AMLODIPINE នៅតែជាជម្រើសសម្រាប់ជំងឺលើសសម្ពាធឈាម

Amlodipine ជាឱសថប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺទាក់ទងនឹងសរសៃឈាមអាទែរ (Coronary artery disease) ចំពោះអ្នកជំងឺមានរោគសញ្ញាចុកទ្រូង ដែលអាចកើតឡើងបន្ទាប់ពីការប្រើកម្លាំងខ្លាំង ការឈឺចាប់ជាប់លាប់ ប៉ុន្តែជាជំងឺមិនមានសញ្ញាខ្សោយបេះដូងនោះទេ។ វាអាចប្រើតែឯង ឬក្នុងពេលជាមួយគ្នានៃឱសថដទៃទៀត ដែលអាចប្រើបានចំពោះមនុស្សពេញវ័យ ឬកុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ។

សកម្មភាពរបស់ឱសថ
ឱសថ Amlodipine ស្ថិតនៅក្នុងក្រុមប្រឆាំងនឹងការជ្រាបចូលនៃសារធាតុកាល់ស្យូម (Calcium channels blockers) ដោយធ្វើការរារាំងចលនាកាល់ស្យូមមិនឲ្យជ្រាបចូលក្នុងជាលិកា និងសរសៃអាទែរបេះដូង នាំឲ្យសរសៃឈាមស្ថិតក្នុងសភាពសម្រាក  កាត់បន្ថយការកន្រ្តាក់  ដែលនាំឲ្យលំហូរឈាមប្រព្រឹត្តទៅបានរលូនក្នុងបេះដូង។ សកម្មភាពរបស់ឱសថនេះ បានទៅបន្ថយសម្ពាធឈាម ដែលអាចកាត់បន្ថយការប្រឈមទៅនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាម។ ការសិក្សាបានបង្ហាញថា ឱសថ Amlodipine ត្រូវបានស្រូបចូលយ៉ាងល្អតាមរយៈការលេប ដែលកម្រិតកំហាប់ក្នុងឈាមមានរហូតដល់ ៦០% ចំណែកការបញ្ចេញចោលពាក់កណ្តាលធ្វើឡើងបន្ទាប់ពីការលេបរយៈពេល ៣០ ទៅ ៥០ម៉ោង ដែលត្រូវបញ្ចេញចោលជាចម្បងតាមរយៈទឹកនោម។  

កម្រិត និងរបៀបប្រើប្រាស់
ចំពោះមនុស្សពេញវ័យ កម្រិតនៃការប្រើប្រាស់ឱសថ Amlodipine គឺ៖
•    កម្រិតដំបូង៖ លេប ៥ មីលីក្រាម ម្តងជារៀងរាល់ថ្ងៃ
•    កម្រិតជាប្រចាំ៖ អាចលេបម្តង ៥ ទៅ ១០ មីលីក្រាម ជារៀងរាល់ថ្ងៃ
•    កម្រិតខ្ពស់បំផុត៖ អាចលេប ១០ មីលីក្រាមក្នុងមួយថ្ងៃ
ចំពោះអ្នកជំងឺក្នុងវ័យក្មេង ឬទន់ខ្សោយ អាចចាប់ផ្តើមប្រើប្រាស់ក្នុងកម្រិត ២.៥ មីលីក្រាម ម្តងក្នុងមួយថ្ងៃដែលការប្រែប្រួលគឺអាស្រ័យលើការឆ្លើយតបទៅនឹងប្រសិទ្ធភាពរបស់ឱសថ។

ផលរំខានរបស់ឱសថ
ត្រូវស្វែងរកការពិគ្រោះយោបល់ប្រសិនអ្នកមានសញ្ញាអាល្លែកហ្ស៊ីទៅនឹង Amlodipine ដូចជា ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។ ក្នុងករណីកម្រ សម្រាប់ការប្រើប្រាស់ឱសថ Amlodipine អាចធ្វើឲ្យអាការៈចុកទ្រូងរបស់អ្នកកាន់តែមានសភាពធ្ងន់ធ្ងរ ឬឈានដល់ការគាំងបេះដូង ដូច្នេះត្រូវស្វែងរកការសង្គ្រោះបន្ទាន់ប្រសិនសង្កេតឃើញមានរោគសញ្ញាចុកទ្រូង ឬមានសម្ពាធ ការឈឺចាប់រាលដាលមកដល់ស្មា ចង្អោរ ឬបែកញើសជាដើម។

បន្ថែមពីនោះផលរំខានមួយចំនួនក៏អាចកើតមានឡើងដូចជា៖
•    ចង្វាក់បេះដូងលោតញាប់
•    ការចុកទ្រូងមានសភាពធ្ងន់ធ្ងរ
•    ហើមម្រាមជើង ឬជង្គង់
•    មានអារម្មណ៍ស្រាលក្បាល
•    វិលមុខ អស់កម្លាំង
•    ឈឺពោះ ចង្អោរជាដើម។

គួរបញ្ជាក់ផងដែរ ឱសថ Amlodipine ក្នុងទម្រង់ជាគ្រាប់រួមមានឈ្មោះនៅលើទីផ្សារដូចជា Norvacs ​ និង Amlo-Denk ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់