៥ចំណុចអ្នកចាំបាច់ត្រូវដឹង ពីសុខភាពផ្លូវចិត្ត…

«សុខភាពផ្លូវចិត្តពិតជាសំខាន់សម្រាប់បុគ្គលគ្រប់រូប មិនថាសម្រាប់ជាតិសាសន៍ណានោះឡើយ» នេះបើយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកជំនាញឯកទេសវិកលវិទ្យា និងការបំពានគ្រឿងញៀន និងជាប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។ លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាផ្លូវចិត្តដែលកើតមានញឹកញាប់ជាងគេ គឺ ជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត វិកលចរិត និងបញ្ហាផ្លូវចិត្តដោយការប្រើប្រាស់គ្រឿងញៀន ហើយវាអាចកើតមានចំពោះមនុស្សគ្រប់វ័យតែភាគច្រើនក្នុងយុវភាព (បុរសអាយុ ២០-៣៥ ឆ្នាំ និងស្ត្រី ២៥-៣៥ឆ្នាំ)។

តើមានកត្តាអ្វីខ្លះ ដែលមានទំនាក់ទំនងជិតសិ្នទ្ធទៅនឹងសុខភាពផ្លូវចិត្ត?
•    កត្តាសង្គមសាស្ត្រ៖ សំដៅដល់សង្គមខ្នាតតូចនិងធំ រួមមានការប្រាស្រ័យទាក់ទងរវាងមនុស្សចាប់ពី២នាក់ឡើងទៅ សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ដរាបណាបុគ្គលម្នាក់ៗមានទំនាក់ទំនងល្អ ចេះចែករំលែកសេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក៏មិនមានទំនាស់ ឬហិង្សាក្នុងគ្រួសារហើយមានការរស់នៅចុះសម្រុងគ្នា ចំណែកឯប្រទេសជាតិ ក៏មិនសូវមានបញ្ហាសោកនាដកម្ម(សង្គ្រាម គ្រោះធម្មជាតិ…) ផ្សេងៗទេនោះ ការប៉ះទង្គិចបញ្ហាផ្លូវចិត្តក៏មិនសូវកើតមានដែរ។
•    កត្តាគីមីសាស្ត្រ៖ ការប្រើប្រាស់សារធាតុគីមីមួយចំនួន ស្របច្បាប់ និងមិនស្របច្បាប់ ដែលអាចបណ្តាលឲ្យមានការប៉ះទង្គិចដល់សុខភាពខួរក្បាល និងមិនអាចគ្រប់គ្រងស្មារតីបានល្អ  ដូចជាការសេពគ្រឿងញៀន អាភៀន ឬការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ជាដើម។
•    កត្តាចិត្តសាស្ត្រ៖ ប្រសិនបើបុគ្គលម្នាក់ទទួលបានការចិញ្ចឹមបីបាច់ផ្នែកចិត្តសាស្ត្រ ក៏ដូចជាការគាំទ្រផ្លូវចិត្តបានល្អនោះ ពេលដែលចម្រើនវ័យទៅគឺប្រាកដជាមានភាពរឹងមាំ ហើយក៏មិនងាយaប្រឈម ឬទទួលការប៉ះទង្គិចពីកត្តាផ្សេងនោះដែរ។

តើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត មានការប្រឈមទៅនឹងអ្វីខ្លះដែរ?
•    បុគ្គល៖ ការគេង និងញ៉ាំមិនសូវបាន ជាហេតុនាំឲ្យមានបញ្ហាសុខភាពផ្លូវកាយរ៉ាំរ៉ៃ ហើយជាទូទៅ ក៏លែងចង់បំពេញកិច្ចការងារអ្វី ហើយជាលទ្ធផលក៏ត្រូវបាត់បង់ឱកាស និងចំណូលសេដ្ឋកិច្ច ជួនកាលអាចបង្កជាប្រតិកម្មទាន់ហន់ រួមមានការធ្វើអត្តឃាត ឬធ្វើមនុស្សឃាតទៀតផង។
•    គ្រួសារ៖ បាត់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបាត់បង់សុភមង្គល ព្រមទាំងបង្កើននូវបន្ទុកដល់សមាជិកដទៃ។
•    សង្គម៖ បញ្ហាអសន្តិសុខ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។ល។

