ខ្លះៗដែលអ្នកអាចធ្វើបាន បើសិនជាកូនអ្នកមិនស្រួលខ្លួន

មានបញ្ហាសុខភាពកម្រិតស្រាលមួយចំនួនដែលអាចនឹងកើតមានឡើងចំពោះកូនអ្នកហើយអ្នកក៏អាចជួយសម្រាល និងដោះស្រាយវាបានជាមួយនឹងវិធីងាយៗ ដោយការប្រើប្រាស់របស់ដែលមានស្រាប់នៅក្នុងផ្ទះរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលត្រូវបានឆ្លងកាត់ការពិសោធន៍ ហើយបញ្ជាក់ថាមានសុវត្ថិភាពចំពោះសុខភាពក្មេង ដោយមិនបង្កជាផលរំខានដល់សុខភាពឡើយ…

ទឹកឃ្មុំ និងក្រូចឆ្មារ សម្រាប់បញ្ហាស្អកក
ទឹកឃ្មុំ១ស្លាបព្រាពេញអាចជួយសម្រួលដល់អាការៈក្អករបស់ក្មេង ហើយប្រសិទ្ធភាពក៏ប្រហែលនឹងថ្នាំបំបាត់ក្អកមួយចំនួនផងដែរ។ អ្នកអាចលាយទឹកឃ្មុំ១ស្លាបព្រាជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រា ហើយដាក់កម្តៅឲ្យក្តៅឧណ្ហៗ។ បន្ទាប់មក អ្នកអាចទុកឲ្យត្រជាក់បន្តិច រួចសឹមឲ្យកូនរបស់អ្នកលេបម្តង១ស្លាបព្រា។
បញ្ជាក់៖ ក្មេងក្រោមអាយុ១ឆ្នាំ មិនគួរទទួលទានទឹកឃ្មុំឡើយ។

ប្រដាប់ផ្លុំពពុះសាប៊ូ សម្រាប់បញ្ហាថប់អារម្មណ៍
ការដកដង្ហើមវែងៗ ហើយយឺតៗ នឹងជួយឲ្យកូនរបស់ អ្នកមានអារម្មណ៍ថាធូរស្បើយ ជាពិសេសពេលដែលគេមានបញ្ហាផ្លូវចិត្ត ដូចជាស្ត្រេស ឬថប់អារម្មណ៍ ជាដើម។ បើសិនអ្នកមានប្រដាប់ផ្លុំពពុះសាប៊ូនៅផ្ទះស្រាប់ ជំនួសឲ្យការប្រាប់ពួកគេធ្វើសមាធិ ឬលំហាត់ប្រាណតាមចលនាដង្ហើមនោះ អ្នកអាចឲ្យគេផ្លុំវាលេងដោយប្រាប់ថាផ្លុំឲ្យបានធំ (ដែលតម្រូវឲ្យផ្លុំយឺតៗនិងយូរ)។

ទឹកកក ឬជែល សម្រាប់អាការៈឈឺក្បាល
អាចប្រើប្រាស់ទឹកកកដុំដែលមានស្រាប់ក្នុងទូទឹកកកហើយរុំដោយក្រណាត់ស្អាត និងក្រាស់ល្មម ស្អំលើក្បាលពួកគេ ដោយអ្នកត្រូវប្រាកដថា មិនស្អំទឹកកកផ្ទាល់លើស្បែកក្បាលរបស់គេឡើយ។ ម្យ៉ាងទៀតបើអ្នកមានជែលបិតលើក្បាលសម្រាប់ក្មេងទៀតនោះក៏រឹតតែប្រសើរ ដោយអ្នកអាចរកបាននៅតាមឱសថ​ស្ថាននានា ហើយជាការល្អបំផុត បើអ្នកមានវាខ្លះៗ សម្រាប់ប្រចាំការនៅក្នុងផ្ទះ។

តែខ្ញីស្រស់ៗ សម្រាប់អាការៈពុលឡាន
ខ្ញីមានប្រសិទ្ធភាពក្នុងការបញ្ឈប់ការកន្ត្រាក់របស់ក្រពះ ដែលជាហេតុបង្កឲ្យមានអារម្មណ៍ថាវិលមុខ និងចង្អោរ។ សម្រាប់ក្មេងដែលមានអាយុស្មើ ឬលើសពី២ឆ្នាំ អ្នកអាចដាក់ចំណិតខ្ញីស្រស់ៗ ក្នុងទឹកពុះ ហើយទុកក្នុងរយៈពេលប្រមាណ៤ទៅ៥នាទី រួចសឹមទុកឲ្យត្រជាក់បន្តិច មុននឹងឲ្យក្មេងញ៉ាំ។ អ្នកគួរតែឲ្យគេញ៉ាំប្រមាណជាកន្លះម៉ោងមុនធ្វើដំណើរតាមឡាន។

ត្រសក់ សម្រាប់អាការៈហើមតិចតួច
ចំណិតត្រសក់ត្រជាក់ៗអាចជួយសម្រួលដល់បញ្ហាស្បែកឡើងក្តៅ និងហើម បានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចដាក់ចំណិតត្រសក់នៅត្រង់កន្លែងដែលមានបញ្ហាហើមនោះ  ហើយអ្នកក៏អាចធ្វើការឆ្លាស់ចំណិតថ្មីទៀត ប្រសិនបើអ្នកមានអារម្មណ៍ថាចំណិតត្រសក់នោះឡើងកម្តៅតិចៗហើយ។

ម្សៅដុតនំ (Baking Soda)
សម្រាប់បញ្ហាសត្វល្អិតទិច ឬខាំ អ្នកអាចលាយម្សៅ Baking Soda នោះ ជាមួយនឹងបរិមាណទឹកល្មម ដើម្បីឲ្យលាយទៅបានជាល្បាយខាប់ និងអន្តាយៗ​បន្តិច ហើយលាបនៅត្រង់កន្លែងដែលសត្វល្អិតទិចឬខាំនោះ ហើយទុកវាឲ្យស្ងួត។ ការធ្វើបែបនេះ វានឹងជួយកាត់បន្ថយការឡើងកន្ទួល និងហើមដោយសារ សត្វល្អិតនោះមិនខាន។

យ៉ាងណាមិញ ក្នុងករណីកូនរបស់អ្នកមានបញ្ហា សុខភាពធ្ងន់ធ្ងរ ឬអាការៈមិនធូរស្រាល អ្នកគួរប្រញាប់នាំគេទៅជួបពិនិត្យ និងពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដោយកុំពន្យារពេលទុកយូរ ឡើយ…

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  
 

ពាក្យទាក់ទង


មតិយោបល់