គួរដល់ពេលជួបជាមួយអ្នកជំនាញផ្លូវចិត្តហើយ ប្រសិន...

មានដែលគិតថាសុខភាពផ្លូវចិត្ត មានតម្លៃដូចទៅនឹងសុខភាពផ្លូវកាយឬទេ? បុគ្គលភាគច្រើនហាក់ខ្វះភាពក្លាហានក្នុងការនិយាយចេញពីសុខភាពផ្លូវចិត្ត ក៏ដូចជាមិនច្បាស់ថា ពេលវេលាណាមួយដែលខ្លួនគួរស្វែងរកការព្យាបាលពីអ្នកជំនាញផ្លូវចិត្ត។ ប្រសិនអ្នកមិនអាចបែងចែកបាននូវភាពមិនប្រក្រតី ដែលខ្លួនកំពុងមាន ឬមិនច្បាស់ថាខ្លួនមានបញ្ហាផ្លូវចិត្តក្នុងកម្រិតណានោះ អាកប្បកិរិយាខាងក្រោម អាចជាគន្លឹះជួយអ្នកក្នុងការសម្រេចចិត្តទទួលយកការប្រឹក្សាពីនរណាម្នាក់។

អារម្មណ៍តឹងតែង
ញឹកញាប់ប៉ុណ្ណាហើយ ដែលអ្នកមានអារម្មណ៍តឹងតែង? ការប្រឈមមុខទៅនឹងកំហឹង ឬព្រួយបារម្ភជាប្រចាំ អាចជាបន្ទុកទៅលើបុគ្គលម្នាក់ៗ បណ្តាលឲ្យមានភាពស្មុគស្មាញ ដែលអ្នកអាចមានអាការៈភ័យព្រួយជ្រុលទៅលើបញ្ហាដែលមិនទាន់កើតឡើងទាល់តែសោះ។ ប្រសិនយល់ថា ជីវិតរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពតឹងតែង ប្រហែលជាដល់ពេលអ្នកគួរស្វែងរកជំនួយពីនរណាម្នាក់។

មិនអាចបញ្ឈប់ការគិត
ភាពឈឺចាប់ពីការបាត់បង់សមាជិកណាមួយនៃគ្រួសារ មិត្តភក្តិ ឬអ្នកដែលជាទីស្រឡាញ់ ជាមូលហេតុគ្រប់គ្រាន់ទៅហើយ សម្រាប់ឲ្យអ្នកស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ។ “ពេលវេលាជាថ្នាំព្យាបាល” ជាពាក្យត្រូវបានលើកឡើងញឹកញាប់ យ៉ាងណាមិញ វាមិនអាចមានប្រសិទ្ធភាពសម្រាប់គ្រប់ករណីនោះទេ។ គុណវិបត្តិនៃការបាត់បង់អ្វីមួយ អាចនាំឲ្យការបំពេញកិច្ចការប្រចាំថ្ងៃធ្លាក់ចុះ និងធ្វើឲ្យអ្នកមានអារម្មណ៍ផ្តាច់ខ្លួនចេញពីមនុស្សជុំវិញ ដែលទាមទារឲ្យអ្នកគួរធ្វើការសង្កេតមើល និងទទួលយកដំណោះស្រាយជាបន្ទាន់។

រោគសញ្ញាសុខភាពប្លែកៗ
សុខភាពផ្លូវចិត្តមិនល្អ អាចនាំយកឥទ្ធិពលអាក្រក់ដល់រាងកាយរបស់អ្នក។ តាមការស្រាវជ្រាវបានបង្ហាញថា ការបាក់ទឹកចិត្តអាចនាំយកបញ្ហាសុខភាពរាងកាយមកជាមួយ ដូចជាវិបត្តិលើក្រពះ ឈឺក្បាល ឬផ្តាសាយញឹកញាប់ជាដើម។ បន្ថែមពីនោះ អាការៈរមួលសាច់ដុំ ឬឈឺចាប់ផ្នែកកដែលមិនមានកត្តាបង្កជាក់លាក់ ក៏អាចជាភស្តុតាងបញ្ជាក់ពីការប្រឈមទៅនឹងបញ្ហាស្ត្រេសធ្ងន់ធ្ងរ ដែលអ្នកគួរតែស្វះស្វែងរកការប្រឹក្សាផ្នែកផ្លូវចិត្ត។

ប្រើប្រាស់សារធាតុផ្សេងៗ
ប្រសិនអ្នកយល់ថាខ្លួនឯងកំពុងប្រើប្រាស់ ឬទទួលទានសារធាតុ ឬឱសថប្រភេទណាមួយក្នុងបរិមាណច្រើន ក្នុងបំណងសម្រាលនូវអារម្មណ៍ឈឺចាប់ អាចជាសញ្ញាបង្ហាញថាអ្នកកំពុងតែចង់រើបម្រាស់ចេញពីជំងឺធ្លាក់ទឹកចិត្តដែលកំពុងតែវាយលុក។ ម្យ៉ាងទៀត អ្នកប្រហែលជាអាចបាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនហួសប្រមាណដែលសុទ្ធសឹងតែឈានដល់ដំណាក់កាលទាមទារការពិគ្រោះជាមួយអ្នកជំនាញដើម្បីប្រឹក្សាផ្លូវចិត្ត។

ទទួលបានពាក្យស្តីបន្ទោស
ផ្លាស់ប្តូរអាកប្បកិរិយាចំពោះការងារ ឬសមត្ថភាពថយចុះ សុទ្ធតែអាចស្តែងឡើងចំពោះបុគ្គលដែលកំពុងប្រយុទ្ធជាមួយជំងឺធ្លាក់ទឹកចិត្ត។ អ្នកអាចនឹងមានអារម្មណ៍កាន់តែឃ្លាតឆ្ងាយពីកាតព្វកិច្ច​ ការងារប្រចាំថ្ងៃ បើទោះបីវាធ្លាប់ផ្តល់នូវភាពសប្បាយរីករាយចំពោះអ្នក ម្យ៉ាងទៀត អ្នកអាចនឹងត្រូវរងនូវពាក្យស្តីបន្ទោសពីសំណាក់ថ្នាក់លើពីការធ្លាក់ចុះនៃគុណភាពការងារ ដែលអ្នកគួរស្វែងរកជំនួយផ្នែកផ្លូវចិត្ត។

ទំនាក់ទំនងប្រេះឆា
ការទាក់ទងជាមួយមនុស្សជាទីស្រឡាញ់ បានប្រែទៅជាការមិនពេញចិត្ត ឬអាចឈានដល់មានបញ្ហាណាមួយដោយហេតុថាអ្នកហាក់មិនយល់ពីអារម្មណ៍ ឬអាកប្បកិរិយាដែលកំពុងមានអំឡុងពេលធ្លាក់ទឹកចិត្ត។ ក្នុងដំណាក់កាលនេះការប្រេះឆាណាមួយ អាចបណ្តាលមកពីការបាក់ទឹកចិត្តធ្ងន់ធ្ងរ​ ដែលអ្នកមិនអាចបកស្រាយបានដោយខ្លួនឯង ដូចនេះការស្វែងរកការប្រឹក្សាជាជម្រើសដែលអាចជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។
 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់