តើការគិត និងសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ?
មនុស្សភាគច្រើនបានយល់ច្រឡំថា ផ្លូវចិត្ត គឺពាក់ព័ន្ធនឹងបេះដូង តែតាមការពិត វាមានទំនាក់ទំនងជិតស្និទ្ធជាមួយខួរក្បាល (ប្រព័ន្ធប្រសាទកណ្តាល)។ ហេតុនេះហើយ ពេលខួរក្បាលមានបញ្ហា ការគិតក៏នឹងមានបញ្ហាដែរ ហើយផ្លូវចិត្តក៏មានការប៉ះទង្គិចផងដែរ។ រីឯអារម្មណ៍វិញ វាក៏មានឥទ្ធិពលលើខួរក្បាលផងដែរ។

តើផលវិបាកនៃការគិតច្រើន រួមមានអ្វីខ្លះ?
វាអាស្រ័យទៅលើបែបផែននៃការគិត បើសិនជាបុគ្គលម្នាក់មានស្មារតីល្អ ចេះគិតបានត្រូវ គិតបែបវិជ្ជមាននោះ វាក៏មិនមានផលវិបាកអ្វីដែរ។ផ្ទុយទៅវិញ បើម្នាក់នោះគិតច្រើនហើយផ្តោតតែលើភាពអវិជ្ជមាននោះ ផលវិបាកនឹងកើតមានច្រើន ដែលអាចជាបញ្ហាផ្លូវចិត្ត ហើយនាំឲ្យមានផលប៉ះពាល់ដូចដែលបានរៀបរាប់ខាងលើ។
 
តើបុគ្គលមួយរូបគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ ដើម្បីមានសមត្ថភាពក្នុងការគ្រប់គ្រងការគិត និងថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបាន?
•    មានអារម្មណ៍ល្អចំពោះខ្លួនឯង៖ គ្រប់ពេលវេលា ចេះធ្វើឲ្យខ្លួនឯងសប្បាយ
•    មានអារម្មណ៍ល្អចំពោះអ្នកដទៃ៖ មើលគេក្នុងផ្លូវល្អ មានទំនាក់ទំនងល្អ សាមគ្គីគ្នាកសាងនិងរួមរស់ជាមួយគ្នា តាមផ្លូវយុត្តិធម៌
•    មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា៖ ចេះប្រឈម ទប់ទល់ និងដោះស្រាយបញ្ហាដោយខ្លួនឯង ឬសុំជំនួយពីអ្នកដទៃ។

តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែម អំពីការថែទាំសុខភាពផ្លូវចិត្តឬទេ?
ត្រូវចាំថា«សុខភាពបរិបូរពេញលេញ គឺសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ព្រមគ្នាតែម្តង» ហើយត្រូវតែចេះទទួលស្គាល់ និងលើកទឹកចិត្តខ្លួនឯងមានមោទនភាពជាមួយនឹងអ្វីដែលខ្លួនឯងមាន។ រាល់ពេលមានបញ្ហាផ្លូវចិត្ត ដំបូងត្រូវចេះជួយខ្លួនឯងក្នុងការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត តាមរយៈការអប់រំសុខភាពផ្លូវចិត្ត ដូចជាការធ្វើសមាធិ ឬស្តាប់ព្រះធម៌តាមបែបព្រះពុទ្ធសាសនា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរចេះប្រើប្រាស់ពេលវេលាដោយបែងចែកពេលវេលាសម្រាកកាយចិត្ត ដោយការធ្វើលំហាត់កីឡា ឬដើរកម្សាន្ត។ ក្នុងករណីមិនអាចជួយខ្លួនឯងបាន អ្នកក៏ត្រូវទទួលជំនួយពីគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្ត តាមរយៈការពិគ្រោះ និងព្យាបាលតាមបែបចិត្តសាស្ត្រ ដែលរួមមានទាំងសេវារដ្ឋ និងឯកជន។

បកស្រាយដោយ​៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកពិគ្រោះសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
IV Piseth 8 ខែ មុន

Great post

profile.png
Healthtime Pro 8 ខែ មុន

Thank you on behalf of Dr and our team...hope this can be useful to you n other readers :)

ឆ្លើយតប
profile.png
Seangiy Vat 8 ខែ មុន

Thanks

profile.png
Healthtime Pro 8 ខែ មុន

Our pleasure n hope that u all enjoy reading it...

ឆ្លើយតប
profile.png
Sokea Mou 1 ឆ្នាំ មុន

Good

profile.png
HealthtimePro 1 ឆ្នាំ មុន

Hope u enjoy reading it :)

ឆ្លើយតប