Optic Neuritis ការរលាកសរសៃអុបទិក

Optic neuritis គឺជាការរលាកសរសៃអុបទិក ដែលជាសរសៃប្រសាទសម្រាប់បញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅកាន់ខួរក្បាល។

មូលហេតុ និងកត្តាប្រឈម
មូលហេតុដែលបណ្តាលឲ្យមានការរលាកសរសៃអុបទិក  មាន៤ធំៗ៖
•    ការខូចស្រោមខាងក្រៅរបស់សរសៃអុបទិក(ជាមូលហេតុកើតឡើងមានញឹកញាប់ជាងគេ)
•    ការបង្ករោគនៅជុំវិញសរសៃអុបទិក
•    ការបង្ករោគនៅនឹងសរសៃអុបទិកផ្ទាល់ដោយសារមេរោគផ្សេងៗ
•    ការរលាកដែលមិនមែនបណ្តាលមកពីមេរោគ តែភាគច្រើនមកពីជំងឺទូទៅប្រចាំកាយ។    
ក្រៅពីនេះ អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រ​ឈមនឹងជំងឺរលាកសរសៃអុបទិកមាន៖
•    ភាគច្រើនជាស្ត្រី អាយុពី២០ ទៅ៤០ឆ្នាំ
•    ជនជាតិស្បែកស
•    កត្តាហ្សែនមួយចំនួនដែលនាំឲ្យមានការលាក។

រោគសញ្ញា
•    ស្រវាំងភ្នែកម្ខាងភ្លាមៗរហូតដល់មើលមិនឃើញទាំងស្រុង លាយឡំជាមួយការឈឺក្បាល
•    ឈឺគ្រាប់ភ្នែក ជាពិសេសនៅពេលធ្វើចលនាភ្នែក
•    មានស្រមោលខ្មៅនៅផ្នែកណាមួយនៃការមើលឃើញ
•    ឃើញបែកភ្លើងអំពិលអំពែកក្នុងភ្នែក។

ការធ្វើរោគវិនិច័្ឆយ​
រោគវិនិច្ឆ័យនៃជំងឺនេះត្រូវបានធ្វើឡើងតាមរយៈរោគសញ្ញាដែលអ្នកជំងឺ​មានរួមផ្សំជាមួយការពិនិត្យ និងធ្វើតេស្តមួយចំនួន ដូចជា៖
•    ការពិនិត្យភ្នែករកការហើម និងការថយចុះនូវមុខងាររបស់សរសៃអុបទិក
•    ការធ្វើតេស្តឈាម និងថត MRI ខួរក្បាល និងខួរឆ្អឹងខ្នង 
•    ក្នុងករណីខ្លះ គេអាចបូមយកទឹកខួរឆ្អឹងខ្នងយកទៅពិនិត្យផងដែរ។ 
 
ការរលាកសរសៃអុបទិក អាចជាសះស្បើយដែរឬទេ ?
ការរលាកសរសៃអុបទិក អាចជាសះស្បើយទៅវិញដោយខ្លួនឯង តែការប្រើថ្នាំ Corticosteroid នឹងពន្លឿនការជាសះស្បើយ តែទោះជាការរលាកបានបាត់ទៅវិញក្តី ក៏គំហើញដែលបានបាត់បង់មិនអាចត្រឡប់មកដូចដើម ១០០% ទេ។

ផលវិបាក
•    ករណីខ្លះអាចមានការស្វិតសរសៃអុបទិក ទោះបីជាមានការព្យាបាលជាសះស្បើយ ហើយក៏ដោយ ក៏ការបាត់បង់គំហើញរបស់អ្នកជំងឺមិនអាចត្រឡប់មកវិញបាន
•    ផលវិបាករបស់ថ្នាំ Corticosteroid ក្រោយការព្យាបាល។

វិធីសាស្រ្តការពារពីការរលាកសរសៃអុបទិក
ដើម្បីការពារពីការរលាកសរសៃអុបទិក គឺចៀសវាងពីកត្តាផ្សេងៗដែលអាចឲ្យមានការបង្ករោគដូចជា ការលេងជាមួយសត្វឆ្មា ការបរិភោគអាហារ ឬទឹកមិនស្អាត។ តែក៏មានកត្តាមួយចំនួនដែលមិនអាចចៀសវាងបាន ដូចជាកត្តាហ្សែន  ឬសារពាង្គកាយ ប្រឆាំងនឹងខ្លួនឯងជាដើម។

ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលមានបញ្ហាភ្នែក ឲ្យឆាប់ទទួលការពិនិត្យ និង ព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា  ហើយចៀសវាងការបណ្តែតបណ្តោយឲ្យក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ដែលពិបាកព្យាបាល ឬព្យាបាលមិនបាន។

សម្រាប់ព័ត៌មានបន្ថែម 
សូមទំនាក់ទំនង គ្លីនិកភ្នែក ភ្នំពេញ ០៦១ ៦៦៦៧៧១ ឬ ០៨៦ ៨៨៦៦៧៦ ឬ ០៨៨ ៨៨៦៨៨៣៦
គេហទំព័រ៖ http://www.eye.today

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហេង សុផល  ឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែក ភ្នំពេញ 

​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់