ជោគជ័យនៃការផលិតជាលិកាសរសៃពួរមនុស្សជាលក្ខណៈ 3D PRINTING 

 

ជាមួយនឹងបច្ចេកវិទ្យាថ្មីក្នុងសតវត្សនេះ កាន់តែមានការរីកចម្រើនខ្លាំងទៅមុខ ដោយក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមវិស្វកម្មបានផលិត 3D   Printingជាច្រើនរួមមាន រូបចម្លាក់ គ្រឿងមេកានិក និងឧបករណ៍សិប្បនិម្មិតផ្សេងៗ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុន ក៏មានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតលើកដំបូងតាមលក្ខណៈ 3D Printing នេះផងដែរ។

មួយរយៈចុងក្រោយនេះក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Utah បានបង្កើតវិធីសា្រស្តថ្មីមួយទៀតក្នុងការផលិតកោសិកា 3D Printing ដើម្បីបង្កើតជាលិកាសរសៃពួររបស់មនុស្ស ដែលជាកត្តាសំខាន់ក្នុងការជួយអ្នកជំងឺមានបញ្ហាខូចសរសៃពួរឬដាច់សរសៃពួរ។ ដោយវិធីសា្រស្តថ្មីនេះ ជាលិកាសរសៃពួរ 3D Print អាចដាក់ជំនួសសរសៃពួរដែលមានបញ្ហាបាន។ សាស្ត្រាចារ្យ​ Robby Bowles នៃសាកលវិទ្យាល័យ Utah ផ្នែកជីវវេជ្ជសាស្ត្របានលើកឡើងថាគំហើញថ្មីនេះអាចជួយដល់អ្នកជំងឺឲ្យទទួលបានការព្យាបាលដោយផ្លាស់ប្តូរសរសៃពួរយ៉ាងជោគជ័យ និងមិនពឹងពាក់ជំនួយពីតំបន់ផ្សេងៗ ក្នុងរាងកាយមនុស្សថែមទៀតផង។

យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងអស់ពេល ២ឆ្នាំ តាមរយៈការយក stem cells ពីកោសិកាខ្លាញ់របស់អ្នកជំងឺទៅ print នៅលើស្រទាប់ hydrogel ដើម្បីផលិតបានជាសរសៃពួរ ដោយដាក់បណ្តុះក្នុង in vitro ។ ការផលិតសរសៃពួរជាលក្ខណៈ 3D Printing មានភាពពិបាក និងស្មុគស្មាញ ព្រោះសរសៃពួរត្រូវការផ្សំនឹងកោសិកាផ្សេងៗទៀត ដើម្បីអាចភ្ជាប់ជាមួយឆ្អឹងមនុស្សបាន។ សាស្ត្រាចារ្យ Robby Bowles នៃសាកលវិទ្យាល័យ Utah ផ្នែកជីវវេជ្ជសាស្ត្រ បានលើកម្តងទៀតថា វិធីសាស្ត្រនេះត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដោយហេតុថា ការផលិតមានដំណាក់កាលផ្សេងៗ ហើយតម្រូវឲ្យត្រូវតាមប្រភេទកោសិកាដែលចង់បាន។

ទោះបីការផ្លាស់ប្តូរសរីរាង្គ (transplantation) មានការពេញនិយមយ៉ាងណាក៏ដោយ ការយកសរីរាង្គពីអ្នកស្លាប់មកផ្លាស់ប្តូរឲ្យអ្នកជំងឺ ពិតជាពុំទទួលបានគុណភាពល្អនោះទេ។ រីឯបន្ទះឆ្អឹងកងខ្នងវិញ មានភាពស្មុគស្មាញក្នុងការយកពីអ្នកបរិច្ចាគសម្រាប់ផ្លាស់ប្តូរឲ្យអ្នកជំងឺ ដែលវាហាក់ផ្ទុយពីវិធីសាស្ត្រ 3D Printing

អ្នកជំនាញផ្នែកឆ្អឹង និងសាច់ដុំ សាស្ត្រាចារ្យ Robby Bowles បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យាថ្មីនេះកំពុងផលិតសរសៃពួរ និងបន្ទះឆ្អឹងកងខ្នង ហើយក៏នឹងឈានទៅផលិតសរីរាង្គទាំងឡាយក្នុងខ្លួនមនុស្សនាពេលអនាគតដ៏ខ្លី…

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់