ជំងឺស្វិតស្រទាប់បាតភ្នែក ឬការចុះខ្សោយបាតភ្នែកកម្រិតធ្ងន់…មូលហេតុមួយនៃការបាត់់បង់គំហើញ

ជំងឺស្វិតស្រទាប់បាតភ្នែកដែលភាសាបច្ចេកទេសហៅថា “Age-Related Macular​ De​generation (AMD)” ត្រូវបានបែងចែកចេញជាពីរប្រភេទ រួមមានប្រភេទស្ងួត ឬDry AMD ដែលមានជ្រាបខ្លាញ់ និងមានសម្លាកតិចតួចនៅលើស្រទាប់បាតភ្នែក និងមួយប្រភេទទៀតគឺ “Wet AMD” មានជ្រាបឈាមចេញពីស្រទាប់បាតភ្នែក និងដុះសរសៃឈាមថ្មីស្រទាប់ក្រោម។ ជំងឺនេះត្រូវបានសង្កេតឃើញថាច្រើនកើតមានទៅលើមនុស្សចាស់ អំឡុងវ័យចាប់ពី៥០ឆ្នាំឡើងទៅ។  Wet Age-Related Macular Degene​ration (Wet AMD) គឺជាផ្នែកមួយនៃជំងឺស្វិតស្រទាប់បាតភ្នែក ឬការចុះខ្សោយបាតភ្នែក​កម្រិតធ្ងន់ ហៅកាត់ថា AMD ដែលជា​ប្រភេទជំងឺភ្នែករ៉ាំរ៉ៃ និងមានការវិវឌ្ឍយឺតៗទៅរកភាពចាស់ ឬស្វិតនៃស្រទាប់បាតភ្នែក (Macular) ដោយឃើញមានដុះសរសៃឈាមថ្មី និងមានជ្រាបឈាមចេញពីស្រទាប់នោះធ្វើឲ្យអ្នកជំងឺចុះខ្សោយគំហើញភ្លាមៗ ​ហើយមិនអាច​ជាសះមកសភាពដើមវិញឡើយ។ 

មូលហេតុ និងកត្តាប្រឈម
អ្នកជំងឺស្វិតស្រទាប់បាតភ្នែក គឺទាក់ទងទៅនឹង​វ័យចាស់អាយុចាប់ពី៥០ឆ្នាំឡើងទៅ ជាពិសេស​អំឡុងអាយុ៧០ឆ្នាំ រួមជាមួយនឹងកត្តាបន្ទាប់បន្សំ​ដទៃទៀតដូចជា៖
• ប្រវត្តិគ្រួសារធ្លាប់មានជំងឺស្វិតស្រទាប់បាតភ្នែក
• អ្នកដែលមានបញ្ហាភ្នែកដូចជាស្រវាំងជិត ឬ​ពាក្យសាមញ្ញហៅថា ម៉្ញូបមនុស្សចាស់ (Hypermetropia) 
• ជនជាតិស្បែកស ឬអ្នកដែលមានប្រស្រី​ភ្នែកពណ៌ខៀវ ឬប្រាក់ជួបប្រទះច្រើនជាងអ្នកដែលមានប្រស្រីភ្នែកខ្មៅ ឬត្នោត
• អ្នកចូលចិត្តទទួលទានជាតិស្រវឹង និងជក់បារី
• អ្នកមានជំងឺប្រចាំកាយដូចជា លើសសម្ពាធឈាម លើសជាតិខ្លាញ់ ស្ទះសរសៃឈាមបេះដូង ទឹកនោមផ្អែម និងស្រ្ដូក (Stroke) ជាដើម
• អ្នកដែលលើសទម្ងន់ មិនសូវហាត់ប្រាណ
• កង្វះអាហារូបត្ថម្ភ អ្នកដែលប្រើថ្នាំ បេតាប្លុកឃើរ រយៈពេលវែង
• អ្នកជំងឺវះកាត់ភ្នែក និងភ្នែកឡើងបាយ
• អ្នកប្រឈមទៅនឹងកាំពន្លឺ ជាពិសេសពន្លឺ ព្រះអាទិត្យ
• កើតមានទៅលើស្ត្រី (២/៣) ច្រើនជាង បុរស (១/៣)
• អ្នកជំងឺកើតលើភ្នែកម្ខាងពីមុនមក (ដែល ជាទូទៅវាច្រើនកើតទៅលើភ្នែកទាំងសងខាង)។

ដោយសារតែមាននូវកត្តាប្រឈមខាងលើទើបបណ្ដាលឲ្យស្រទាប់បាតភ្នែក និងសរសៃឈាមតូចៗ (Choriocapillary) នៃស្រទាប់នោះ មានការខូចខាត ឬស្ទះ ធ្វើឲ្យមានការជ្រាបឈាម និងខ្លាញ់ដែលបណ្ដាលឲ្យស្រទាប់កណ្ដាលនៃបាតភ្នែកត្រង់កន្លែងចាប់ពណ៌ (Mucular) ឡើងហើម និងមានឈាមចេញមកក្រៅ។

