[មានវីដេអូ] ការធ្លាក់ចុះនៃគំហើញកណ្តាល ដោយជំងឺ Dry AMD

Dry Age-Related Macular Degeneration (Dry AMD) ត្រូវបានសង្កេតឃើញថាមានការកើតឡើងចំពោះអ្នកដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើង និងពិសេសចំពោះជនជាតិស្បែកស។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ករណីនៃជំងឺ Dry AMD ត្រូវបានដឹងថាមានការកើនឡើងជាលំដាប់ ចំពោះជនជាតិអាស៊ីដោយសារកត្តាជាច្រើន។

តើអ្វីជា Dry AMD?
Dry Age-Related  Macular Degeneration (Dry AMD) គឺជាការវិវឌ្ឍចុះខ្សោយនៃកោសិកាបាតភ្នែក បណ្តាលមកពីជរាភាព ដែលវាអាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញកណ្តាលរបស់អ្នកជំងឺ។

មូលហេតុ និងកត្តាប្រឈម
មូលហេតុពិតប្រាកដនៃជំងឺ Dry AMD នៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែជាក់ស្តែង កត្តាបរិស្ថាន និងសេនេទិច ត្រូវបានដឹងថាអាចបង្កើនហានិភ័យក្នុងការប្រឈមនឹងជំងឺនេះបាន។  
ក្រៅពីនេះ អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ Dry AMD រួមមាន៖
-    មនុស្សវ័យចំណាស់ ពិសេសចាប់ពី ៦៥ឆ្នាំឡើង
-    អ្នកមានជំងឺប្រចាំកាយដូចជា ជំងឺសរសៃឈាមបេះដូង លើសជាតិខ្លាញ់ជាដើម
-    អ្នកចូលចិត្តពិសាអាហារមានជាតិខ្លាញ់ច្រើន និងពិសេសអ្នកញៀនបារី
-    អ្នកមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ
-    អ្នកមានមុខរបរ ឬការងារ ឬរស់នៅ មិនសូវសកម្ម ដូចជាឧស្សាហ៍អង្គុយនៅមួយកន្លែងមិនសូវបានធ្វើចលនា។

រោគសញ្ញាសម្គាល់
-    ដំណាក់កាលដំបូង៖ អ្នកជំងឺអាចពុំមានផលប៉ះពាល់ណាមួយលើគំហើញឡើយ (ការមើលឃើញធម្មតា ឬបើសិនធ្លាក់ចុះអាចធ្លាក់ចុះក្នុងកម្រិតបន្តិចបន្តួច) ដែលជាហេតុធ្វើឲ្យអ្នកជំងឺមិនដឹងថាខ្លួនមានជំងឺនេះ។
-    ដំណាក់កាលធ្ងន់ធ្ងរ៖
•    ការមើលឃើញ ឬគំហើញកណ្តាលរបស់គាត់អាចធ្លាក់ចុះ មានន័យថារាល់ផ្ទៃរូបភាពដែលគាត់មើលអាចមានចំណុចពណ៌ខ្មៅនៅកណ្តាល ដែលធ្វើឲ្យគាត់បាត់បង់រូបភាពកណ្តាល
•    ការមើលឃើញអាចមិនស្មើសាច់ វៀច ប៉ោងឬកោង ជាពិសេសនៅពេលអ្នកជំងឺធ្វើដំណើរ
•    បន្ទាប់មក អាចមានការថយចុះក្នុងការមើលពណ៌ មានន័យថាពណ៌ដែលឃើញមិនដូចធម្មជាតិដោយអាចស្លេកជាងមុន ឬឈានដល់ការបាត់បង់ពណ៌ទាំងស្រុងតែម្តង
•    បន្ទាប់មកទៀត អ្នកជំងឺអាចមានផលលំបាកក្នុងការមើល នៅពេលផ្លាស់ទីពីកន្លែងងងឹតទៅកន្លែងភ្លឺ ឬ ពីភ្លឺមកងងឹត។

