តើកូនអ្នកជាកុមារមានវិន័យហើយឬនៅ?

ឪពុកម្តាយមួយចំនួនប្រហែលជាធ្លាប់ខ្មាសគេនៅទីសាធារណៈពេលកូនៗរបស់អ្នកមិនស្តាប់បង្គាប់ និងបង្ករឿងផ្សេងៗ ហើយអ្នកប្រហែលជាគិតថា វាជាធម្មជាតិរបស់កុមារគ្រប់រូប។ ប៉ុន្តែ មាតាបិតាគ្រប់រូបតែងតែចង់ជួយកូនៗឲ្យមានអត្តចរិកល្អ និងមានជីវិតរស់នៅងាយស្រួល ហេតុនេះ “ការមានវិន័យ” ជាផ្នែកសំខាន់បំផុតអាចជួយពួកគេឲ្យក្លាយជាមនុស្សធំ ដែលមានភាពជោគជ័យទៅថ្ងៃអនាគត។ គន្លឹះមួយចំនួនខាងក្រោមនេះ អាចជាជំនួយ ដើម្បីជួយឲ្យកូនអ្នក មានវិន័យល្អក្នុងការរស់នៅ៖

១. ការកំណត់ទម្លាប់ក្នុងការរស់នៅ
• ប្រាប់ពួកគេពីហេតុផលច្បាស់លាស់
មាតាបិតាមិនតម្រូវឲ្យពន្យល់កូនៗថាហេតុអ្វីអ្នកចង់ឲ្យពួកគេត្រូវតែមានវិន័យនោះទេ ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកយល់ពីហេតុផលសាមញ្ញ ពីច្បាប់ទម្លាប់របស់អ្នកនោះ  ពួកគេនឹងមិនរឹងទទឹង ហើយអនុវត្តតាមការប្រាប់របស់អ្នក។ ឧទាហរណ៍ អ្នកប្រាប់ពួកគេឲ្យចូលគេងនៅម៉ោង៨យប់ ពីព្រោះខ្លួនប្រាណរបស់ពួកគេត្រូវការការគេងឲ្យបានច្រើន ដើម្បីសុខភាពល្អ និងរឹងមាំ ឬឲ្យពួកគេទុកដាក់របស់របរលេងឲ្យមានរបៀប ដើម្បីងាយស្រួលរក នៅពេលក្រោយ។

• ផ្តល់ការសរសើរដល់ពួកគេ
នៅពេលពួកគេជួយអ្នករៀបចំកន្លែងគេង តុញ៉ាំបាយ ឬឲ្យប្អូនរបស់គេលេងតុក្កតាជាមួយ អ្នកគួរតែសរសើរពីទឹកចិត្តរបស់ពួកគេ។ ឧទាហរណ៍ កូនពិតជាកូនល្អមែនដែលចងចាំពេលវេលារៀបចំកន្លែងគេង ឬម៉ាក់ប៉ាពិតជាសប្បាយចិត្តណាស់ដែលកូនមានអាកប្បកិរិយាដូចមនុស្សធំម្នាក់។

• ដើរតួជាបុគ្គលគំរូ
ការទុកដាក់របស់របរនៅពេលមកពីក្រៅ ដូចជាកាបូប ឬព្យួរខោអាវឲ្យមានរបៀប និងត្រូវកន្លែង ការមិនបញ្ចេញកំហឹង ឬនិយាយទាំងមួម៉ៅ នៅពេលធ្វើអ្វីមួយមិនបានសម្រេច...សកម្មភាពទាំងនេះនឹងបង្ហាញកូនៗអ្នក ពីគំរូដែលគេយកតម្រាប់តាម “នៅពេលកូនៗឃើញទម្លាប់ល្អរបស់អ្នករាល់ថ្ងៃ ពួកគេនឹងចង់ធ្វើដូចអ្នកដែរ”។  

២. ការដោះស្រាយបញ្ហា
• អនុញ្ញាតឲ្យកូនៗជាអ្នកធ្វើការសម្រេចចិត្ត
ផ្តល់ឱកាសឲ្យកូនៗអ្នកក្នុងការសម្រេចចិត្តជ្រើសរើសអ្វីមួយដោយខ្លួនឯងនៅពេលពួកគេធំគ្រប់គ្រាន់។ ឧទាហរណ៍ ការជ្រើសរើសសម្លៀកបំពាក់ ឬបន្លែ ផ្លែឈើ ដែលពួកគេចង់ញ៉ាំ។ នៅពេលពួកគេអាចគ្រប់គ្រងលើចំណុចតូចៗបានពួកគេអាចឈានដល់ការសម្រេចចិត្តលើស្ថានភាពផ្សេងៗទៀតបាន។ ប្រសិនបើកូនៗអ្នក ឈ្លោះគ្នា ឬវាយគ្នា ជំនួសការគំរាមពួកគេ ឬស្រែកឲ្យពួកគេឈប់  អ្នកគួរតែសួរពួកគេថា“តើកូនអាចដោះស្រាយបញ្ហា  តាមវិធីផ្សេងពីនេះឬទេ”។ អ្នកនឹងមានភាពភ្ញាក់ផ្អើលចំពោះដំណោះស្រាយរបស់ពួកគេ។

