ហានិភ័យនៃរោគសញ្ញាដែលអាចជាជំងឺមហារីកក្នុងគ្រាប់ភ្នែក

តើអ្វីទៅជាមហារីកក្នុងគ្រាប់ភ្នែក?
មហារីកក្នុងគ្រាប់ភ្នែក ឬដែលពាក្យបច្ចេកទេសហៅថា Retinoblastoma គឺជាប្រភេទមហារីក ក្នុងគ្រាប់ភ្នែក ដែលច្រើនកើតមកពីកោសិកាមិនធម្មតារបស់ស្រទាប់រ៉េទីន។ ភាគច្រើននៃជំងឺនេះ គេសង្កេតឃើញ មានលើកុមារអាយុក្រោម ៥ឆ្នាំ និង ក្រុមកុមារអាយុ១២ខែ ទៅ២៤ខែ ជាមធ្យម ១៨ខែ។

បច្ចុប្បន្ន ជំងឺមហារីកក្នុងគ្រាប់ភ្នែកមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅលើពិភពលោក ហើយ ត្រូវបានគេសិក្សាថា វាកើតមានប្រហែលជា ១១ករណីក្នុងចំណោមកុមារ ១លាននាក់ដែលមានអាយុតិចជាង ៥ឆ្នាំ។ ដោយហេតុថាមិនទាន់ មានការសិក្សាណាមួយពីជំងឺនេះនៅក្នុងប្រទេសកម្ពុជា ទិន្នន័យពិតប្រាកដរបស់ជំងឺនេះក៏មិនទាន់ត្រូវបានគេដឹង ផងដែរ។ ប៉ុន្តែ បើយើងក្រឡេក​មើលទៅប្រទេសជិតខាងរបស់យើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា ប្រទេសវៀតណាមមាន១៨.៩ ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំ ខណៈពេលដែល ប្រទេសថៃមាន ១០ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំដូចគ្នា។

មូលហេតុ និងកត្តាប្រឈម
មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកក្នុងគ្រាប់ភ្នែក គឺវាបណ្តាលមកពីកត្តាបម្រែបម្រួលសេនេទិច របស់ក្រម៉ូសូមទី១៣ ហើយដែលវាអាចជាកត្តាតំណពូជ ឬមិនមែនតំណពូជ។ ករណីតំណពូជ ប្រហែល ៦% ទៅ១០% កុមារអាចនឹងឆាប់កើតមានជំងឺមហារីកក្នុងគ្រាប់ភ្នែក និងកើតលើភ្នែកទាំងសងខាង ប្រមាណប្រហែល៣០% ពិសេសប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង៥ឆ្នាំ។

រោគសញ្ញាជាក់ស្តែង
អាការៈនៃជំងឺមហារីកគ្រាប់ភ្នែកដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖
• ប្រស្រីភ្នែកឡើងពណ៌ស ដូចជាភ្នែកសត្វឆ្មាពេលយប់
• ភ្នែកស្រលៀង
• ឈឺភ្នែក ភ្នែកក្រហម និងទឹកដក់ក្នុងភ្នែក
• គំហើញថយចុះ
• ឈាមនៅថតមុខនៃភ្នែក រីកប្រស្រីភ្នែក និងភ្នែកលៀនជាដើម
• លើសពីនេះក៏មានសញ្ញាមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងរោគសញ្ញានេះមាន ភ្នែកឡើងបាយ  ទឹកចាហួយនៅក្នុងភ្នែកផ្នែកខាងមុខស្រអាប់ ជំងឺសរសៃបាតភ្នែក ក្មេងកើតមិនគ្រប់ខែ និងជំងឺតុសូការីយ៉ាស៊ីស។

យន្តការនៃជំងឺមហារីកក្នុងគ្រាប់ភ្នែក
ហ្សែនទប់ដុំRB1 ស្ថិតនៅលើដៃក្រូម៉ូសូមទី១៣ ទៅតំបន់ទី១៤ មានតួនាទីធ្វើឲ្យមានរបៀបរៀបរយសម្រាប់ នុយក្លេអូប្រូតេអ៊ីននៃRB ដែលជាធម្មតាវាទប់ស្កាត់ទៅនឹងការបែងចែកកោសិកាមិនធម្មតា។ ដូចនេះ ប្រសិនបើ មានបម្រែបម្រួលខ្លះៗនៅក្នុងហ្សែនទប់ដុំRB1 វានឹងបង្កឲ្យទៅជាមហារីកក្នុងគ្រាប់ភ្នែកតែម្តង។

