សកម្មភាពចុងសប្ដាហ៍១០យ៉ាង ដើម្បីកែលម្អសុខុមាលភាពរបស់អ្នក

សុខុមាលភាពសម្រាប់ជីវិតគឺជាភាពសុខស្រួល សុខភាពរឹងមាំ និងភាពសប្បាយរីករាយ ហើយវាមិនត្រឹមតែសម្រាប់ខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវារួមទាំងបញ្ញា និងស្មារតីផងដែរ។ អ្នកគួរតែចំណាយពេលខ្លះមកមើលថែទាំខ្លួនឯងឲ្យមានសុខភាពល្អ ទើបអ្នកអាចសម្រេចអ្វីៗបន្តទៀតបាន។ អ្នកទាំងអស់គ្នាប្រហែលជាមានការងាររវល់ជាច្រើនរៀងរាល់ថ្ងៃ ដូចនេះ យើងក៏បានលើកយកសកម្មភាពដែលអ្នកអាចធ្វើបាននៅចុងសប្ដាហ៍ ដើម្បីកែលម្អ និងថែរក្សាសុខុមាលភាព ទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន។

១. អានសៀវភៅ
អ្នកធ្លាប់ឮទេថា ការអានសៀរភៅអាចផ្លាស់ប្តូរជីវិតអ្នកដោយនឹកស្មានមិនដល់? ប្រាកដណាស់ ទម្លាប់នៃការអាន ជាទម្លាប់ដ៏ល្អមួយ ហើយយ៉ាងហោចណាស់អ្នកគួរបង្កើតទម្លាប់ល្អមួយនេះ ក្នុងពេលសម្រាកផងដែរ ប្រសិនបើអ្នករវល់ខ្លាំងក្នុងថ្ងៃធម្មតា។ ការអាននឹងឲ្យអ្នកស្គាល់ និងរៀនចេះនូវអ្វី ដែលអ្នកមិនធ្លាប់ដឹងពីមុន រួមទាំងការហ្វឹកហាត់ខាងខួរក្បាល និងបញ្ញាឲ្យរីកលូតលាស់ផងដែរ។ អានសៀវភៅល្អមួយក្បាល ស្មើនឹងរើសបានគ្រាប់ពេជ្រដ៏មានតម្លៃមួយដុំ។

២. ចម្អិនអាហារខ្លួនឯង
អ្នកប្រហែលជាជាប់រវល់រហូតដល់ញ៉ាំបាយខាងក្រៅសឹងតែរាល់ថ្ងៃ ប្រសិនបើគ្មានអ្នកចម្អិនម្ហូបឲ្យនៅផ្ទះ ប៉ុន្តែអ្នកគួរសាកចំណាយពេល ១ ទៅ ២ម៉ោងយ៉ាងយូរ មកចម្អិនអាហារសម្រាប់ខ្លួនឯង ឬគ្រួសារម្តងវិញម្តង បើទោះបីជាធ្វើកើត ឬមិនកើតក៏ដោយ ក៏គួរតែសាក។ សាកធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំទៅមើល អ្នកនឹងដឹងថាការធ្វើម្ហូប ក៏អាចធ្វើឲ្យអ្នកសប្បាយចិត្តដែរ!

៣. ញ៉ាំអាហារដែលអ្នកចូលចិត្ត
គេនិយាយថាអាហារឆ្ងាញ់ អាចធ្វើឲ្យអារម្មណ៍ប្រសើរឡើងដែរ! ប្រសិនបើអ្នកមិនចេះ ឬមិនចង់ចម្អិនអាហារខ្លួនឯងនៅចុងសប្ដាហ៍ទេ អ្នកអាចជ្រើសរើសភោជនីយដ្ឋាន ឬកន្លែងញ៉ាំអីណាមួយ កម្មង់ម្ហូបដែលអ្នកចូលចិត្ត ឬញ៉ាំអាហារណាដែលល្អ និងបំប៉នសុខភាព ដូចកាលពីថ្ងៃទី១៦ នៅ Ignite Phnom Penh 4 មានវាគ្មិន លោក ជា វុឌ្ឍី បានលើកយកប្រធានបទមួយថា «You are what you eat» មានន័យថា «ញ៉ាំអី បានហ្នឹង» ហើយគាត់បានណែនាំឲ្យយើងចេះ ប្រុងប្រយ័ត្នក្នុងការជ្រើសរើសអាហារ ព្រោះវាអាចធ្វើឲ្យសុខភាពយើងប្រសើរ ឬចុះទន់ខ្សោយទៅតាមហ្នឹងដែរ។

៤. លេងកីឡា
ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អទេ វាថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយថែមទៀតផង។ ឆ្លៀតពេលចុងសប្តាហ៍ ជ្រើសរើសកីឡាណាមួយដែលអ្នកគិតថា អ្នកចូលចិត្តជាងគេ ដូចជា លេងបាល់ រត់ ហែលទឹក វាយសីជាដើម ហើយប្រសិនបើធ្វើបានបែបហ្នឹងជារៀងរាល់ថ្ងៃទៀត អ្នកនឹងទទួលបានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ជារៀងរាល់ថ្ងៃ។

៥. ងូតទឹកយូរ
ជឿ ឬអត់ថាងូតទឹកយូរធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ? រាល់ថ្ងៃក្រោកពីគេង ប្រញាប់ទៅរៀន ទៅធ្វើការឲ្យទាន់ម៉ោង ប្រាកដជាងូតទឹកឲ្យតែស្អាតៗទេ តែបានជាចុងសប្តាហ៍ អត់ប្រញាប់ទៅណាផង សាកងូតទឹកឲ្យបានយូរម្តងមើល អ្នកនឹងទទួលបានអារម្មណ៍ប្លែក និងស្រស់ស្រាយជាងធម្មតា។ សាកមើលទៅបានដឹង កុំឲ្យថាគេចេះតែថា!

