កម្មវិធីសុខភាពបេះដូង ‘My Heart, Your Heart’

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកម្មវិធីសុខភាពបេះដូង ‘My Heart, Your Heart’ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។

កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិគ្រោះយោបល់ទាក់ទងនឹងសុខភាពជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងការធ្វើវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង និងសម្ពាធឈាមក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ កម្មវិធីនេះត្រូវបានបិទបញ្ចប់ដោយការធ្វើការបរិច្ចាគទឹកប្រាក់សប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជា។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។»
 
លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។»

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាមានប្រសាសន៍ថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺទទួលមរណៈភាពផងដែរ។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះនៃការការពារពីការកើតជំងឺបេះដូងនេះ។»

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយកែលម្អគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។»

អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអ៊ិលស៊ីក្រុមហ៊ុន
មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លូននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពត្រូវសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។

អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ក្រុមហ៊ុន
មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជិវីតកាន់តែប្រសើរឡើង។ យើងបានដំណើរការជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៧ យើងមានបុគ្គលិកបម្រើការងារប្រមាណ ៣៥ ០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៧៣ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ២៦ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,១ ទ្រីលានដុល្លារកាណាដា ឬ ៨៤៩ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានបង់ជូនជាអត្ថប្រយោជន៍ ការប្រាក់ និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ២៧,៦ ពាន់លានដុល្លារអាមេរិក។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១០០ ឆ្នាំ មកហើយ។ យើងមានស្នាក់ការកណ្តាលជាសកលរបស់យើងនៅទីក្រុង Toronto ប្រទេស កាណាដា ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX)ញូវយ៉ក(NYSE)  និងទីផ្សារមូលប័ត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលប័ត្រហុងកុង (SEHK) ក្រោមឈ្មោះ 945។

អាសយដ្ឋានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
លោក តារា សៅយុទ្ធនា
ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង
855 – 11 759 964
Saoyuthnea_Dara@manulife.com
    
©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់