កត្តាចម្បងបំផុតដែលស្ត្រីងាយប្រឈមនឹងមហារីកសុដន់

ជំងឺមហារីកសុដន់ គឺជាប្រភេទជំងឺមហារីកទូទៅបំផុតកើតឡើងក្នុងចំណោមមនុស្សស្រី ដែលត្រូវបានរកឃើញនៅក្នុងជាលិកាសុដន់។ កោសិកាទាំងនេះជាធម្មតាលេចឡើងពីបំពង់ ឬក្រពេញនៃសុដន់ និងអាចរាលដាលពេញសុដន់ ព្រមទាំងទៅផ្នែកផ្សេងទៀតនៃរាងកាយ។

បច្ចុប្បន្ន ជំងឺមហារីកសុដន់គឺជាបញ្ហាសកល និងជាមូលហេតុនាំមុខទី២ ដែលបណ្តាលឲ្យមានការស្លាប់ចំពោះស្ត្រី៖
• លើពិភពលោក ជំងឺមហារីកសុដន់ជាប់ចំណាត់ថ្នាក់លេខ ១ (២៥%) (យោងតាម GLOBOCAN  2012)
• ស្រ្តីកម្ពុជា ជំងឺមហារីកសុដន់ជាប់ចំណាត់ថ្នាក់លេខ ២ (១៥%) (យោងតាម GLOBOCAN​​ 2012)។

កត្តាប្រឈមនៃការកើតជំងឺមហារីកសុដន់
មានកត្តាប្រឈមធំៗ២ ដែលបណ្តាលឲ្យកើតជំងឺមហារីក រួមមាន៖
ក. កត្តាហានិភ័យចម្បងដែលមិនអាចគ្រប់គ្រងបាន
    ១.    ភេទ៖ ជំងឺមហារីកសុដន់កើតឡើងចំពោះមនុស្សស្រីប្រហែល ១០០ដងច្រើនជាងមនុស្សប្រុស
    ២.    អាយុ៖ អាយុកាន់តែច្រើន កត្តាប្រឈមជំងឺមហារីកសុដន់កាន់តែខ្ពស់
    ៣.    ប្រវត្តិគ្រួសារ៖ ៥ ទៅ១០% នៃករណីជំងឺនេះ ជាលទ្ធផលដោយផ្ទាល់ពីការមានបម្រែបម្រួលហ្សែនដែលឆ្លងពីម្តាយឪពុក
    ៤.    ប្រវត្តិនៃការមានរដូវ៖ ការមានរដូវមុនអាយុ១២ឆ្នាំ និង/ឬ ការអស់រដូវក្រោយអាយុ៥៥ឆ្នាំ អាចបង្កើនហានិភ័យនៃជំងឺ។
ខ. កត្តាហានិភ័យចម្បងដែលអាចគ្រប់គ្រងបាន
    ១.    ជំងឺធាត់លើសទម្ងន់៖ ការលើសទម្ងន់ក្រោយអស់រដូវបង្កើនហានិភ័យ នៃការកើតជំងឺមហារីកសុដន់
    ២.    ការមិនមានកូន៖ ស្ត្រីដែលគ្មានកូន ឬស្ត្រីដែលមានកូនដំបូងនៅក្រោយអាយុ ៣០ឆ្នាំ មានឱកាសប្រឈមនឹងការកើតជំងឺមហារីកសុដន់ច្រើនបន្តិច បើធៀបជាមួយស្ត្រីផ្សេងទៀត
    ៣.    ការមិនបំបៅកូន៖ ការសិក្សាមួយចំនួនបានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយអាចបន្ថយហានិភ័យបាន
    ៤.    ការទទួលទានជាតិអាល់កុល៖ ការពិសាគ្រឿងស្រវឹងមានទំនាក់ទំនងយ៉ាងច្បាស់ថា អាចបង្កើននូវហានិភ័យកើតជំងឺមហារីកសុដន់
    ៥.    ជក់បារី៖ ការជក់បារីច្រើន និងរយៈពេលយូរមានទំនាក់ទំនងទៅនឹងការប្រឈមខ្ពស់នៃជំងឺមហារីកសុដន់
    ៦.    មិនសូវធ្វើកីឡា ឬលំហាត់ប្រាណ
    ៧.    ការព្យាបាលដោយអ័រម៉ូនក្រោយអស់រដូវ។

