កំហុសឆ្គង៦យ៉ាងដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទ្វារមាស

តើខ្ញុំគួរសម្អាតបរិវេណនោះញឹកញាប់ប៉ុណ្ណា? ហើយប្រើអ្វីដើម្បីសម្អាតទើបស្អាត?តើអ្វីដែលមិនគួរប្រើ និងអ្វីដែលខ្ញុំមិនគួរធ្វើ?

ជាការពិតណាស់ ដែលថាសុខភាពទា្វរមាសគឺមានសារសំខាន់ដូចទៅនឹងសុខភាពទូទៅផងដែរ ដូច្នេះ​ អ្វីដែលល្អនោះគឺការសម្អាតទ្វារមាសដោយខ្លួនឯង តាមបែបធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការមានកំហុសទូទៅមួយចំនួនដែលស្រី្តធ្វើជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យសុខភាពទ្វារមាសធ្លាក់ចុះ និង​អាចឈានទៅរកជំងឺរលាកទ្វារមាស ដោយសារបាក់តេរី ឬមេរោគផ្សិតទៀតផងដូចជា៖

ការសម្អាតពីខាងក្រោយមកខាងមុខ
អ្នកមិនត្រូវសម្អាតពីខាងក្រោយមកមុខនោះទេ ពីព្រោះ មានមេរោគផ្សេងៗគ្នាដែលនៅបរិវេណរន្ធគូទអាចមានឱកាសចូលទៅក្នុងទ្វារមាសបាន។ តួយ៉ាងដូចជា មេរោគអឺកូលី (E-Coli) អាចចូលទៅដល់រន្ធនោម និងបណ្តាលឲ្យមានជំងឺរលាកតម្រងនោម (UTI) ដែលធ្វើឲ្យអ្នកបត់ជើងតូចមកឈឺ និងក្រហាយ។ ដូច្នេះ អ្នកមិនត្រូវសម្អាតពីក្រោយមកខាងមុខនោះទេ។

ការប្រើប្រាស់សាប៊ូក្រអូប
ខណៈដែលអ្នកតែងតែសម្អាតទ្វារមាស ពេលខ្លះ អ្នកចង់បន្ថែមជំនួយដល់វា មិនថ្វីទេប្រសិនបើអ្នកសម្អាតផ្នែកខាងក្រៅនៃទ្វារមាសរបស់អ្នក នៅពេលដែលអ្នកងូតទឹកនោះ ប៉ុន្តែអ្នកត្រូវប្រាកដថាកុំប្រើប្រាស់សាប៊ូក្រអូប។ សាប៊ូ ឬគ្រឿងសម្អាងផ្សេងទៀតដែលមានក្លិនក្រអូប អាចធ្វើឲ្យទ្វារមាស ដែលមានសុខភាពល្អ ទៅជាខូចខាតបាន។

ការសម្អាតផ្នែកខាងក្នុង
ហាមសម្អាតផ្នែកខាងក្នុងជាដាច់ខាត ព្រោះការសម្អាតផ្នែកខាងក្នុងគឺធ្វើឲ្យកម្រិតជាតិអាស៊ីត (PH)នៅនឹងទ្វារមាសបាត់បង់តុល្យភាព និងបញ្ចេញចោល នូវមេរោគល្អៗ (Lactobacilus) នៅតំបន់នោះ ដែលវាមានតួនាទីថែរក្សាសុខភាពរបស់ទ្វារមាសឲ្យប្រសើរ។ ប្រសិនបើអ្នកជួបបញ្ហាធ្លាក់ស ដែលមានផលរំខាន ហើយអ្នកចង់បំបាត់ក្លិននោះអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកពីមូលហេតុពិតរបស់វា។

