ទំនាក់ទំនងនៃជំងឺធ្លាក់ទឹកចិត្ត និងសារពាង្គកាយ

ពិបាកចិត្ត ឬភ័យព្រួយ ហាក់ជាអារម្មណ៍កំពុងដើរទន្ទឹមគ្នាជាមួយជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗយ៉ាងណាមិញ ក្នុងលក្ខខណ្ឌដែលអារម្មណ៍បែបនោះបន្តអូសបន្លាយលើសពី ២អាទិត្យ វាអាចជាសញ្ញាព្រមាននៃជំងឺធ្លាក់ទឹកចិត្តដែលត្រូវបានបកស្រាយតាមរយៈភស្តុតាងជាច្រើននៅតាមប្រទេសមួយចំនួន តួយ៉ាង នៅសហរដ្ឋអាមេរិក វាបានប៉ះពាល់លើមនុស្សពេញវ័យជាង ១៧ លាននាក់ក្នុង មួយឆ្នាំ។

បើទោះបីជំងឺធ្លាក់ទឹកចិត្ត ភាគច្រើនជាប់ពាក់ព័ន្ធជាមួយដំណើរការគិត ឬអារម្មណ៍ តែវាក៏អាចរាលដាលទៅដល់ប្រសិទ្ធភាពនៃដំណើរការសរីរាង្គមួយចំនួនជាពិសេសក្នុងករណីមិនទទួលបានការព្យាបាលទាន់ពេលវេលា។ ការប៉ះពាល់ទាំងនោះមានទៅលើដូចជា៖

ប្រព័ន្ធសរសៃប្រសាទ
អារម្មណ៍ពិបាកចិត្ត សោកសៅ ឬអាម៉ាស់ ក្នុងសភាពមិនអាចគ្រប់គ្រងបាន ជាសញ្ញាដែលបង្ហាញពីទំនាក់ទំនងនៃបញ្ហាផ្លូវចិត្តទៅនឹងប្រព័ន្ធសរសៃប្រសាទ ដោយអាចបកស្រាយបានតាមរយៈអារម្មណ៍ប្រែជាទទេស្អាត អស់សង្ឃឹម ឬមិនយល់ពីអាកប្បកិរិយាដែលខ្លួនកំពុងប្រព្រឹត្ត។ ខ្លះទៀត អាចមានអារម្មណ៍ល្ហិតល្ហៃជាប្រចាំ ប៉ះពាល់ដល់ដំណេក ឆាប់ខឹង មួម៉ៅ ឬបាត់បង់ចំណូលចិត្តលើទម្លាប់ពីមុនមក។

ការរក្សាប្រសិទ្ធភាពការងារ ឬបំពេញកាតព្វកិច្ច នានា បានប្រែក្លាយទៅជាបញ្ហាទៅវិញ ចំពោះ បុគ្គលដែលកំពុងប្រឈមជាមួយជំងឺធ្លាក់ទឹកចិត្តបណ្តាលមកពីការធ្លាក់ចុះសមត្ថភាពក្នុងការផ្តោតអារម្មណ៍ ការចងចាំចុះខ្សោយ និងពិបាកធ្វើការ សម្រេចចិត្ត។

ចំណែកបញ្ហាផ្លូវចិត្តដែលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ អាចបង្កជាអាការៈឈឺចាប់ផ្នែកក្បាល រាងកាយ និងការឈឺចាប់ផ្សេងទៀតដែលមិនឆ្លើយតបការព្យាបាលជាមួយឱសថមួយចំនួនដែលនោះជាលទ្ធផលនៃជំងឺសរសៃប្រសាទដូចជាជំងឺបាត់បង់ការចងចាំ (Alzheimer) ជំងឺប្រកាច់ឬប៉ះពាល់ដំណើរការសរសៃប្រសាទផ្សេងទៀត។