រោគសញ្ញានៃជំងឺមហារីកសុដន់ 
ស្ត្រីម្នាក់ៗត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ប្រសិនបើគាត់បានឃើញសញ្ញាដូចជា៖
• ដុំក្នុងសុដន់ ការឈឺចាប់នៅសុដន់ ការផ្លាស់ប្តូររូបរាងសុដន់
• បន្តរមាស់ និងឡើងកន្ទួលជុំវិញក្បាលសុដន់ ក្បាលសុដន់រួញចូលក្នុង មានការហូរទឹកពីក្បាលសុដន់ (ការហូរឈាម)
• ការផ្លាស់ប្តូរស្បែកគ្របដណ្តប់សុដន់រួមមាន  ការឡើងក្រហម ហើម ដំបៅ ការហូរទឹកដោះ និងឡើងកម្រាស់ស្បែកសុដន់ដូចសម្បកក្រូច
• ហើម និងមានដុំនៅតំបន់ Axillar គឺចាប់ពីក្លៀកក្រោមក្លៀក រហូតមកដល់សុដន់។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសុដន់
វិធីសាស្រ្តសំខាន់ៗក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសុដន់៖
• ការពិនិត្យរូបរាងនៃសុដន់ (ការពិនិត្យគ្លីនិក)៖ ការពិនិត្យសុដន់ដោយប្រើដៃស្ទាបយ៉ាងប្រុងប្រយ័ត្ន ដែលត្រូវបានអនុវត្តដោយអ្នកឯកទេសមានបទពិសោធន៍ច្បាស់លាស់ ឬជួនកាលប្រហែលអាចត្រូវបានធ្វើឡើងដោយស្រ្តីខ្លួនឯង ដើម្បីស្វែងរកដុំ ភាពឡើងក្រាស់ ភាពមិនស៊ីមេទ្រីគ្នានៃសុដន់ជាដើម។
• ការប្រើប្រាស់ ultrasonography៖ ការធ្វើតេស្តរូបភាពដែលបញ្ជូនរលកសំឡេងប្រេកង់ខ្ពស់ឆ្លងកាត់សុដន់ និងបំប្លែងទៅជារូបភាពនៅលើកញ្ចក់អេក្រង់ តែមិនមានសារធាតុវិទ្យុសកម្មជាប់ពាក់ព័ន្ធទេ។ គ្រូពេទ្យអាចប្រើអ៊ុលត្រាសោនដើម្បីជាជំនួយក្នុងការបញ្ជាក់កាន់តែច្បាស់ពីទីតាំងនៃកោសិកាសង្ស័យនៅក្នុងសុដន់ នៅពេលប្រើវិធីសាស្រ្តមួយទៀត គឺការបូមយកកោសិកានោះចេញដោយម្ជុលជីវសាស្ត្រ (biopsy needles)។
• តេស្ត Mammography៖ នេះជាវិធីសាស្រ្តស្តង់ដាមួយសម្រាប់ការពិនិត្យរកជំងឺមហារីក តាមរយៈការរកឃើញជាកំណកតូចៗ ដុំពក ដោយប្រើប្រាស់កាំរស្មី X ទៅលើសុដន់។ កម្រិតនៃជាតិវិទ្យុសកម្មក្នុងអំឡុងពេលធ្វើការពិនិត្យនេះ មានតែបន្តិចបន្តួចប៉ុណ្ណោះ។ 
• តេស្ត Ductography៖ ប្រើប្រាស់សម្រាប់អ្នកជំងឺមួយចំនួន (ការពិនិត្យដោយកាំរស្មី X ជាមួយសារធាតុបញ្ច្រាស ដែលវេជ្ជបណ្ឌិតដាក់បញ្ចូលតាមបំពង់សុដន់ តាមរយៈការប្រើប្រាស់ម្ជុលពិសេស)។
• បច្ចេកទេសម៉ាញ៉េទិច (Magnetic ResonanceImage=MRI)៖ ប្រើមេដែកដ៏ខ្លាំងមួយដើម្បីបង្កើតរូបភាពយ៉ាងលម្អិតសុដន់។ វាមានប្រយោជន៍សម្រាប់អ្នកជំងឺមួយចំនួន (ឧទាហរណ៍ ស្ត្រីដែលមានការវះកាត់ដាក់បញ្ចូលសុដន់ ឬការវះកាត់មុនផ្សេងៗទៀត)។
• ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតអាចធ្វើការច្រឹបសាច់៖ ជាញឹកញាប់ គឺការបូមយកសាច់ពីម្ជុលដ៏តូច (fine-needle aspiration) ការបូមយកសាច់ដុំដោយម្ជុលធំ (core-needle biopsy) ឬកាត់សាច់ចេញ (excision biopsy) (ការវះកាត់ខ្នាតតូច)។ គួរបញ្ជាក់ផងដែរថា ជាធម្មតា គ្រូពេទ្យប្រើវិធីវិភាគរោគវិនិច្ឆ័យពីរ ឬបីប្រភេទសម្រាប់អ្នកជំងឺម្នាក់។