រោគសញ្ញានៃ Wet AMD
ជាទូទៅ អ្នកជំងឺមានការវិវឌ្ឍពី Dry AMD ទៅជា Wet  AMD ដោយមានអាការៈស្រវាំងខ្លាំងភ្លាមៗ ចំកណ្ដាលតែម្ដង និងអាចមើលឃើញរូបភាពវៀច ឬស្រមោលខ្មៅ។ ក្រៅពីសញ្ញាខាងលើ​ ការពិនិត្យរបស់អ្នកឯកទេសបានបង្ហាញពីការជ្រាបឈាម និងការដុះសរសៃឈាមថ្មីៗ នៅនឹងស្រទាប់រេទីន ឬស្រទាប់ខាងក្រោមបាតភ្នែក ដែល នាំឲ្យបាំងកាំពន្លឺ ជាហេតុធ្វើឲ្យស្រវាំង។

ការកំណត់រោគវិនិច្ឆ័យ
កាលណាមានការស្រវាំងភ្នែកទាំងសងខាង ឬតែម្ខាងក្នុងវ័យចាស់ អ្នកជំងឺត្រូវតែប្រញាប់ធ្វើការ​ពិនិត្យភ្នែកជាមួយនឹងអ្នកឯកទេស ដែលការពិនិត្យរួមមាន៖
• ការវាស់គំហើញ
• ការវាស់សម្ពាធក្នុងភ្នែក
• ការវាស់រូបភាពតាមរយៈ Amsler grid 
• ការពិនិត្យបាតភ្នែកដោយពង្រីកប្រស្រីភ្នែកដែលក្នុង Wet AMD អាចឃើញមានហើម និងជ្រាបឈាមនៅបាតភ្នែក
• លើសពីនេះ គ្រូពេទ្យអាចធ្វើការចាក់ថ្នាំចូល​ទៅក្នុងសរសៃឈាមដើម្បីថតបាតភ្នែក និងដឹងច្បាស់ពីទំហំនៃការខូចខាតរបស់បាតភ្នែក​​ (Fundus Fluorescein Angiography (FFA)
• ការស្កេនស្រទាប់បាតភ្នែក (OCT & ICG)។

ការព្យាបាល និងផលវិបាក
ជំងឺស្វិតស្រទាប់បាតភ្នែកប្រភេទ Wet AMD ត្រូវធ្វើការព្យាបាលជាចាំបាច់តាម៣របៀប រួមមាន៖
• ព្យាបាលដោយប្រើឡាស៊ែរ៖ មានឥទ្ធិពល ទៅភ្ជិតសរសៃឈាមដែលមានជ្រាបឈាម និងកាត់បន្ថយសរសៃឈាមដុះថ្មី
• ព្យាបាលដោយចាក់ថ្នាំ៖ ការប្រើប្រភេទថ្នាំ Anti-Vascular Endothelial Growth Factor (Anti-VEGF) ចាក់ទៅក្នុងភ្នែក ដើម្បីកាត់បន្ថយនូវការដុះលូតលាស់នៃសរសៃឈាមថ្មីៗ ដែលងាយដាច់ និងជ្រាបឈាម
• ការវះកាត់៖ ធ្វើឡើងក្នុងករណីមានសរសៃឈាមដុះថ្មីច្រើន ដែលត្រូវព្យាបាលរួមជាមួយការបាញ់ឡាស៊ែរ (PDT)។

ការបាត់បង់គំហើញមិនអាចស្រោចស្រង់បានដោយសារ Wet AMD នឹងកើនឡើងរហូត ទៅដល់៨៨% ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា។

វិធីសាស្រ្តក្នុងការការពារ
យើងអាចបញ្ចៀសខ្លួនពីជំងឺស្វិតស្រទាប់បាតភ្នែកបាន ដោយកាត់បន្ថយនូវកត្តាប្រឈមមួយចំនួនដែលយើងអាចធ្វើទៅបានតួយ៉ាង កាត់បន្ថយ ការទទួលទានអាហារប្រភេទខ្លាញ់ បញ្ឈប់ការ សេពគ្រឿងស្រវឹង ផ្តាច់បារី និងថែរក្សាសុខភាពមិនឲ្យមានជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយជាដើម។

អាយុកាន់តែច្រើន តែងតែជួបប្រទះនូវបញ្ហាភ្នែកជាញឹកញាប់ ដូច្នេះ ចំពោះអ្នកដែលមានអាយុចាប់ ពី៥០ឆ្នាំឡើងទៅ គួរទៅពិនិត្យភ្នែករៀងរាល់មួយឆ្នាំម្ដង ដើម្បីតាមដានសុខភាព ភ្នែក។ ទោះបីមានការស្រវាំងតិចតួចក្ដី ត្រូវតែទៅទទួលការពិនិត្យ និងព្យាបាលពីអ្នកឯកទេសចក្ខុរោគឲ្យបានត្រឹមត្រូវ ដើម្បីអាចជួយសង្គ្រោះពីការបាត់បង់គំហើញទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លេខទូរស័ព្ទ៖ ០១២ ៩២២ ៩៤២
 អ៊ីម៉ែល៖ amarinmarmd@gmail.com

បកស្រាយដោយ​៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ារ អមរិន្ទ ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានការិយាល័យបច្ចេកទេស និងជាប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់