ការទទួលទានអាហារដែលគ្មានតុល្យភាព
អាហារដែលអ្នកទទួលទានរាល់ថ្ងៃ គឺមានផលប៉ះពាល់ណាស់ដល់សុខភាពទា្វរមាសរបស់អ្នក។ ដូច្នេះ វាសំខាន់ណាស់ដែលអ្នកត្រូវមានអនាម័យក្នុងការទទួលទាន និងតុល្យភាពនូវសារជាតិដែលមានក្នុងចំណីអាហារ។ លើសពីនេះទៀត អ្នកគួរទទួលទានអាហារមួយចំនួនដែលអាចជួយឲ្យសុខភាពទ្វារមាសរបស់អ្នកប្រសើរ ដូចជា ទឹកផ្លែបឺរី ទឹកដោះគោជូរ ខ្ទឹមសស្រស់ និងទឹកផ្លែប៉ោមជាដើម។ សារធាតុទាំងអស់នេះអាចជួយឲ្យទា្វរមាសមានសុខភាពល្អ និងអាចការពារពីការឆ្លង នៃពពួកមេរោគផ្សិតទៀតផង។ បន្ថែមពីលើនេះ ទឹកសណ្តែកក៏អាចជួយអ្នកដែលមានបញ្ហាទ្វារមាសស្ងួតឲ្យមកមានសំណើមវិញបានថែមទៀតផង។ ប្រសិនបើអ្នកមិនចូលចិត្ត ឬពិបាកក្នុងការញ៉ាំ អ្នកអាចប្រើប្រាស់ផលិតផល ១ប្រភេទ ដែលវាជាប្រភេទ ប៊្រីបាយ៉ូទិច។ ប៊្រីបាយ៉ូទិចប្រៀបបានដូចជាទឹក ដែលវាជួយឲ្យទា្វរមាសមានសំណើម និងអាចសម្លាប់មេរោគតាមបែបធម្មជាតិបានទៀតផង។ កាន់តែពិសេសជាងនេះទៅទៀត មានការសិក្សាមួយ នៅក្នុងឆ្នាំ២០១៣ បានរកឃើញថា ចំពោះអ្នកជំងឺដែលប្រើប៊្រីបាយ៉ូទិចបន្ទាប់ពីថ្នាំផ្សះអត្រានៃការជាពីដំបៅនៅមាត់ស្បូនមានរហូតដល់៧៤% ។ ម៉្យាងវិញទៀត ការប្រើប៊្រីបាយ៉ូទិចនេះផងដែរ គឺវាបង្កើននូវកម្រិតឡាក់តិចអាស៊ីតនៅទ្វារមាសដែល​អាចទប់ការវិវឌ្ឍនៃទា្វរមាសដែលមានដំបៅទៅជាមហារីកបាន។

ការស្លៀកខោទ្រនាប់តឹងពេក ឬសើម
ជាការប្រាកដណាស់ ទ្វារមាសរបស់អ្នកចង់បានភាពស្ងួត និងអាចមានខ្យល់ចេញចូលបាន ប៉ុន្តែ មេរោគមិនចង់បាននោះទេ វាចង់បានភាពក្តៅ និងមានសំណើមទៅវិញ។ ជាក់ស្តែង អ្នកអាចការពារទ្វារមាសរបស់អ្នកបានដោយការទ្រាប់សំឡីអនាម័យ និងចៀសវាងស្លៀករឹបតឹងពេក។ សំខាន់ជាងនេះទៀត អ្នកគួរចៀសឲ្យផុតពីការបែកញើស ការសើម ឬត្រូវប្តូរសម្លៀកបំពាក់ដែលហែលទឹកចេញ កាន់តែឆាប់កាន់តែប្រសើរ ដើម្បីឲ្យតំបន់ពិសេសនោះឆាប់ស្ងួត។

ការប្រើតាំប៉ុង ឬសំឡីអនាម័យូរពេក
និយាយពីការរក្សាតំបន់នោះឲ្យបានល្អ គឺត្រូវប្តូរតាំប៉ុង ឬសំឡីអនាម័យឲ្យបានទៀងទាត់ល្អ ដូច្នេះ វាមិនអាចក្លាយជាកន្លែងដែលមេរោគអាក្រក់រស់នៅនោះទេ។ ការទុកតាំប៉ុង ឬសំឡីអនាម័យមិនល្អនៅតំបន់នោះយូរពេកអាចបណ្តាលឲ្យក្តៅ និងសើម ដែលមេរោគចូលចិត្តរស់នៅបំផុត។ លើសពីនេះ អ្នកមិនត្រូវ ប្រើប្រាស់សំឡីអនាម័យ ដើម្បីគ្រាន់តែការពារការធ្លាក់សតិចតួចធម្មតានោះទេ តែវាអាចធ្វើឲ្យទ្វារមាសឡើងកម្តៅបានផងដែរ។

ប្រសិនបើអ្នកធ្វើតាមការណែនាំទាំងអស់ខាងលើនេះបាន  វាអាចជួយឲ្យអ្នកចៀសវាងផុតពីមេរោគ អាក្រក់ៗមួយចំនួនបាន។ តួយ៉ាង បើមិនបាន ១០០% ក៏ជួយបានខ្លះផងដែរ  ជាពិសេស មេរោគ​ដែលបណ្តាលឲ្យមានការរលាកទ្វារមាសដោយ បាក់តេរី ឬមេរោគផ្សិត និងការរលាកផ្លូវនោម (UTI) ជាដើម។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បន្ទប់ពិគ្រោះជំងឺម៉ីស៊ីថាច យូម៉ូលីន និងគ្លីនិក ក្បាលថ្នល់

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់