ការធ្វើរោគវិនិច្ឆ័យជំងឺខុសប្រក្រតីទារកក្នុងផ្ទៃ

ការរកមើលនូវជំងឺខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ គឺជាការស្វែងរកនូវភាពមិនធម្មតាទាំងរូបរាងកាយ និងបម្រែបម្រួលក្រូម៉ូសូមឬហ្សែនណាមួយដែលមិនត្រឹមត្រូវ ឬដែលអាចឲ្យទារកសម្រាលមកមានសុខភាពមិនល្អ។

ការធ្វើរោគវិនិច្ឆ័យនេះ រួមមានទាំងការពិនិត្យអេកូទារកក្នុងផ្ទៃ ពិសេសនៅត្រីមាសទី១ និងត្រីមាសទី២ ការពិនិត្យតេស្តឈាមទៅលើម្តាយ ទាក់ទងនឹង ជំងឺអាប់បញ្ញាកូនមួយចំនួនដែលកើតញឹកញាប់ (down syndrome screening: ដែលអាចធ្វើចន្លោះពីអាយុគភ៌ ១១សប្តាហ៍៥ថ្ងៃ ទៅ១៣សប្តាហ៍៥ថ្ងៃ ឬពី ១៤សប្តាហ៍ ទៅ១៧សប្តាហ៍) និង (Non-Invasive Prenatal Testing: ជាតេស្តឈាមដែលអាចសិក្សា ទៅលើហ្សែនរបស់ទារកក្នុងឈាមម្តាយ ដែលអាចធ្វើ ចាប់ពីអាយុគភ៌ ១០សប្តាហ៍ ទៅដល់ ២៥ សប្តាហ៍)។ តេស្តដែលបានរៀបរាប់ខាងលើនេះមិនមានការប៉ះពាល់ ដល់សុខភាពម្តាយ និងទារកទេ។

មានតេស្តមួយចំនួនទៀតដែលគេធ្វើសម្រាប់បញ្ជាក់នូវភាពខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ បន្ទាប់ពីការធ្វើតេស្តខាងលើឃើញមានបញ្ហា។ ការបូមយកជាលិកាសុក ការបូមទឹកភ្លោះ ការបូមឈាមពីទងសុករបស់ទារកក្នុងផ្ទៃ អាចឲ្យយើងធ្វើការសិក្សាបានយ៉ាងច្បាស់ទាក់ទងនឹងភាពខុសប្រក្រតីនៃក្រូម៉ូសូម ហ្សែន ការឆ្លងមេរោគ និងភាពខុសប្រក្រតីនៃសារជាតិគីមីមួយចំនួន ដែលបញ្ចេញពីទារកក្នុងផ្ទៃ។ ដោយការធ្វើតេស្តទាំងនេះ តម្រូវឲ្យមានការចាក់ម្ជុលឆ្លងកាត់ស្បូន ស្រោមទឹកភ្លោះ សុក ឬទងសុក ដូចនេះ វានឹងអាចផ្តល់នូវផលវិបាកមួយចំនួន ដូចជាការបែកទឹកភ្លោះ ការឆ្លងរោគដល់ទារក និងអាចឈានដល់ការរលូតកូន។ គេសង្កេតឃើញ ការបាត់បង់កូនដោយការបូមទឹកភ្លោះ មានប្រហែល ៦ភាគរយ ហើយអត្រានេះនឹងកើនឡើងក្នុងករណីការបូមទឹកភ្លោះនៅអាយុគភ៌ក្រោម ១៥សប្តាហ៍។

អត្ថប្រយោជន៍ក្នុងការស្វែងរកនូវភាពខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ គឺដើម្បីទទួលនូវការព្យាបាលឲ្យបានមុនពេលទារកកើត និងដើម្បីកាត់បន្ថយនូវផលវិបាក។ ក្នុងករណីជំងឺមួយចំនួនទៀត គឺដើម្បីត្រៀមលក្ខណៈពិសេសណាមួយក្នុងការទទួលទារកពេលកើត និងការចិញ្ចឹមបីបាច់ទារកឲ្យបានសមស្របទៅនឹងសុខភាព របស់ពួកគេ។ ករណីមួយចំនួនតូចដែលទារកប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ មិនអាចព្យាបាលបានក្រោយពេលកើត នោះការពិភាក្សាក្នុងការបញ្ចប់គភ៌ អាចនឹងធ្វើឡើងរវាងក្រុមគ្រួសារ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រី និងជាប្រធានផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់