ជំងឺរបើកសរសៃបាតភ្នែក៖ មូលហេតុមួយនៃការបាត់គំហើញ

និយមន័យ
ជំងឺរបើកសរសៃបាតភ្នែក គឺជាការដាច់រហែកចេញពីគ្នារវាងស្រទាប់កោសិកាពណ៌របស់បាតភ្នែក និងកោសិកាចាប់ពន្លឺនៃសរសៃបាតភ្នែកដែលគេហៅថារ៉េទីន (Retina)។

មូលហេតុបង្ក
មានមូលហេតុជាច្រើនដែលបង្កឲ្យមានជំងឺនេះ តែកត្តាសំខាន់ដែលធ្វើឲ្យមានការរបើកនេះ គឺការប្រែជាស្តើងនៃសរសៃបាតភ្នែកដែលបណ្តាលមកពី៖
• ជរាភាពនៃសរីរាង្គភ្នែក
• ចំណុចខ្សោយ ឬកន្លែងងាយដាច់រហែកផុយនៅជុំវិញបរិវេណសរសៃបាតភ្នែក
• ការប៉ះទង្គិច៖ ករណីប៉ះខ្លាំងលើសរសៃបាតភ្នែក អាចបណ្តាលឲ្យដាច់រហែក ឬមានប្រហោង
• បញ្ហាម៉្ញូបដែលមានដឺក្រេខ្ពស់
• អ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ករបានល្អ។

បុគ្គលដែលប្រឈមខ្ពស់នឹងការកើតជំងឺរបើកសរសៃបាតភ្នែកនេះ មានដូចជា៖
• មនុស្សចាស់៖ សរសៃបាតភ្នែករបស់ពួកគាត់មានភាពខ្សោយស្តើង
• អ្នកមានភ្នែកម៉្ញូបខ្ពស់ជាង៨០០៖ ភ្នែកម៉្ញូបជាប្រភេទភ្នែកមានប្រវែង វែងខុសពីភ្នែកធម្មតា ដូចនេះ វាធ្វើឲ្យមានការទាញទៅលើសរសៃបាតភ្នែក នាំឲ្យបាតភ្នែកស្តើង និងអាចមានប្រហោង
• អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលដិតដល់ បណ្តោយឲ្យស្ករឡើងខ្ពស់ពេក ធ្វើឲ្យមានកកខ្លាញ់នៅភ្នែក ឬមានសរសៃឈាមនៅបាតភ្នែក នាំឲ្យមានដុះកោសិកាថ្មី ដាច់រហែក បាតភ្នែក។

រោគសញ្ញានៃជំងឺរបើកសរសៃបាតភ្នែក
ជំងឺនេះ កើតឡើងដំបូងស្ទើរមិនមានលេចចេញរោគសញ្ញា។ អ្នកជំងឺ ដែលមានជំងឺរបើកសរសៃបាតភ្នែកអាចមានរោគសញ្ញាដូចជា៖
• អ្នកជំងឺអាចឃើញមានដុំពណ៌ខ្មៅ ហោះចុះហោះឡើងនៅពីមុខហើយច្រើនទៅៗ
• អ្នកជំងឺ ឃើញផ្លេកបន្ទោរពណ៌សពេលក្រឡេកឆ្វេងស្តាំនៅពេលយប់
• បើការរបើកទៅបាំងលើប្រស្រីភ្នែក អ្នកជំងឺនឹងមានអារម្មណ៍ថាមានផ្ទាំងខ្មៅមកបាំងនៅលើ ឬពីក្រោម ឬពីចំហៀងដែលផ្ទាំងនោះនឹងបិទបន្តិចម្តងៗ រហូតដល់បិទប្រស្រីភ្នែកទាំងស្រុងដែលធ្វើឲ្យអ្នកជំងឺមិនអាចមើលឃើញបាន។

យន្តការនៃជំងឺរបើកសរសៃបាតភ្នែក
យន្តការនៃការធ្វើឲ្យរបើកសរសៃបាតភ្នែកនេះ គឺអាស្រ័យទៅតាមមូលហេតុដូចជា៖
• អ្នកជំងឺខ្លះនៅបរិវេណជុំវិញបាតភ្នែកមានចំណុចខ្សោយស្រាប់ ដែលធ្វើឲ្យសរសៃបាតភ្នែកស្តើងខ្លាំង ដូច្នេះពេលញីភ្នែក ឬប៉ះទង្គិចតិចតួច អាចបណ្តាលឲ្យប្រហោង និងរហែក
• ការប៉ះទង្គិចខ្លាំងទៅលើភ្នែក អាចធ្វើឲ្យទាញសរសៃបាតភ្នែកដាច់ពីគ្នា ឬឲ្យប្រហោង និងរហែកចេញពីគ្នា។

