អ្វីខ្លះជាហេតុបង្កឲ្យមានកំណកកករ ក្នុងទឹកបាតភ្នែក?

Floaters ជាកំណកកករ ដែលកើតមានក្នុងទឹកបាតភ្នែក(Vitreous)។ ជាធម្មតា ទឹកបាតភ្នែក ជាសារធាតុរាវ ថ្លាគ្មានពណ៌ អន្ធិលៗដូចជែល ស្ថិតនៅផ្នែកខាងក្រោយភ្នែក។ សារធាតុរាវនេះមានប្រមាណជា ៨០%នៃគ្រាប់ភ្នែកទាំងមូល ហើយមានតួនាទីជួយការពារភ្នែក ព្រមទាំងរក្សាឲ្យបាននូវទ្រង់ទ្រាយគ្រាប់ភ្នែកផងដែរ។

មូលហេតុ និងកត្តាប្រឈម
Floaters កើតឡើងដោយសារតែមានការប្រែប្រួលសភាពទឹកបាតភ្នែក បង្កើតបានជាសរសៃៗ ឬដុំកំណកបាំងនៅពីមុខរ៉េទីន ដែលអាចពាក់ព័់ន្ធនឹងកត្តាជាច្រើនដូចជា៖
•    វ័យចំណាស់ ៖ ដោយសារនៅពេលអាយុ ច្រើន Vitreous នឹងប្រែរាវជាងមុនបណ្តាលឲ្យរបើកចេញពីស្រទាប់បាតភ្នែក (Posterior  Vitreous Detachments) បង្កើតបានជាសរសៃៗ ឬដុំកំណកដែលអាចបាំងពន្លឺឆ្លងកាត់ភ្នែកបាន។
•    ការរលាកផ្នែកខាងក្រោយនៃបាតភ្នែក ៖ នៅពេលជាលិកាភ្នែក ផ្នែកខាងក្រោយរលាកទឹកនៅក្នុងបាតភ្នែកប្រែក្លាយជាល្អក់កករ ឬស្រអាប់។
•    ការហូរឈាមក្នុងភ្នែក ៖ ករណីនេះអាចកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម លើសឈាមស្ទះសរសៃឈាម និងរបួសជាដើម។
•    ការប្រើប្រាស់ថ្នាំមួយចំនួន៖ ស៊ីលីកូន ឬថ្នាំមួយចំនួនទៀតអាចនៅសេសសល់ក្នុង Vitreous  ក្រោយការចាក់បញ្ចូលអំឡុងពេលវះកាត់ បង្កើតបានជាពពុះដែលអាចជាស្រមោលបាំងពន្លឺចូលភ្នែកបាន។
•    ការរហែកស្រទាប់បាតភ្នែក ៖ អាចបណ្តាលមកពីការកន្រ្តាក់ខ្លាំងពីទឹកបាតភ្នែក ដែលនាំឲ្យរហែកស្រទាប់រ៉េទីន ហើយបង្កើតជាកំណក ឬការហូរឈាម។

បន្ថែមពីនេះ Floaters ក៏អាចកើតមានចំពោះអ្នកជំងឺដែលធ្លាប់វះកាត់ភ្នែក អ្នកមានភ្នែកម៉្ញូប អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺរលាកបាតភ្នែក ករណីមានការប៉ះទង្គិចភ្នែក ឬគ្រោះថ្នាក់ទៅលើភ្នែកជាដើម។

រោគសញ្ញា
ជាទូទៅ អ្នកជំងឺតែងមើលឃើញស្រមោលខ្មៅៗហោះចុះឡើងក្នុងភ្នែក ហើយកាន់តែច្បាស់ នៅពេលមើលទៅតំបន់ដែលមានផ្ទៃភ្លឺ ដូចជាផ្ទៃមេឃពណ៌ខៀវ ឬជញ្ជាំងពណ៌ស។  លើសពីនេះ ក៏មានសញ្ញារួមផ្សំផងដែរដូចជា ការមើលឃើញជាសញ្ញាផ្លេកបន្ទោរ ភ្លឹបភ្លែត (Flash of Light or Photopia)  ។

ការកំណត់រោគវិនិច្ឆ័យ
កាលណាមានបញ្ហានេះកើតឡើង គ្រូពេទ្យឯកទេសនឹងពិនិត្យភ្នែកដោយដាក់ថ្នាំពង្រីកប្រស្រីភ្នែក ដើម្បីឆ្លុះមើលបាតភ្នែក ហើយអាចនឹងឃើញជារង្វង់មូល កំណកសៗ ឬសរសៃ អណ្តែតក្នុងសារធាតុរាវបាតភ្នែក (Vitreous)។ សារធាតុទាំងអស់នេះហើយដែលចាំងស្រមោលទៅលើបាតភ្នែក ហើយបង្កើតបានជាស្រមោលខ្មៅដែលអ្នកជំងឺមើលឃើញ។

ការព្យាបាល
Floaters មិនតម្រូវឲ្យមានការព្យាបាលនោះទេដោយហេតុថាវាមិនបានផ្តល់គ្រោះថ្នាក់ដល់គំហើញធ្ងន់ធ្ងរ ហើយយូរៗទៅ អ្នកជំងឺអាចនឹងសម្របជាមួយបញ្ហានេះដោយខ្លួនឯង។ ប៉ុន្តែករណីអ្នកជំងឺមានការប្រេះបាតភ្នែករហែកបាតភ្នែកនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ។

គួរបញ្ជាក់ថា ប្រមាណជា៤០%នៃ Floaters ស្រួចស្រាវ អាចមាន Posterior Vitreous Detachment ហើយក្នុងនោះ៩%ផ្សេងទៀតអាចមានដល់រហែកបាតភ្នែក។ ម៉្យាង ប្រសិនមិនមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកជំងឺ៥០% អាចប្រឈមនឹងការរបើកបាតភ្នែក។

វិធីសាស្រ្តការពារ
•    បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ភ្នែក ដូចជា បន្លែបៃតង ការ៉ុត និងសាច់
•    ការពារភ្នែកពីពន្លឺខ្លាំង ដូចជាព្រះអាទិត្យ កុំព្យូទ័រ ទូរស័ព្ទ ឡាស៊ែរ ដោយពាក់វ៉ែនតា ការពារ ឬបន្ថយពន្លឺ
•    ចៀសវាងពីការប៉ះទង្គិច ឬគ្រោះថ្នាក់ទៅលើភ្នែក
•    ពិនិត្យភ្នែកជាប្រចាំ និងទទួលការព្យាបាលភ្នែកឲ្យបានត្រឹមត្រូវ
•    បង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម និងលើសឈាម ជាដើម។

ករណីមានបញ្ហាភ្នែក គួរប្រញាប់មកទទួលការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយបញ្ហាធ្ងន់ធ្ងរដែលពិបាក ឬមិនអាចព្យាបាលបាន។

សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនង គ្លីនិកភ្នែកអូឡាំពិក ០១៧ ៥៧៥៥៦៧ ឬ ០៧៨ ៣៧៩៧៩៨
អ៊ីម៉ែល៖ longchhour@yahoo.com

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសចក្ខុរោគ និងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែកអូឡាំពិក

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
IV Piseth 1 ឆ្នាំ មុន

Worth reading article

profile.png
Healthtime Pro 1 ឆ្នាំ មុន

Hope u enjoy reading it :)

ឆ្លើយតប