ផលិតផល៣មុខនេះ ត្រូវបានហាមឃាត់ការនាំចូល លក់ ចែកចាយ

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយបោកប្រាស់នូវផលិតផល ៣មុខ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានដូចជា៖

១. សេរ៉ូមឈ្មោះ Glutaone 600  (ជាប្រភេទឱសថ) គ្រប់ប្រភេទ ដែលកំពុងត្រូវបានផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកចំនួន ៤ ឈ្មោះ 
១- Phea Sreng 
២- Oeng Chhiv Yi 
៣- Nana Chang 
៤- ជេ-ជេ សប។ 
ឱសថ Glutaone 600 ត្រូវបានផលិតនៅប្រទេសថៃ គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកាគ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាត ហើយថែមទាំងផ្សព្វផ្សាយភូតកុហក បោកប្រាស់ គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធ្វើឲ្យស្បែកសបែបស៊ីជម្ពូ ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង ផ្តល់សំណើមដល់ស្បែក បំបាត់មុន បំបាត់ស្នាមអុជខ្មៅ ។ល។

២. គ្រឿងសម្អាងឈ្មោះ Firmax 3 Cream ផលិតនៅប្រទេសម៉ាឡេស៊ីមានលេខប្រវេទន៍ CAMN១៥៣៦៩CN-១៧ បាននាំចូលដោយក្រុមហ៊ុន អអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក “RF3 WORLD (CAMBODIA) Co., lTD.” ត្រូវបានកំពុងផ្សព្វផ្សាយតាមរយៈគណនីចំនួន ៦០ និងគណនីផ្សេងទៀត ដោយបានអួតអាង ភូតកុហក បោកប្រាស់បំផ្លើសហួសពីការពិតនូវផលិតផល ថាបានព្យាបាលជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ខ្លាញ់រុំសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ ជំងឺក្រពះពោះវៀន ជំងឺឫសដូងបាត ជំងឺស្រ្តីគ្រប់ប្រភេទ ជំងឺលើសឈាម ឡើងជាតិស្ករ ជំងឺថ្លើម ជំងឺសួត ជំងឺរលាកច្រមុះ រក្សាសម្រស់ឲ្យនៅក្មេង និងជំងឺផ្សេងៗជាច្រើនមុខទៀត។

៣. គណនីចំនួនបីដែលមានឈ្មោះ 
១- AMOUR បុរសមន្តស្នេហ៍ 
២- SaRa 999 លក់ផលិតផលសុខភាពបុរស  
៣- អាយ៉ា លក់ផលិតផល ធំ វែង បានយូរ បានកំពុងផ្សព្វផ្សាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ NANO-G ផលិតនៅប្រទេសបារាំង គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកាគ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ដោយធ្វើការអួតអាង ភូតកុហក បោកប្រាស់ ដូចជាជួយសម្រួលដល់ប្រដាប់ភេទទន់ខ្សោយ ឆាប់ចេញទឹកកាមនិងជួយសម្រួលដល់ការឡើងសម្ពាធឈាម ជាតិអាស៊ីត និងជាតិស្ករ ព្រមទាំងជួយព្យាបាលការឈឺសន្លាក់ដៃជើង ឈឺចង្កេះ ចុករួយខ្នងជាដើម។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព   សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ផលិតផលទៅតាមការឃោសនាលើគណនីហ្វេសប៊ុកខាងលើ។   ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីទាំងអស់នេះ ដែលនាំចូលផ្សព្វផ្សាយបំផ្លើសហួសពីការពិត លក់ ឬចែកចាយ  ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង ។
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
០១១ ៥៧៤ ៧៨៧
០៩៥ ៣៥៩ ៣៩៩
០១២ ៩៨៣ ៣៣៤
០១៧ ៦០៦ ៦៧០។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់