ការធ្វើរោគវិនិច្ឆ័យ
ដើម្បីអាចបញ្ជាក់ថាជាជំងឺមហារីកក្នុងគ្រាប់ភ្នែក អ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដូចជា៖
• ពង្រីកប្រស្រីភ្នែក៖ ថត ឬឆ្លុះមើលសរសៃបាតភ្នែក ដោយឧបករណ៍ Indirect ophthalmoscopy ដើម្បីឲ្យដឹងថាវាជាដុំដែលបង្កឡើងដោយមហារីកក្នុងគ្រាប់ភ្នែក ឬក៏មិនមែន។
• Ultrasonography៖ ដើម្បីចង់ដឹងថាជាដុំរបស់មហារីកក្នុងគ្រាប់ភ្នែក។
• CT Scan៖ ឲ្យដឹងថាដុំមហារីក នឹងវិវឌ្ឍចេញនៅខាងក្នុង ឬនៅខាងក្រៅ ហើយអាចឲ្យយើងដឹងថា ដុំនេះមានរាលដាលទៅកោសិកាសរីរាង្គដទៃ ជាពិសេសពីប្រព័ន្ធសរសៃប្រសាទរហូតដល់ខួរក្បាល។

ការព្យាបាលត្រឹមត្រូវ
ជំងឺមហារីកក្នុងគ្រាប់ភ្នែកត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាលនីមួយៗ ដោយត្រូវមានការចូលរួមពី គ្រូពេទ្យឯកទេសភ្នែក គ្រូពេទ្យវះកាត់សរសៃប្រសាទ និងគ្រូពេទ្យព្យាបាលជំងឺមហារីក ផងដែរ។ ករណីស្រាល ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងអាចជាសះស្បើយបាន ប៉ុន្តែបើជាដំណាក់កាលធ្ងន់ធ្ងរ នោះការព្យាបាល មិនសូវបានជោគជ័យទេ។ ជាទូទៅ ការព្យាបាលទាំងនោះរួមមាន៖
• ការប្រើវិទ្យុសកម្ម ដើម្បីបំផ្លាញដុំមហារីក
• ការដុតនឹងធាតុត្រជាក់ ដើម្បីបំផ្លាញដុំមហារីក
• ការបាញ់កាំរស្មីឡាស៊ែ និងការចាក់ថ្នាំគីមី ដើម្បីបំផ្លាញដុំមហារីក និងមិនឲ្យកោសិកាមហារីកដុះរាលដាល ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត។
• ការវះកាត់យកគ្រាប់ភ្នែកចេញ ដើម្បីកុំឲ្យរីករាលដាលទៅសរីរាង្គដទៃទៀត ក្នុងករណី ធ្ងន់ធ្ងរ។

ផលវិបាក
កុមារអាចនឹងត្រូវស្លាប់ដោយសារជំងឺមហារីកក្នុងគ្រាប់ភ្នែក ក្នុងអំឡុងអាយុ ២ទៅ៤ឆ្នាំ ប្រសិនបើ មិនមាន ការព្យាបាលទាន់ពេលវេលាទេនោះ។ ផ្ទុយមកវិញ អត្រានៃការជាសះស្បើយអាចរហូតដល់ ៩៥% បើអ្នកជំងឺ ឆាប់ទទួលបានការព្យាបាល និងត្រូវធ្វើការតាមដានឲ្យបានទៀងទាត់។ ទាក់ទងនឹងការតាមដានបន្ទាប់ពី ការព្យាបាលរួច ត្រូវធ្វើតាមដំណាក់កាល ដំបូង ៣ ទៅ ៤ខែម្តង បន្ទាប់មក ៦ខែម្តង ១ឆ្នាំម្ដង រហូតដល់៩ឆ្នាំក្រោយ ព្រោះដុំមហារីកប្រភេទនេះ វានឹងអាចបង្កឲ្យកើតឡើងវិញក្នុងករណីខ្លះ។

វិធីសាស្រ្តការពារ
គ្មានវិធីសាស្ត្រណាមួយដើម្បីការពារពីមហារីកក្នុងគ្រាប់ភ្នែកនេះបាននៅឡើយទេមកដល់បច្ចុប្បន្ន ដោយហេតុថា វាជាជំងឺតំណពូជ ឬកើតពីកំណើត។ ប្រសិនបើឪពុកម្ដាយ ឬអាណាព្យាបាល សង្ស័យ ឬឃើញរោគសញ្ញាមហារីក ក្នុងគ្រាប់ភ្នែកដូចខាងលើ ឬសមាជិកគ្រួសារដែលមាន មហារីកក្នុងគ្រាប់ភ្នែកពីមុនមក ត្រូវតែមកពិនិត្យ និងព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយ ឬការពារ ពីភាពពិការភ្នែក ឬប៉ះពាល់ដល់អាយុជីវិតផងដែរ។

បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ  និងឯកទេសជាន់ខ្ពស់សរសៃបាតភ្នែក មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់