ប្រព័ន្ធរំលាយអាហារ
អ្នកជំងឺធ្លាក់ទឹកចិត្ត អាចនឹងញ៉ាំច្រើន ឬបាត់បង់ ចំណង់អាហារ ដែលសុទ្ធសឹងតែអាចបង្កការប៉ះពាល់ទៅដល់មុខងារប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរ។ ការប្រកាន់ខ្ជាប់ទម្លាប់មិនល្អបែបនេះអាចឲ្យអ្នកជំងឺបែរជាមានបញ្ហាលើសទម្ងន់ ឬបាត់បង់សារជាតិចិញ្ចឹមសំខាន់ៗក្នុងករណីថយចុះការទទួលទានអាហារ ហើយស្ថានភាពកាន់តែពិបាកក្នុងការព្យាបាល ដរាបណាអ្នកជំងឺព្រម ផ្លាស់ប្តូរ ឬប្រកាន់ខ្ជាប់របបអាហារដែលត្រឹមត្រូវត្រឡប់មកវិញ។ រោគសញ្ញាបណ្តាលមកពីការផ្លាស់ប្តូរទម្លាប់ការញ៉ាំអាហារមានដូចជា៖
•    ឈឺពោះ
•    រមួល
•    ទល់លាមក
•    កង្វះសារជាតិចិញ្ចឹម។

ដូច្នេះអ្នកជំងឺបាក់ទឹកចិត្ត ត្រូវរក្សានូវរបបអាហារ ឲ្យបានត្រឹមត្រូវ បើទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដោយហេតុថាសារធាតុចិញ្ចឹម មិនត្រឹមតែផ្តល់ឲ្យអ្នកឆ្អែតនោះទេ វាក៏មានមុខងារក្នុងការរក្សាឲ្យបាននូវដំណើរការរាងកាយផងដែរ។ ផ្អែកតាមការសិក្សា អ្នកជំងឺធ្លាក់ទឹកចិត្តហាក់មានការធ្លាក់ចុះនូវសារធាតុចិញ្ចឹមចាំបាច់មួយចំនួនដូចជា៖
•    អូមេហ្គា ៣
•    វីតាមីន បេ
•    សារធាតុរ៉ែ
•    ពពួកអាស៊ីតអាមីនេ។

ប្រព័ន្ធបេះដូង និងភាពស៊ាំ
អ័រម៉ូនស្ត្រេសមានសមត្ថភាពទៅបង្កើនល្បឿននៃចង្វាក់បេះដូង ធ្វើឲ្យសរសៃឈាមប្រែជារឹង នាំឲ្យលេចឡើងជាជំងឺបេះដូងក្នុងរយៈពេលកំណត់ណាមួយ។ ការលាប់ឡើងវិញនៃជំងឺបេះដូងភាគច្រើនទាក់ទងនឹងជំងឺបាក់ទឹកចិត្តច្រើនជាងលក្ខខណ្ឌ ឬជំងឺផ្សេងទៀតដូចជា៖
•    ការជក់បារី
•    ជំងឺទឹកនោមផ្អែម
•    សម្ពាធឈាមឡើងខ្ពស់
•    ឬកូឡេស្តេរ៉ុលកើនឡើង។

បន្ថែមពីលើការប្រឈមនៃជំងឺបេះដូង បញ្ហាធ្លាក់ទឹកចិត្តក៏បង្កជាបន្ទុកទៅលើប្រព័ន្ធភាពស៊ាំរាងកាយបណ្តាលឲ្យអ្នកមានហានិភ័យខ្ពស់ទៅលើការឆ្លងមេរោគ ឬជំងឺទូទៅផ្សេងៗ។ តាមរយៈរបាយការណ៍នៃការសិក្សាមួយក៏បានបង្ហាញផងដែរពីទំនាក់ទំនងនៃប្រតិកម្មរលាក (ងាយប្រឈមនឹងបញ្ហាសុខភាព) ជាមួយបញ្ហាបាក់ទឹកចិត្តបើទោះបីការបកស្រាយមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់