• ផ្តល់ការលើកទឹកចិត្ត “ព្យាយាម ព្យាយាមម្តងទៀត”
ការងារមួយចំនួន អ្នកអាចធ្វើវាបានដោយខ្លួនឯង ប៉ុន្តែ រឿងសំខាន់ដែលគួរតែឲ្យកូនៗរបស់អ្នកសាកល្បងធ្វើវាដោយខ្លួនឯង ដូចជា រៀបចំខ្លួនស្លៀកសម្លៀកបំពាក់ទៅសាលា ការបោកគក់ ខោអាវជាដើម។  ការចាប់ផ្តើមដំបូងអាចនឹងមិនមានភាពល្អឥតខ្ចោះ  តែអ្នកអាចនិយាយទៅកាន់ពួកគេថា “កូនធ្វើបានល្អហើយ លើកក្រោយ កូននឹងធ្វើបានល្អជាងនេះទៀត” ។

• ជួយឲ្យពួកគេចេះរកដំណោះស្រាយ
ដើម្បីពង្រឹងដល់ការគិតរបស់កូនៗ អ្នកគួរតែជំរុញឲ្យពួកគេត្រិះរិះពីចម្លើយនៃសំណួររបស់ពួកគេ។ ឧទាហរណ៍ នៅពេលកូនៗរបស់អ្នកសួរថា តើពួកគេត្រូវធ្វើដូចម្តេចចំពោះអ្វីមួយ អ្នកគួរតែឆ្លើយតប ដោយផ្តល់ទំនុកចិត្តទៅកាន់ពួកគេថា “តើកូនគិតថា គួរតែធ្វើយ៉ាងដូចម្តេច?”

៣. បង្រៀនកូនៗអ្នកឲ្យចេះអត់ធ្មត់
• បង្ហាត់បង្រៀនកូនៗឲ្យចេះរង់ចាំ 
ចូរកុំផ្តល់ឲ្យរាល់ការទាមទាររបស់កូនៗអ្នកលឿនពេក អ្នកអាចឲ្យពួកគេធ្វើការរង់ចាំដោយផ្តល់ហេតុផលសមរម្យមួយ។ ឧទាហរណ៍ ពួកគេសុំឲ្យអ្នកធ្វើទឹកក្រូចច្របាច់ឲ្យគេញ៉ាំ ស្របពេលអ្នកកំពុងជាប់រវល់ការងារ អ្នកអាចឲ្យពួកគេរង់ចាំបន្ទាប់ពីអ្នកបញ្ចប់ការងារសិន ។​ ​​ការធ្វើរបៀបនេះមានន័យថា អ្នកកំពុងបង្រៀនពួកគេឲ្យចេះគ្រប់គ្រងលើភាពអត់ធ្មត់ និងចេះផ្តល់អតិ្ថភាពលើការងារ។

• ប្រាប់ពីអារម្មណ៍របស់ពួកគេ
កូនៗរបស់អ្នកប្រហែលជាពិបាកក្នុងការបកស្រាយអារម្មណ៍របស់ពួកគេនៅពេលត្រូវរង់ចាំអ្វីមួយ ហើយពួកគេមិនអាចអត់ធ្មត់បាន ប៉ុន្តែ អ្នកអាចជួយពួកគេកំណត់នូវអារម្មណ៍នោះបាន។ ឧទាហរណ៍ ពួកគេត្រូវតម្រង់ជួរយូរដើម្បីរង់ចាំដល់វេនពួកគេ អ្នកអាចប្រាប់ពួកគេថា “កូនពិតជាធ្វើវាបានល្អ ហើយកូនកំពុងរៀនអត់ធ្មត់ចំពោះរឿងដែលកូនកំពុងតែធ្វើ”។​ ការវាយតម្លៃលើអារម្មណ៍ នៅពេលពួកគេច្របូកច្របល់បែបនេះ វាអាចជួយពួកគេឲ្យព្យាយាមអត់ធ្មត់បន្ថែមទៀត។

• ឲ្យពួកគេចូលរួមក្នុងសកម្មភាពដែលជួយពួកគេឲ្យចេះអត់ធ្មត់
លើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងសកម្មភាពដែលមិនបង្ហាញលទ្ធផលភ្លាមៗ ដូចជាការដាំដើមឈើ ហើយមើលថែវារហូតចេញជាផ្លែផ្កា ការលេងហ្គេម Puzzle តម្រៀបអក្សរ ឬគូររូបជាដើម។ បង្រៀនពួកគេឲ្យឃើញពីការវិវឌ្ឍជាដំណាក់រហូតបានជាលទ្ធផល គឺត្រូវតែរង់ចាំមើលថែទាំ និងយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ពួកគេ។

ការអនុវត្តជាក់ស្តែងប្រហែលជាមិនបង្ហាញលទ្ធផលភ្លាមៗនោះទេ តែឪពុកម្តាយគួរតែកត់សម្គាល់ពីបម្រែបម្រួលអត្តចរិករបស់ពួកគេ ឲ្យតែមានភាពប្រសើរឡើងបន្តិច នោះមានន័យថាអ្នកទទួលបានជោគជ័យក្នុងការជួយពួកគេហើយ។ ថ្ងៃអនាគត កូនៗអ្នកនឹងដឹងពីបំណងល្អរបស់អ្នក ហើយនឹងធ្វើបែបនេះទៅកាន់កូនៗរបស់ពួកគេដែរ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់