សន្និសីទឱសថសាស្រ្តដំបូងបង្អស់នៅកម្ពុជា ជាជោគជ័យមួយដ៏ធំធេងសម្រាប់វិជ្ជាជីវៈឱសថសាស្រ្ត និងវិស័យសុខាភិបាល

សន្និសីទឱសថសាស្រ្តលើកទី១ ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣ អគារប៊ី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាសផលិតឱសថ ឱសថស្ថានឯកជន និងមហាវិទ្យាល័យឱសថសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា។ 

សន្និសីទនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព  លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោក បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា និងឯកឧត្តម ឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា ។

វាគ្មិនកិត្តិយស១១នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្ត និងភាពជោគជ័យនានារបស់ខ្លួននៅក្នុងផ្នែកចំនួនប្រាំក្នុងវិស័យឱសថសាស្រ្ត៖ ឱសថសាស្រ្តគ្លីនិក ឱសថសាស្រ្តសហគមន៍ ឱសថសាស្រ្តឧស្សាហកម្ម វេជ្ជជីវសាស្រ្ត និងឱសថសាស្រ្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់ផ្នែកឱសថសាស្រ្ត និងក្រុមហ៊ុននានាដែលនិស្សិតអាចស្វែងយល់បន្ថែមអំពីការសិក្សាស៊ីជម្រៅលើជំនាញឱសថសាស្រ្ត ឱកាសការងារតាមក្រុមហ៊ុន និងការស្វែងយល់អំពីព័ត៌មានផលិតផលឱសថមួយចំនួន។ តាមរយៈសន្និសិទនេះ អ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានសារៈសំខាន់សម្រាប់អាជីពទៅថ្ងៃក្រោយ និងជាទុនសម្រាប់សិក្សាបន្តក្នុងថ្ងៃអនាគត។

ជាលទ្ធផល គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានវាយតម្លៃខ្ពស់ពីការរៀបឲ្យមានសន្និសីទឱសថសាស្រ្តលើកទី១ ដែលជាសន្និសីទដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយសន្និសីទនេះ នឹងជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តសម្រាប់វិជ្ជាជីវៈឱសថសាស្រ្ត ដែលឱសថការីទាំងអស់តម្រូវឲ្យចូលរួមជាចាំបាច់នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ សន្និសីទនេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់វិជ្ជាជីវៈឱសថសាស្រ្តទាំងមូល និងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និយាយដោយឡែក  ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមាននូវសន្និសីទឱសថសាស្រ្តដំបូងគេនេះឡើង។

គណៈកម្មការរៀបចំសន្និសីទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងចែករំលែកនៅក្នុងសន្និសីទនេះ និងជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីដែលមានដូចជា ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់