វិធីសាស្ត្រព្យាបាលជំងឺមហារីកសុដន់ការព្យាបាលជំងឺត្រូវអាស្រ័យលើស្ថានភាពអ្នកជំងឺម្នាក់ៗ និងដំណាក់កាលនៃជំងឺផងដែរ។ វិធីសាស្ត្រព្យាបាលទាំងនោះរួមមាន៖
• ការព្យាបាលដោយវះកាត់៖ អាចជាការវះឆ្កៀលយកតែជាលិកាមហារីកក្នុងសុដន់ចំពោះដំណាក់កាលដំបូង (breast-conserving surgery) និងការវះកាត់សុដន់ទាំងមូល (mastectomy) ចំពោះដំណាក់កាលផ្សេងទៀត។
• ការព្យាបាលជារួម៖ មានទាំងការព្យាបាលគីមីការព្យាបាលឲ្យចំម៉ូលេគុលគោលដៅ (ការព្យាបាលបែបជីវសាស្រ្ត) និងការព្យាបាលដោយប្រើអ័រម៉ូន។ ការព្យាបាលបែបនេះអាចសាយភាយទៅក្នុងចរន្តឈាម ហើយបំផ្លាញ ឬគ្រប់គ្រងការលូតលាស់របស់កោសិកាមហារីក ដែលមានសមត្ថភាពរាលដាលទៅកន្លែងផ្សេងទៀត នៃរាងកាយ។
• ការព្យាបាលដោយវិទ្យុសកម្ម៖ ជាការព្យាបាលនៅនឹងកន្លែងដែលអាចបំផ្លាញកោសិកាមហារីកនៅក្នុងសុដន់ និងក្រពេញកូនកណ្តុរដោយប្រើប្រាស់កាំរស្មី X។
• ការព្យាបាលសម្រន់ការឈឺចាប់ និងការព្យាបាលជារួម៖ សម្រាប់អ្នកជំងឺដែលមិនអាចព្យាបាលបាន នៅដំណាក់កាលខ្ពស់ ដើម្បីសម្រាលផលវិបាករបស់អ្នកជំងឺ ដូចជាការហើម រលាកសុដន់ការដំបៅនៅសុដន់រួមជាមួយការហូរឈាមជាដើម។ ការពិនិត្យតាមដានរកជំងឺមហារីកនេះ ជាវិធីសាស្រ្តមួយដែលធ្វើឡើងចំពោះស្ត្រីដែលមិនមានរោគសញ្ញានៃជំងឺមហារីក នៅដំណាក់កាលដំបូងនៃជំងឺ។ គោលបំណងនៃការពិនិត្យ គឺដើម្បីស្វែងរកជំងឺមហារីកនៅមុនពេលវាមានឱកាសលូតលាស់ និងរាលដាលបន្តទៀត ក៏ដូចជាដើម្បីទទួលបានការព្យាបាលមួយដែលល្អប្រសើរ ព្រមទាំងមិនសូវមានគ្រោះថ្នាក់ទៀតផង។ គួរបញ្ជាក់ថា ការសិក្សាបានបង្ហាញថា ការពិនិត្យរកជំងឺមហារីកអាចបន្ថយហានិភ័យពីការស្លាប់ចំពោះស្រ្តី។

