ជំងឺទឹកនោមផ្អែម អាចធ្វើឲ្យគេងមិនលក់ទេ?

ការរស់នៅជាមួយជំងឺទឹកនោមផ្អែមអាចនឹងឲ្យអ្នកជួបប្រទះអាការៈបន្ទាប់បន្សំមួយចំនួនដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ បន្ថែមពីនោះ ការប៉ះពាល់ដល់សរីរាង្គផ្សេងទៀតនៃរាងកាយក៏អាចកើតមានឡើង ក្នុងករណីការព្យាបាល និងការតាមដានមិនបានដិតដល់ ដែលអ្នកនឹងអាចស្វែងយល់បានតាមរយៈការបកស្រាយសម្រាប់ករណីរបស់អ្នកជំងឺម្នាក់ខាងក្រោម។

សំណួរ៖ ខ្ញុំអាយុ៦៥ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៧ គីឡូក្រាម។ ខ្ញុំត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺទឹកនោមផ្អែម និងលើសឈាមតាំងពី ៥ឆ្នាំមុន ក្រៅពីនេះក៏មានរោគសញ្ញាផ្សេងទៀត ដូចជា ឧស្សាហ៍វិលមុខ អស់កម្លាំង និងគេងមិនលក់។ សព្វថ្ងៃខ្ញុំប្រើថ្នាំទឹកនោមផ្អែម និងលើសឈាមជាប្រចាំ។ ខ្ញុំចង់សួរថាតើការគេងមិនលក់នេះ បណ្តាលមកពីថ្នាំ ឬយ៉ាងណា? តើគួរដោះស្រាយដោយវិធីណា?

ចម្លើយ៖ ចំពោះជំងឺទឹកនោមផ្អែមប្រភេទ ២ ការលេចចេញនូវរោគសញ្ញាដូចជា បត់ជើងតូចញឹក ស្រេកទឹក ញ៉ាំច្រើន អស់កម្លាំង នោះបង្ហាញឲ្យឃើញថា កម្រិតជាតិស្ករបានឡើងតាំងពី ៥ ឬ ១០ឆ្នាំរួចស្រេចមកហើយ ដូច្នេះ ផលវិបាកមួយចំនួននៃជំងឺក៏កើតមានឡើង អាចមាននៅលើភ្នែក តម្រងនោម ដំបៅរលួយជើងជាដើម។

ចំណែករោគសញ្ញាដែលបានរៀបរាប់ខាងលើ វាអាចជាប់ទាក់ទងនឹងផលវិបាកនៃការប៉ះពាល់ដល់តម្រងនោម ដែលបណ្តាលឲ្យកង្វះគ្រាប់ឈាមក្រហម។ ដោយហេតុថាសភាពជំងឺទាមទារឲ្យមានការព្យាបាលទាំងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមផងនោះ ការប្រឈមនៃការប៉ះពាល់តម្រងនោមស្ថិតក្នុងអត្រាខ្ពស់ បើការព្យាបាលមិនបានដល់គោលដៅ។ ប្រសិនអ្នកនៅតែបន្តមានរោគសញ្ញាទាំងនេះ ការណាត់ជួបជាមួយគ្រូពេទ្យជំនាញជាជម្រើសល្អបំផុតដែលការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដូចជាការពិនិត្យឈាម (ដើម្បីរកមើលចំនួនគ្រាប់ឈាមក្រហម) សម្រាប់តាមដានមុខងារតម្រងនោម។

បកស្រាយដោយ​៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម នាយករងមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់

profile.png
Sokea Mou 1 ឆ្នាំ មុន

Good