ការធ្វើរោគវិនិច្ឆ័យ
ជំងឺរបើកសរសៃបាតភ្នែក អាចធ្វើរោគវិនិច្ឆ័យ ដូចជា៖
• វាស់ការមើលឃើញរបស់អ្នកជំងឺថាតើធ្លាក់ចុះ ឬនៅធម្មតា
• វាស់សម្ពាធក្នុងភ្នែក៖
  - ករណីសម្ពាធក្នុងភ្នែកគ្មានការប្រែប្រួលបង្ហាញថាអ្នកជំងឺទើបកើតជំងឺនេះ
  - ករណីសម្ពាធក្នុងភ្នែកទាបខ្លាំង ឬទន់ខ្លាំង ជាងភ្នែកម្ខាងទៀត បញ្ជាក់ថាអ្នកជំងឺកើតជំងឺនេះយូរហើយ។
• ពិនិត្យមើលសរសៃបាតភ្នែកទាំងមូល ដើម្បីពិនិត្យមើលពី៖
   - ទំហំរបើក
  - កន្លែងរបើក
  - ថាតើវាមានបាំងចំកន្លែងចាប់រូបភាព ឬអត់
  - មានទឹកច្រើន ឬតិចក្នុងសរសៃបាតភ្នែក។

ការព្យាបាល
ករណីអ្នកជំងឺមើលឃើញមានដុំពណ៌ខ្មៅហោះ ឬឃើញផ្លេកបន្ទោរនៅពេលយប់ នោះអ្នកជំងឺត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញចក្ខុរោគ ដើម្បីពិនិត្យ និងទទួលការព្យាបាល។ ជំងឺរបើកសរសៃបាតភ្នែកនេះ អាចព្យាបាលឲ្យជាសះស្បើយបានប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលបានទាន់ពេលវេលា។ បើគ្រាន់តែដាច់រហែក ឬប្រហោង បញ្ជាក់ថានៅដំណាក់កាលដំបូង ការព្យាបាលត្រូវធ្វើដោយ ការបាញ់កាំរស្មីព័ទ្ធជុំវិញប្រហោងនោះ ដើម្បីការពារការរបើក។ បើប្រហោងនោះមានទឹកជ្រាបចូល វាជាជំងឺរបើកសរសៃបាតភ្នែកពិតប្រាកដ ការព្យាបាលត្រូវធ្វើ ដោយការវះកាត់ អាស្រ័យទៅតាមទំហំ ទីតាំង រយៈពេលរបើក ប្រើកងស៊ីលីកូនព័ទ្ធជុំវិញដើម្បីរឹតបន្តឹងកុំឲ្យដាច់ ឬចាក់ស៊ីលីកូន ឬហ្គាសចូលភ្នែកជាមួយការបាញ់កាំរស្មីទប់ ដើម្បីការពារការរបើកម្តងទៀត។

ផលវិបាក
ជំងឺរបើកសរសៃបាតភ្នែក គឺជាជំងឺធ្ងន់មួយដែលអាចធ្វើឲ្យអ្នកជំងឺឈានដល់ការបាត់គំហើញទាំងស្រុង ប្រសិនបើទទួលការព្យាបាលមិនបានទាន់ពេលវេលា។ ម្យ៉ាងទៀត ការព្យាបាលអាចនឹងមិនទទួលបានលទ្ធផលល្អទេ ប្រសិនបើទំហំនៃការរបើកធំ និងមានរយៈពេលយូរ។

វិធីសាស្ត្រការពារ
ជំងឺរបើកសរសៃបាតភ្នែក មិនមែនថាមិនអាចការពារបានទេ។ មានវិធីសាស្ត្រមួយចំនួនដែល​អាចធ្វើឲ្យអ្នកជំងឺចៀសពីជំងឺនេះបាន៖
• មនុស្សចាស់គួរមកពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់
• អ្នកមានបញ្ហាម៉្ញូបធំជាងលេខ៨០០ ត្រូវធ្វើការពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់
• អ្នកដែលមានហានិភ័យខ្ពស់ កុំញីភ្នែកខ្លាំងៗ ឬធ្វើសកម្មភាពណាប៉ះពាល់ដល់ភ្នែកខ្លាំង
• អ្នកជំងឺទឹកនោមផ្អែមត្រូវទទួលការព្យាបាលឲ្យទាន់ពេលបើទុកដល់របើក ពិបាកព្យាបាល។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់