យន្តការនៃជំងឺ Dry AMD
ស្រទាប់បាតភ្នែករេទីណា (Retina) មានកោសិកាមួយឈ្មោះ Bruch membrane ដែលស្ថិតនៅចន្លោះសរសៃឈាម និងកោសិកាសម្រាប់ចាប់ពណ៌ និងពន្លឺ។ ចំពោះអ្នកជំងឺ Dry AMD គេសង្កេតឃើញកោសិកា Bruch membrane មានភាពក្រាស់ជាងមុន និងមានភាពខ្សោយជាងមុនដែលបណ្តាលឲ្យពពួកប្រូតេអុីន និងលីពីត (ខ្លាញ់)អាចមកប្រមូលផ្តុំនៅត្រង់នោះ បង្កឲ្យមានភាពប៉ោង ឬហើម និងបង្កើតបានជា Drusen (កាកសំណល់ប្រូតេអ៊ីន និងលីពីតដែលកកនៅកោសិកាបាតភ្នែកត្រង់កន្លែងចាប់រូបភាព)។

ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ
ការធ្វើរោគវិនិច្ឆ័យ Dry AMD ផ្តោតសំខាន់លើការពិនិត្យសុខភាពបាតភ្នែក ដោយប្រើប្រាស់ថ្នាំបន្តក់ពង្រីកកូនក្រមុំភ្នែក ដើម្បីមើលបាតភ្នែកទាំងមូល និងជាពិសេសត្រង់ចំណុចចាប់រូបភាពកណ្តាលនៅលើបាតភ្នែក (Macula) ដែលរួមមាន៖
-    ការស្កេន OCT ដើម្បីដឹងពីកម្រាស់នៃសរសៃបាតភ្នែក ៖ ប្រសិនលទ្ធផលបង្ហាញពីភាពហើម ឬក្រាស់ជាងធម្មតានៃសរសៃបាតភ្នែក អាចបញ្ជាក់បានថាជាជំងឺ Dry AMD ។
-    បន្ទាប់មក គ្រូពេទ្យអាចប្រើបច្ចេកទេសមួយទៀតដោយការចាក់ថ្នាំដែលមានសារធាតុ Fluo-rescence សម្រាប់ថត Angiography ដើម្បីមើលឃើញកោសិកា និងរចនាសម្ព័ន្ធសរសៃឈាម(រកមើលការដុះសរសៃឈាមថ្មី ឬការហូរឈាមជាដើម) ។

ការព្យាបាលសមស្រប
ការព្យាបាលជំងឺ Dry AMD ត្រូវធ្វើឡើងអាស្រ័យលើដំណាក់កាលនីមួយៗ៖
-    ដំណាក់កាលដំបូង ៖ ការព្យាបាលអាចផ្តោតលើរបៀបរបបនៃការញ៉ាំចំណីអាហារ ដោយតម្រូវឲ្យអ្នកជំងឺបន្ថយការបរិភោគអាហារមានជាតិខ្លាញ់គ្រឿងស្រវឹង ពិសេសកាត់ផ្តាច់ការពិសាបារី និងអាចផ្តោតលើទម្លាប់រស់នៅបែបសកម្មផងដែរ។
-    ដំណាក់កាលបន្ទាប់ ឬធម្យម ៖ ការព្យាបាលអាចផ្តោតលើការបន្ថែមអាហារបំប៉នដែលមានសារធាតុ Antioxidants ដូចជាពពួក Lutein ឬ Zeaxanthin ដោយវាអាចបន្ថយការវិវឌ្ឍនៃជំងឺទៅជាធ្ងន់ធ្ងរ និងត្រូវបន្តជំរុញការប្រកាន់របបអាហារត្រឹមត្រូវ ជាមួយទម្លាប់ក្នុងការរស់នៅបែបសកម្ម។  
-    ករណីមិនទទួលបានលទ្ធផលល្អ ក្រោយការប្រើប្រាស់មធ្យោបាយខាងលើ ឬអ្នកជំងឺថែមទាំងមានលេចឡើងនូវសរសៃឈាមថ្មី ឬការហូរឈាមនៅសរសៃបាតភ្នែក នោះការព្យាបាលនឹងផ្តោតលើការបញ្ឈប់ការហូរឈាម និងកាត់បន្ថយការដុះសរសៃឈាមដោយការប្រើកាំរស្មី ឬ ថ្នាំចាក់។