មានវិធីសាស្រ្ត៤ប្រភេទក្នុងការពិនិត្យរកជំងឺមហារីកនៅដំណាក់កាលដំបូង
១.    ការពិនិត្យសុដន់ដោយខ្លួនឯង (Breast Self-Examination =BSE)
• ដំបូងត្រូវចាប់ផ្តើមដោយសម្លឹងមើលសុដន់របស់អ្នកនៅក្នុងកញ្ចក់ជាមួយការដាក់ស្មាឲ្យត្រង់ និងដៃច្រត់ចង្កេះដើម្បីរកមើលថា ទំហំ រូបរាង និងពណ៌របស់សុដន់ នៅសភាពធម្មតា និងដូចគ្នាឬទេ។
• ត្រូវលើកដៃឡើងរកមើលការផ្លាស់ប្តូរដូចគ្នាបូករួមការសង្កេតមើលថាមានសារធាតុរាវចេញពីក្បាលសុដន់មួយ ឬទាំងសងខាងទេ (អាចជាទឹក ទឹកដោះ ទឹកពណ៌លឿង ឬឈាម)។
• ត្រូវពិនិត្យសុដន់ខណៈពេលកំពុងគេង ឈរ ឬអង្គុយ ដោយប្រើដៃស្ដាំស្ទាបសុដន់ខាងឆ្វេង ដៃឆ្វេងស្ទាបសុដន់ស្តាំ រួចរក្សាម្រាមដៃឲ្យរាបស្មើ និងដាក់រួមគ្នា ហើយអូសជាចលនារង្វង់ប្រហែលទំហំមួយភាគបួន (ចាប់ផ្តើមធ្វើការពិនិត្យតាំងពីក្បាលសុដន់ទៅ)។ ស្ត្រីភាគច្រើនចូលចិត្តធ្វើជំហាននេះនៅពេលងូតទឹក ព្រោះគាត់ងាយស្រួលអនុវត្តពេលស្បែកសើម និងរអិល។

ស្ត្រីទាំងអស់គួរតែអនុវត្ត BSE រាល់ខែ ដោយស្រ្តីមិនទាន់អស់រដូវ គួរធ្វើនៅពេលរដូវបញ្ចប់បាន ២ទៅ៣ថ្ងៃ ព្រោះពេលនោះសុដន់ទន់ ចំណែកស្រី្តអស់រដូវ ត្រូវជ្រើសរើសកាលបរិច្ឆេទថេរមួយរៀងរាល់ខែ ដូច្នេះវាងាយស្រួលក្នុងការចងចាំ។
២.    ការពិនិត្យបែបគ្លីនិក៖ ជាវិធីសាស្រ្តដ៏ចាំបាច់ដែលតម្រូវឲ្យមានការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ការពិនិត្យបែបនេះ គួរចាប់ផ្តើមចំពោះស្ត្រីអាយុ២០ឆ្នាំឡើងទៅ ដោយអាយុ២០-៣៩ឆ្នាំម្តងក្នុងរយៈពេលបីឆ្នាំ ចំណែក៤០-៥០ឆ្នាំ ម្តងជារៀងរាល់ឆ្នាំ និង> ៥០ ឆ្នាំ ម្តងក្នុងរយៈពេលពីរឆ្នាំ។
៣.    ការពិនិត្យដោយអេកូ៖ វាជាការចាំបាច់ណាស់សម្រាប់ស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដោយ៤០-៥០ឆ្នាំ ម្តងជារៀងរាល់ឆ្នាំ និង> ៥០ឆ្នាំ ម្តងក្នុងរយៈពេលពីរឆ្នាំ។
៤.    បច្ចេកទេសម៉ាញ៉េទិច (Magnetic Resonance Imaging =MRI)៖ វាអាចត្រូវបាន
ណែនាំសម្រាប់ការតាមដានចំពោះស្ត្រីដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ឬស្ត្រីដែលមានសុដន់ឡើងធំ។

វិធីសាស្ត្រការពារខ្លួនពីជំងឺមហារីក
• ញ៉ាំអាហារដែលផ្តល់សុខភាពល្អឲ្យបានច្រើនដូចជាបន្លែ ផ្លែឈើស្រស់ ទឹកសណ្តែក ឬផលិតផលទឹកដោះគោ ចៀសវាងការបរិភោគអាហារដែលសម្បូរទៅដោយខ្លាញ់ និងមិនគួរបរិភោគសាច់ក្រហម (សាច់ជ្រូក សាច់គោ...)
• ចៀសវាងការផឹកស្រាហួសកម្រិត
• បញ្ឈប់ការជក់បារី
• ចៀសវាងការលើសទម្ងន់ ជាពិសេសស្ត្រីក្រោយអស់រដូវ
• ត្រូវតែសកម្ម ក្នុងនោះការធ្វើលំហាត់ប្រាណ៥ដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកបាន
• គួរប្រើប្រាស់ថ្នាំព្យាបាលប្រភេទអ័រម៉ូន និងថ្នាំ ពន្យារកំណើត ដោយប្រុងប្រយ័ត្ន ជាពិសេសត្រូវមានការត្រួតពិនិត្យពីគ្រូពេទ្យជាមុនសិន។

ការពិនិត្យរកឃើញកាន់តែឆាប់ គឺជាការការពារដ៏ល្អបំផុត!

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមា រនិងមហារីកទូទៅ 
ប្រធានផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

 

ពាក្យទាក់ទង


មតិយោបល់