ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែម

ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែមមិនមែនសុទ្ធតែមិនអាចព្យាបាលជាសះស្បើយនោះទេ។ នៅក្នុងស្រទាប់មហាជនបងប្អូនប្រជាជនតែងមានការយល់ឃើញថារាល់អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅជើង សុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយ ហើយអាចប្រឈមនឹងការកាត់ជើងទៀតផង។ តើការយល់ឃើញខាងលើនេះជាការពិតដែរឬទេ?

ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដោយឡែក ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើនដូចជា៖

ក. ដំបៅជើងប្រភេទទីមួយ៖ ជាដំបៅដែលកើតដោយសារការប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៅនឹងជើងរបស់អ្នកជំងឺ (Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរឆ្នាំ ពួកគាត់អាចមានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់អាចមានសភាពស្ពឹក លែងដឹងក្តៅត្រជាក់លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចមានស្រមោចវារលើ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងកើតដំបៅ ជាពិសេសប្រសិនបើមានការប៉ះទង្គិចណាមួយ។ ដំបៅប្រភេទនេះភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬរឹបដោយស្បែកជើងចង្អៀត ដែលបណ្តាលឲ្យមានការកកិត។ ដោយសារតែមានការប៉ះពាល់លើប្រព័ន្ធវិញ្ញាណ អ្នកជំងឺមិនដឹងពីការឈឺចាប់នោះទេ ដែលជាហេតុធ្វើឲ្យគាត់ធ្វេសប្រហែស មិនបានចាប់អារម្មណ៍ ឬមិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ។ នៅពេលដែលមិនមានការថែទាំត្រឹមត្រូវ ដំបៅទាំងនោះអាចនឹងមានការបង្កជាការក្លាយរោគ (Infection)។

ខ. ដំបៅប្រភេទទីពីរ៖ ដំបៅដែលបណ្តាលមកពីការស្ទះសរសៃឈាមចិញ្ចឹមជើងទៅសងខាង។​ នៅពេលជំងឺទឹនោមផ្អែម វិវឌ្ឍរ៉ាំរ៉ៃយូរឆ្នាំ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះក្រិនដូច្នេះហើយ កម្រិតអុកស៊ីសែន និងចំណីអាហារដែលរត់តាមសរសៃឈាមទាំងនោះមានការថយចុះ មិនអាចទៅចិញ្ចឹមកោសិកានៅតាមចុងជើងរបស់អ្នកជំងឺបានឡើយ។ កោសិកាខ្វះចំណីអាហារ វានឹងខូចខាត ដែលជាហេតុអាចធ្វើឲ្យអ្នកជំងឺមានដំបៅ (Arteriopathy)។ ដំបៅប្រភេទនេះដំបូងឡើយ គឺវាបង្កឲ្យមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក បន្តិចម្តងៗ ជើងរបស់គាត់ចាប់ផ្តើមប្រែពណ៌ទៅជាស្វាយ ឡើងត្រជាក់ រួចហើយចាប់ប្រែពណ៌ទៅជាខ្មៅ។ ដំបៅអាចចេញលើម្រាមមួយ ឬច្រើន ទៅតាមស្ថានភាពនៃការស្ទះសរសៃឈាម។ ប្រសិនណាបើគាត់មិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការថែទាំត្រឹមត្រូវនោះទេ ដំបៅនោះក៏អាចមានការក្លាយរោគ (Infection)ផងដែរ។

គ. ប្រភេទដំបៅទីបី៖ កើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង(Arteriopathy)។

រាល់អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅនឹងជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីឲ្យដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានដំបៅនោះ ថាតើវាមកពី Neuropathy ឬមួយ Arteriopathy ឬក៏បណ្តាលមកពីការលាយគ្នារវាង Neuropathy និងArteriopathy ។

ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុដែលបង្កឲ្យមានដំបៅទាំងនោះ ព្រមទាំងឆាប់ព្យាបាលឲ្យបានទាន់ពេលវេលា។ ការយឺតយ៉ាវណាមួយ ក្នុងការស្វែងរកការព្យាបាល ឬក៏ព្យាបាលមិនបានត្រឹមត្រូវ ឧទាហរណ៍ ការប្រើឱសថបុរាណ ឬមួយថ្នាំបិតបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុឲ្យបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលអាចវិវឌ្ឍឈានទៅរកការព្យាបាលមិនជា ឬអាចឈានដល់ការកាត់អវយវៈ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់