វីតាមីនក៏ធ្វើឲ្យស្រកទម្ងន់ដែរ...

 

ការតមអាហារនៅអំឡុងពេលសម្រកទម្ងន់គឺជារឿងមួយដែលអ្នកត្រូវគិតដល់ ប៉ុន្តែ អ្នកក៏អាចប្រឈមនឹងបញ្ហាកង្វះវីតាមីនក៏ដូចជារ៉ែមួយចំនួន ដែលជាផ្នែកមួយនៃកាតាលីករក្នុងការដុតបំផ្លាញកាល់ឡូរីអាក្រក់របស់អ្នកផងដែរ។ ជាការពិត ការសម្រកទម្ងន់ផ្តោតសំខាន់ទៅលើកាល់ឡូរី ប៉ុន្តែអ្នកត្រូវជ្រើសរើសបរិភោគវីតាមីនបន្ថែម ដើម្បីទ្រទ្រង់រាងកាយអ្នក និងបង្កជាលក្ខខណ្ឌអំណោយផលដល់ការសម្រកទម្ងន់ទៀតផង ជាពិសេសជាមួយនឹងមុខងារជំរុញមេតាបូលីសរបស់វា។

• វីតាមីន A
អ្នកគួរបន្ថែមអាហារដែលសម្បូរដោយវីតាមីន A ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ព្រោះខ្លួនប្រាណអ្នកនឹងបំលែងវីតាមីន A ពីចំណីអាហារ ទៅជាសារធាតុមួយដែលហៅថា Retinoid ដែលផ្សារភ្ជាប់ជាមួយនឹងកោសិកា និងជាលិកា។ ទម្រង់ខ្លះនៃវីតាមីន A មានទំនាក់ទំនងជាមួយកោសិកាខ្លាញ់ មានឥទ្ធិពលទៅលើការស្តុកខ្លាញ់ និង ភាពធាត់។ ដូច្នោះ អ្នកត្រូវប្រាកដថា អ្នកទទួលបានយ៉ាងហោចណាស់៧០០ ទៅ ៩០០ មីលីក្រាម ក្នុងមួយថ្ងៃ ដើម្បីជួយបំលែងសារធាតុឲ្យបានល្អ។ ពពួកវីតាមីន A ទាំងនោះអាចមានផ្ទុកក្នុងអាហារមួយចំនួនដូចជា ការ៉ុត ស្វាយ ត្រសក់ស្រូវ ស៊ុត ត្រីសូម៉ុង ជាដើម។

• វីតាមីន B
វីតាមីន B មានច្រើនប្រភេទ រួមមាន B1 B2 B3 B5 B6 B7 B9 និង B12។ វីតាមីន B មានសារសំខាន់ក្នុងការធ្វើមេតាបូលីស ដែលមុខងារសំខាន់គឺ បំលែងថាមពលក្នុងរាងកាយដូចជា កាបូអ៊ីដ្រាត ជាតិខ្លាញ់ ប្រូតេអ៊ីន ជាពិសេសស្តុកទុកថាមពលពីចំណីអាហារ។ ឧទាហរណ៍ ពពួកវីតាមីន B1 ជួយឲ្យកោសិកានៃរាងកាយផ្លាស់ប្តូរពី កាបូអ៊ីដ្រាតទៅជាថាមពល។ ផ្ទុយទៅវិញ បរិមាណតិចតួចនៃវីតាមីន B1 ធ្វើឲ្យថយចុះនាទីមេតាបូលីស ជាហេតុធ្វើឲ្យការសម្រកទម្ងន់មានការពិបាក។ វីតាមីន B មានច្រើនដូចជា នៅក្នុងទឹកដោះគោ ស៊ុត ចេក ដំឡូង ជាដើម។

• វីតាមីន C
អ្នកលើសទម្ងន់ ហាក់បីដូចជាមានបរិមាណវីតាមីន C ទាប ស្របពេលដែលវីតាមីន C គ្រប់គ្រាន់ក្នុងរាងកាយអាចជួយបំផ្លាញខ្លាញ់បានរហូតដល់ ៣០% ក្នុងអំឡុងពេលហាត់ប្រាណ។ នៅពេលអ្នកមានបរិមាណវីតាមីន C មិនគ្រប់គ្រាន់ពីចំណីអាហារ ហើយអ្នកទៅធ្វើលំហាត់ប្រាណ នោះអ្នកនឹងមានការលំបាកក្នុងការសម្រកទម្ងន់ជាងអ្នកដែលមានវីតាមីន C គ្រប់គ្រាន់។ មនុស្សវ័យជំទង់ត្រូវការពី ៧៥ ទៅ ៩០ មីលីក្រាមនៃវីតាមីន C ហើយវីតាមីន C ទាំងនោះអាចមានក្នុង ផ្លែក្រូច ប៉េងប៉ោះ ប្រូខូលី ម្រេច ស្ត្រូបឺរី ដែលល្អបំផុតសម្រាប់សុខភាព  ពិសេសអ្នកដែលសម្រកទម្ងន់។

• វីតាមីន D
ការទទួលបានវីតាមីន D ពីចំណីអាហារ គឺមានលក្ខណៈលំបាក ដូច្នោះ អ្នកគួរតែជ្រើសរើសពពួកអាហារបំប៉នដែលសម្បូរដោយវីតាមីន D។ បរិមាណវីតាមីន D គ្រប់គ្រាន់ អាចជួយការពារភាពស្ត្រេស ជាពិសេសជួយឲ្យការសម្រកទម្ងន់ទទួលបានជោគជ័យ។ នៅពេលរាងកាយរបស់អ្នកមិនមានវីតាមីន D គ្រប់គ្រាន់ ជាហេតុធ្វើឲ្យអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតកើនឡើង ដែលនាំឲ្យកោសិកាបំលែងស្ករទៅជាខ្លាញ់ ជំនួសថាមពល។ ដូច្នោះ បើអ្នកចង់សម្រកទម្ងន់ អ្នកគួរបង្កើនបរិមាណវីតាមីន D ក្នុងខ្លួន តាមរយៈការបរិភោគ ត្រីធូណាត្រីសូម៉ុង ស៊ុត និងយ៉ាអួរជាដើម។

វីតាមីនដែលមានមុខងារជួយដល់ការដុតបំផ្លាញកាល់ឡូរី ពិតជាសំខាន់ និងគួរតែមានបញ្ចូលក្នុងរបបអាហាររបស់អ្នកក្នុងបរិមាណសមស្រប រួមជាមួយនឹងសារជាតិ និងរ៉ែដទៃទៀតដែលចាំបាច់ដល់ការទ្រទ្រង់សរីរាង្គកាយ ដើម្បីធ្វើឲ្យលទ្ធផលនៃការសម្រកទម្ងន់កាន់តែប្រសើរ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់