព្យាបាលពេញមួយជីវិត ទោះបីជាក្រោយពីបានទទួលការព្យាបាលបានជោគជ័យក៏ដោយក៏តម្រូវឲ្យអ្នកជំងឺមកធ្វើការតាមដានឲ្យបានទៀងទាត់ទៅតាមការណាត់ជួបរបស់លោកគ្រូពេទ្យ។ ម៉្យាងវិញទៀត សម្រាប់អ្នកជំងឺដែលទទួលការព្យាបាលបានត្រឹមត្រូវ គឺត្រឹមតែអាចរក្សាដែនគំហើញដែលនៅសល់ប៉ុណ្ណោះ មិនអាចធ្វើឲ្យដែនគំហើញដែលបាត់នោះត្រឡប់មកវិញទេ។ ផ្ទុយទៅវិញ ក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងភាពពិការភ្នែកទាំងស្រុងអស់មួយជីវិតដោយសារតែសរសៃអ៊ុបទិកត្រូវបានខូចខាតហើយមិនអាចស្តារឡើងវិញបាន។ ដូច្នេះ ការរកឃើញជំងឺនេះកាន់តែលឿន ការព្យាបាលទប់ស្កាត់កុំឲ្យពិការភ្នែកកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការណែនាំពីវេជ្ជបណ្ឌិតឯកទេស
ជំងឺទឹកដក់ក្នុងភ្នែក ស្ថិតនៅក្នុងក្រុមជំងឺភ្នែកដែលមិនអាចស្តារគំហើញឲ្យការមើលឃើញត្រឡប់មកធម្មតាវិញបាន ដូច្នេះអ្នកជំងឺដែលមានអាយុលើសពី ៤០ឆ្នាំឡើងទៅ ឬក្រុមមនុស្សដែលមានកត្តាប្រឈមដូចបានរៀបរាប់ខាងលើ គួរតែមកពិនិត្យស្វែងរកជំងឺនេះឲ្យបានទាន់ពេលវេលាគឺមុនពេលដែលជំងឺនេះវិវឌ្ឍដល់ដំណាក់កាលអន់គំហើញ ឬបាត់ដែនគំហើញ។

មជ្ឈមណ្ឌលព្យាបាលជំងឺទឹកដក់ក្នុងភ្នែក យើងខ្ញុំផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយសម្រាប់អ្នកជំងឺទឹកដក់ក្នុងភ្នែកចាប់ផ្តើមពី ការពិនិត្យស្វែងរកជំងឺនេះចាប់តាំងពីថ្ងៃជួបដំបូង ការកំណត់រោគវិនិច្ឆ័យត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងការផ្តល់ជម្រើសជាច្រើនក្នុងការព្យាបាល។ ដោយសារជំងឺទឹកដក់ក្នុងភ្នែក   គឺជាជំងឺមួយត្រូវការពិនិត្យតាមដាន និងព្យាបាលពេញមួយជីវិត ដូច្នេះអ្នកជំងឺតែងតែត្រូវការការយកចិត្តទុកដាក់ខ្ពស់និងការជឿជាក់ខ្ពស់ទៅលើសមត្ថភាពរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកដែលកំពុងមើលថែទាំខ្លួនគាត់។ នៅមជ្ឈមណ្ឌលយើងខ្ញុំកំពុងព្យាយាមផ្តល់សេវាក្នុងការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកនេះឲ្យឈានមុខគេ និងបង្កើនចំណងមិត្តភាពរវាងអ្នកជំងឺទឹកដក់ក្នុងភ្នែករាប់ពាន់នាក់ដែលត្រូវមកជួបជុំគ្នាពិភាក្សាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការព្យាបាល និងវិធីសាស្រ្តក្នុងការរស់នៅជាមួយជំងឺនេះរៀងរាល់៣ទៅ៦ខែ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែក ភ្នំពេញ
០៦១ ៦៦៦៧៧១ ឬ
០៨៦ ៨៨៦៦៧៦ ឬ
០៨៨ ៨៨៦៨៨៣៦
គេហទំព័រ  ៖ http://www.EYE.today

បកស្រាយដោយ​៖​ វេជ្ជបណ្ឌិត ហេង សុផល ប្រធាន គ្លីនិកភ្នែក ភ្នំពេញ និងជាវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែក នៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់