"ផ្លូវរត់AIA" ជំហានឆ្ពោះទៅរកសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ

"ស្ថានភាពបេះដូងកាន់តែល្អ រចនាសម្ព័ន្ធរបស់ឆ្អឹង និងសាច់ដុំកាន់តែរឹងមាំ ប្រព័ន្ធប្រសាទដំណើរការកាន់តែប្រសើរ" ទាំងនេះ គឺជាអត្ថប្រយោជន៍សុខភាពជាច្រើន ដែលយើងអាចទទួលបានពីការរត់ហាត់ប្រាណជាប្រចាំបែបសាមញ្ញៗ ដែលមិនត្រូវការចំណាយច្រើន។ លើសពីនេះទៀត ការរត់ជាប្រចាំថែមទាំងកាត់បន្ថយល្បឿននៃការវិវត្តទៅរកភាពចាស់ទ្រុឌទ្រោម ជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដទៃទៀតផងដែរ។ 

ជាក់ស្តែង ដោយមានការយល់ច្បាស់ពីគុណប្រយោជន៍សម្រាប់សុខភាពទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបង្កើតជាផ្លូវមួយសម្រាប់ដើរ និងការរត់ហាត់ប្រាណជាសាធារណៈ។ “ផ្លូវរត់AIA” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យប្រជាជនខ្មែរទទួលបានអត្ថប្រយោជន៍ពីការរស់នៅប្រកបដោយសុខភាពល្អ។ ដោយមិនចាំបាច់បារម្ភអំពីចរាចរណ៍ដ៏មមារញឹកនៅក្នុងទីក្រុង អ្នកដើរ និងអ្នករត់ទាំងឡាយអាចហាត់ប្រាណដោយមិនមានការរំខាន ហើយថែមទាំងមានការលើកទឹកចិត្តតាមរយៈបង្គោលស្លាកសញ្ញាបង្ហាញចំងាយផ្លូវរៀងរាល់ ៥០ម៉ែត្រនៅលើផ្លូវរត់នេះ។

“ផ្លូវរត់AIA” ត្រូវបានសម្ពោធ និងអបអរសាទរដោយបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA រាប់រយនាក់ ដែលប្រារព្ធនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨។ ថ្លែងនៅក្នុងពិធីសម្ពោធនោះដែរ នាយកប្រតិបត្តិប្រចាំតំបន់របស់ AIA លោក Jacky Chan បានមានប្រសាសន៍ថា “AIA បេ្តជ្ញាជួយឲ្យប្រជាពលរដ្ឋជាទូទៅដោយរួមទាំងប្រជាជនខ្មែរទាំងអស់ផងដែរ ទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។ ប្រជាជននៅកម្ពុជាចាប់អារម្មណ៍ និងយល់ដឹងអំពីសុខភាពរបស់ពួកគេកាន់តែច្រើនឡើងៗ ហើយយើងនៅទីនេះ ដើម្បីជួយពួកគាត់អាចចាប់ផ្តើមថែរក្សា និងលើកកម្ពស់បែបផែនការរស់នៅប្រកបដោយសុខភាពល្អ។ ផ្លូវរត់ AIA ដែលបានសម្ពោធនៅថ្ងៃនេះ ផ្តល់ជាមូលដ្ឋានដ៏មានប្រសិទ្ធិភាព និងបើកចំហរចំពោះសាធារណជននៅទីនេះឲ្យពូកគាត់អាចចាប់យកនូវផែនការរស់នៅបែបនេះបានយ៉ាងងាយស្រួល។ 

ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានយល់ស្របដោយបន្ថែមថា “ ចាប់តាំងពីដំបូងមកម្ល៉េះ អេ អាយ អេ ខេមបូឌា បានកំណត់យកសុខុមាលភាពប្រជាជនជាចំណុចយកចិត្តទុកដាក់សំខាន់បំផុតសម្រាប់ប្រតិបត្តិការទាំងអស់របស់យើង។ “ផ្លូវរត់AIA” គឺជាធាតុផ្សំបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់យើងកន្លងមក ដើម្បីបង្កើតឲ្យមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សគ្រប់រូប ដោយជំរុញឲ្យមានការរស់នៅប្រកបដោយសុខភាពល្អ។ យើងជឿជាក់ថា “ផ្លូវរត់AIA” មិនត្រឹមតែជួយឲ្យអ្នករាល់គ្នាធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ តែថែមទាំងជំរុញឲ្យគាត់មានទឹកចិត្តឈានជំហានឆ្ពោះទៅរកការរស់នៅប្រកបដោយមានសុខភាពកាន់តែប្រសើរ”។ 

គួរបញ្ជាក់ផងដែរថា “ផ្លូវរត់AIA” មានប្រវែងជាង ៨៥០ម៉ែត្រលាតសន្ធឹងតាមបណ្តោយច្រាំងទន្លេចតុមុខ ចន្លោះសាលសនិ្នសិទចតុមុខ និងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ហើយ “ផ្លូវរត់ AIA” នេះស្វាគមន៍រាល់សាធារណជនជាទូទៅដោយមិនគិតថ្លៃ។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់