វេទិកាចែករំលែកស្តីអំពី “ការកាត់បន្ថយអ្នកជំងឺទៅក្រៅប្រទេស?”

នាថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ វេទិកាចែករំលែកមួយស្តីអំពី “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជនគួរចូលរួមយ៉ាងណាខ្លះដើម្បីកាត់បន្ថយលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស?” ត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀបចំដោយក្រុមការងារហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil ក៏ដូចជាគាំទ្រផងដែរដោយកាដាវ គ្លីនិកសើស្បែក និងឡេសឺរ មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រ ឃែរ ព្រមទាំងមន្ទីរសម្រាកព្យាបាល និងសម្ភពលុច្ស។ វេទិកាចែករំលែកនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗគឺ ទី១ ទាក់ទងនឹងការពិភាក្សាលើបញ្ហាដែលកំពុងជួបប្រទះ និងដំណោះស្រាយនៃលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស និងទី២ ទាក់ទងនឹងការចែករំលែកលើគន្លឹះដែលម្ចាស់មន្ទីរពេទ្យ គ្លីនិក បន្ទប់ពិគ្រោះជំងឺ និងអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលគួរធ្វើដើម្បីពង្រឹងសេវាកម្ម ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកជំងឺ។ 

គួរបញ្ជាក់ថា វេទិការយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៣ រូបគឺ លោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលលោកស្រីជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជានាយិកានៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រ ឃែរ និង លោកស្រីសាស្ត្រាចារ្យ ឯក ម៉េងលី អតីតប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតដែលបច្ចុប្បន្ន លោកស្រីជាស្ថាបនិកនៃមន្ទីរសម្ភពលុច្ស និងមន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ ព្រមទាំងជាស្ថាបនិកនៃមន្ទីរពេទ្យអឃីតកោះពេជ្រ  និងមានផងដែរនូវវត្តមានរបស់ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ដែលលោកជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាស្ថាបនិកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរ។ វេទិកាទាំងមូលក៏ទទួលបានកិត្តិយសចូលរួមពីសំណាក់លោក លោកស្រីវេជ្ជបណ្ឌិត និងទន្តបណ្ឌិតដែលជាសមាជិកនៃសហគមន៍ហេលស៍ថាមប្រូ ព្រមទាំងសិស្សនិស្សិតផ្នែកសុខាភិបាលប្រមាណជាង ៥០នាក់ផងដែរ។ 

សកម្មភាពពេញមួយព្រឹកនេះត្រូវបានចែកចេញជាបីវគ្គគឺ វគ្គទីមួយ៖ ជាវេទិកាចែករំលែកបទពិសោធន៍ផ្ទាល់ពីសំណាក់វាគ្មិនកិត្តិយសទាំងបីរូប ទាក់ទងនឹង “វិធីសាស្ត្រក្នុងការទំនាក់ទំនងល្អរវាងគ្រូពេទ្យ ជាមួយអ្នកជំងឺ” “វិធីសាស្ត្រក្នុងការគ្រប់គ្រង និងការពង្រឹងសក្តានុពលក្រុមការងារក្នុងស្ថាប័ន” និង“វិធីសាស្រ្តក្នុងការកំណត់តម្លៃសេវាកម្ម ឲ្យចំអតិថិជនគោលដៅ”។  វគ្គទីពីរ ជាវេទិកាជជែកពិភាក្សា រវាងវាគ្មិនកិត្តិយស និងអ្នកចូលរួម លើប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជនគួរចូលរួមយ៉ាងណាខ្លះដើម្បីកាត់បន្ថយលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស?” ។ វគ្គទីបី ជាវេទិកាពិភាក្សាជាក្រុមដោយមានការចូលរួមយ៉ាងផុសផុល ពីសំណាក់អ្នកចូលរួម និងចូលរួមដឹកនាំពីវាគ្មិនកិត្តយសផងដែរ។ 

ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវេទិកាទាំងមូលបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។ 

ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់