អ្វីខ្លះ ជាមូលហេតុនាំឲ្យមានការរលូតកូនញឹកញាប់?

គេចាត់ទុកការរលូតកូនញឹកញាប់ គឺគភ៌មិនមានការលូតលាស់ក្រោមអាយុ ២០សប្តាហ៍ លើសពី៣ដងឡើង។ គេប្រទះឃើញស្ថានភាពនេះ កើតមានលើស្ត្រី ៣ទៅ ៥នាក់ក្នុងចំណោមស្ត្រី១០០នាក់។ ស្ត្រីដែលមានអាយុក្រោម ៣០ឆ្នាំ នឹងអាចជួបការរលូតកូនម្តងទៀត ២៥ ភាគរយ។ ចំពោះស្ត្រីដែលមានអាយុលើសពី៤០ឆ្នាំ នឹងអាចជួបការរលូតកូនម្តងទៀត ចន្លោះ ៥០ ទៅ ៦០ភាគរយ។

គ្រប់ស្ត្រីដែលជួបនឹងការរលូតកូនញឹកញាប់មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រធម្មតាដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅនឹងមូលហេតុនៃការរលូតកូន។ មូលហេតុនៃការរលូតកូនមួយភាគធំ មិនមានភាពច្បាស់លាស់ទេ។

មូលហេតុផ្សេងទៀតអាចមកពី៖
•    កត្តាហ្សែន គេសង្កេតឃើញ ៥០ភាគរយនៃការរលូតកូនគឺបណ្តាលមកពីកត្តាហ្សែន ពិសេសស្ត្រីអាយុកាន់តែច្រើន អត្រាជួបនឹងភាពខុសប្រក្រតីលើកូនកាន់តែកើន អត្រានៃការរលូតក៏កាន់តែខ្ពស់ដែរ។
•    កត្តាប្រព័ន្ធភាពសុំា ដូចជាជំងឺ Thrombophilia ដែលជាជំងឺតំណពូជ ហើយរ៉ាប់រងចន្លោះ ១២ទៅ១៥ ភាគរយនៃការរលូតកូនញឹកញាប់។ ជំងឺអង់ទីករប្រឆាំងនឹងគ្រាប់ឈាម ពិសេសលើស្ត្រីមានក្រុមឈាមប្រភេទដក ក៏ជាមូលហេតុនៃការរលូតកូនញឹកញាប់ដែរ។
•    កត្តាស្បូនខុសប្រក្រតី ដូចជាករណីមានដុំ ស្បូនទីតាំងក្នុងស្រទាប់រដូវ ឬស្បូនមានសន្ទះខណ្ឌជាពីរ ភាពស្អិតក្នុងស្បូន ឬការអន់ខ្សោយនៃមាត់ស្បូន។
•    កត្តាអ័រម៉ូន កង្វះខាតអ័រម៉ូន Progesteone ការលើសនូវជាតិស្ករក្នុងឈាម ការលើសឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអុីត ជាមូលហេតុដែលឲ្យមានការរលូតកូនញឹកញាប់។

ការឆែកសុខភាពក្នុងករណីរលូតកូនញឹកញាប់
ជាធម្មតាស្ត្រីតែងតែមានអារម្មណ៍ភ័យនៅពេលដែលចាប់ផ្តើមមានផ្ទៃពោះថ្មី បន្ទាប់ពីមានប្រវត្តិរលូត។ ជាទូទៅការសិក្សាបញ្ជាក់ថា ការមានប្រវត្តិរលូត១ ឬ២ដង ស្ត្រីនៅតែអាចមានអត្រាមានបុត្រដូចស្ត្រីមិនធ្លាប់មានប្រវត្តិរលូតកូន។ តែចំពោះស្ត្រី ដែលមានប្រវត្តិរលូតលើសពីបីដងឡើង អាចត្រូវឆែករកមើលមូលហេតុមួយចំនួន ដើម្បីត្រៀមខ្លួនទទួលគភ៌សាជាថ្មីទៀត។

ការឆែកសុខភាពរួមមាន៖
•    ការពិនិត្យរោគស្រ្តី និងអេកូស្បូន ដើម្បីមើលនូវភាពខុសប្រក្រតីនៃស្បូន ឬមាត់ស្បូន
•    ការឆ្លុះក្នុងស្បូន ដើម្បីមើលឲ្យកាន់តែច្បាស់នូវភាពខុសប្រក្រតីក្នុងស្រទាប់រដូវ ដូចជា ដុំស្បូន ដែលពិបាកមើលតាមអេកូ ឬស្អិតស្រទាប់រដូវជាដើម។
•    ការច្រិបស្រទាប់រដូវយកទៅវិភាគ ដើម្បីរកមើលនូវភាពខុសប្រក្រតីនៃស្រទាប់រដូវ
•    តេស្តឈាមមួយចំនួន ដូចជាតេស្តឈាម រកកម្រិតអ័រម៉ូន Progesterone ដែលទាក់ទងជាមួយគុណភាពនៃមេជីវិតស្ត្រី និងជួយស្រទាប់រដូវឲ្យចិញ្ចឹមកូនបានល្អក្នុងពេលពពោះ។ ការលើស ឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ក៏ជះឥទ្ធិពលលើការលូតលាស់កូនដែរ។ ការលើសជាតិស្ករ ក៏ជាកត្តាឲ្យមានការរលូតកូនញឹកញាប់ដែរ។ ការឆែកមើលតេស្តឈាមរកមើលជំងឺតំណពូជ ទាំងស្ត្រី និងបុរស អាចឲ្យយើងដឹងពីមូលហេតុ និងការរៀបចំខ្លួនត្រៀមយកកូនសាជាថ្មី។ ជាតិវីតាមីនដេ និងការមើលទាក់ទងនឹងប្រព័ន្ធភាពសុំា បើក្នុងករណីមានបញ្ហាយើងអាចធ្វើការការពារបានមុន។

គេសង្កេតឃើញលទ្ធផលនៃការធ្វើតេស្តទាំងនេះនឹងជួបតែ ៥០ ភាគរយដែលមានបញ្ហា។ ចំពោះស្ត្រីដែលតេស្តឈាមឃើញមិនមានបញ្ហា គេថាស្ត្រីនោះមានការរលូតកូនដោយឯកឯង មិនមាន មូលហេតុច្បាស់លាស់ទេ។

មន្ទីរសម្រាកព្យាបាល និងសម្ភពមាតា មានទទួលនូវការឆែកសុខភាព និងពិគ្រោះ ក្នុងករណីមាន ការរលូតកូនញឹកញាប់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥
អ៊ីម៉ែល៖  doctor_tysovannaroth@yahoo.com

បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់

profile.png
Kyranai 11 ខែ មុន

So useful