៦.ដើរលេងកន្លែងធម្មជាតិ
អ្នកគួរចំណាយពេលចុងសប្តាហ៍ឲ្យមានន័យ បើជ្រុលជាហត់នឿយទាំងកាយ និងចិត្តមកច្រើនថ្ងៃដែរហើយ។ អ្នកគួរចំណាយពេលដើរលេងខ្លះ បើមិនបានទៅកន្លែងឆ្ងាយៗ ក៏បានទៅកន្លែងជិតៗ ដែលមានធម្មជាតិខ្លះដែរ ដូចជាជិះតាមមាត់ទន្លេ ទៅលេងសួន ឬកន្លែងណាក៏បាន ឲ្យតែមានដើមឈើ ឬទឹកជាដើម ព្រោះវាអាចជួយលុបបំបាត់ភាពនឿយហត់របស់អ្នកបាន។

៧. ថតរូប
ទៅដើរលេងហើយអត់ថតរូបម៉េចបាន! ការថតរូបក៏អាចធ្វើឲ្យអារម្មណ៍ល្អដែរ! វាក៏ជាភស្តុតាងមួយថា អ្នកធ្លាប់ទៅកន្លែងសប្បាយៗ អ្នកធ្លាប់មានក្តីសុខជាមួយពេលវេលាហ្នឹង... ជួនកាលអ្នកអាចញញឹមពេលមើលរូបធ្លាប់ថតដែរ ហើយអាចនឹងចង់ទៅកន្លែងក្នុងរូបហ្នឹងម្តងទៀតផង។ ពេលខ្លះ នៅពេលអ្នកថតរូបបានស្អាតៗច្រើន អ្នកក៏មានរីករាយទៅតាមហ្នឹងក៏មានដែរ។ អញ្ចឹង សាកដើរថតរូបចុងសប្តាហ៍ម្តងមើល៎ បានដឹងថាយ៉ាងណា!

៨. ដើរទិញឥវ៉ាន់
មិនចាំបាច់ថាដើរទិញរបស់ប្រេនៗអីទេ គ្រាន់តែដើរផ្សារទិញរបស់ប្រើប្រាស់ ឬរបស់ញ៉ាំ ក៏អាចធ្វើឲ្យអ្នកបានស្រស់ស្រាយមួយផ្នែកធំផងដែរ។ ចំណាយពេលប្រហែល២ម៉ោងទៅដើរផ្សារ ទិញរបស់ខ្លះៗ និងមើលមនុស្សម្នាគេឯង ក៏អាចលំហែអារម្មណ៍បានដែរ។

៩. សមាធិ
ប្រសិនបើអ្នកចេះសមាធិ វាកាន់តែប្រសើរថែមទៀត។ សមាធិមិនមែនជារឿងងាយស្រួលរៀនទេ តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបានដែរ។ ចំណាយពេលធ្វើសមាធិត្រឹមមួយសប្តាហ៍ម្តង អ្នកនឹងទទួលបានថារាងកាយ និងចលនាដង្ហើមអ្នកប្រសើរឡើង រួមទាំងមានសេចក្តីសុខខាងផ្លូវចិត្តបានស្ងប់ផងដែរ។ អ្នកអាចរៀនសមាធិតាម Youtube ឬកាន់តែល្អស្វែងរកថ្នាក់បង្ហាត់បង្ហាញពីការធ្វើសមាធិពីអ្នកជំនាញតែម្តង បានប្រសិនបើអ្នកមិនទាន់ចេះ។

១០. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់
ពិតណាស់ សកម្មភាពទាំង៩ខាងលើ បើធ្វើម្នាក់ឯង វាដូចជាឯកាពេក តែប្រសិនបើមានអ្នកធ្វើជាមួយវិញ កាន់តែមានន័យ។ អ្នកគួរចំណាយពេលចុងសប្តាហ៍ ឲ្យកាន់តែមានន័យថែមទៀត ដោយធ្វើសកម្មភាពដែលអ្នកចូលចិត្ត ជាមួយមនុស្សជាទីស្រឡាញ់ ដូចជាគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេសរបស់អ្នក។ ប្រសិនបើអ្នកស្រ្តេស អ្នកក៏អាចឆ្លៀតពេលបង្ហាញនូវអារម្មណ៍តានតឹងឲ្យគេស្តាប់ វាក៏អាចជួយសម្រាលទុក្ខអ្នកបានយ៉ាងច្រើន ហើយអ្នកក៏មានពេលវេលាល្អៗចំណាយជាមួយមនុស្សដែលអ្នកស្រឡាញ់ទៀតផង។

ជារួមមក ដើម្បីរក្សាសុខុមាលភាពក្នុងជីវិត អ្នកត្រូវថែទាំសុខភាពទាំងផ្លូវកាយ និងចិត្តឲ្យរឹងមាំ ទើបអ្នកអាចបន្តក្តីស្រម៉ៃ និងសុបិន្តរបស់អ្នកទៀតបាន។ ទោះបីអ្នកមិនអាចធ្វើសកម្មភាពទាំងនេះបានជារៀងរាល់ថ្ងៃទាំងអស់បាន ក៏អ្នកអាចធ្វើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្ដាហ៍ដែរ។

ស្រឡាញ់ និងថែរក្សាសុខភាពទាំងអស់គ្នាណា៎!
 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់