ផលវិបាកនៃអ្នកជំងឺ Dry AMD
ចំពោះអ្នកជំងឺដែលមិនបានមកទទួលការពិនិត្យភ្នែកសោះ ឬមិនបានព្យាបាលត្រឹមត្រូវ អាចមានការវិវឌ្ឍឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ករណីនេះអ្នកជំងឺអាចរងគ្រោះដោយផលវិបាកធ្ងន់ធ្ងរដូចជា ដុះសរសៃឈាម និងហូរឈាមបាតភ្នែក ដែលពិបាកក្នុងការព្យាបាល។ ម៉្យាងវិញទៀត អ្នកជំងឺអាចប្រឈមនឹងការបាត់បង់គំហើញកណ្តាលជារៀងរហូត បានន័យថារាល់រូបភាពដែលគាត់មើល នឹងឃើញមានចំណុចខ្មៅនៅកណ្តាល (តែសងខាងចំណុចខ្មៅអាចនៅមើលឃើញ)។

ការការពារចាំបាច់
-    ចំពោះអ្នកមានវ័យចាប់ពី ៦០ឆ្នាំ គួរមកទទួលការពិនិត្យសុខភាពភ្នែកយ៉ាងហោចម្តងក្នុងមួយឆ្នាំ និងទទួលដំបូន្មានលើការពិនិត្យសុខភាពទូទៅក៏ដូចជាគ្រប់គ្រង និងព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសផងដែរ ប្រសិនបើគាត់មានជំងឺផ្សេងទៀតដូចជា លើសឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ជាដើម។
-    ប្រសិនបើអ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Dry AMD ហើយ ត្រូវចៀសវាងនូវកត្តាហានិភ័យដែលជំរុញការវិវឌ្ឍរបស់ជំងឺដូចជា កត្តាចំណីអាហារ ដែលត្រូវបន្ថយអាហារខ្លាញ់ បារី ស្រា និងកត្តារស់នៅ។ ក្រៅពីនេះ ត្រូវចៀសវាងភាពមិនសកម្ម ពិសេសត្រូវផ្តាច់បារី និងប្រសិនបើមានអាការៈប្រែប្រួលណាមួយលើគំហើញត្រូវមកជួបតាមដានជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានឆាប់រហ័ស។

ជំងឺ Dry AMD អាចចាត់ទុកបានថាជាជំងឺថ្មីមួយទៀតដែលត្រូវបានរកឃើញកើនឡើងជាលំដាប់ចំពោះប្រជាជនអាស៊ី ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដោយសារកត្តាប្រែប្រួលនានារួមទាំងចំណីអាហារ ការរស់នៅ ជាមួយនឹងការកើនឡើងនូវជំងឺរ៉ាំរ៉ៃផ្សេងៗ (ការលើសជាតិខ្លាញ់ លើសសម្ពាធឈាម និងទឹកនោមផ្អែមជាដើម)។ ដូចនេះ រាល់អ្នកជំងឺដែលបានរកឃើញថាមានជំងឺ Dry AMDហើយ ក្រៅពីធ្វើការព្យាបាលលើជំងឺនេះផ្ទាល់ គាត់ក៏ត្រូវចាំបាច់ស្វែងរកការព្យាបាលលើជំងឺទូទៅរបស់ខ្លួនឲ្យបានប្រញាប់ផងដែរ ដើម្បីចៀសវាងនូវហានិភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយដែលពិបាកក្នុងការព្យាបាល។

ដោយឡែក វេជ្ជបណ្ឌិតរួមទាំងអ្នកវិជ្ជាជីវៈសុខាភិបាល ក៏គួរប្រាកដថាអ្នកជំងឺដែលមានជំងឺទូទៅត្រូវបានពន្យល់ និងណែនាំឲ្យទទួលការពិនិត្យសុខភាពបាតភ្នែកផងដែរ ប្រសិនបើគាត់មានរោគសញ្ញា ឬបញ្ហាភ្នែក ដោយសារមិនថាជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ឬលើសឈាមទេ សុទ្ធតែអាចបង្កហានិភ័យដល់សរីរាង្គដែលមានសរសៃឈាមផ្សេងទៀត។

បកស្រាយដោយ​៖​ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់