ជំងឺមហារីកសួតជាឃាតករលាក់មុខមែនឬទេ?

មហារីកសួត ឬ Lung Cancer ជាមហារីកមួយប្រភេទបង្កឡើងនៅក្នុងកោសិកានៃសាច់សួត ហើយវាត្រូវបានគេចែកជា ២ប្រភេទធំៗ ដោយផ្អែកលើលក្ខណៈកោសិកា ការវិនិច្ឆ័យ និងព្យាបាលដែលរួមមាន Non-small Cell Lung Cancer (NSCLC) និង Small Cell Lung Cancer (SCLC)។ បច្ចុប្បន្ន ជំងឺមហារីកសួតមានការប្រែប្រួលកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយច្រើនកើតមាននៅលើបុរសជាងស្រ្តី ដោយសារកត្តាបរិស្ថាន និងការជក់បារី។ គួរបញ្ជាក់ថា ជំងឺមហារីកសួតស្ថិតនៅលំដាប់ទី២ បន្ទាប់ពីជំងឺមហារីកថ្លើមចំពោះបុរស  និងលំដាប់ទី៤ចំពោះស្ត្រី ដែលមានអត្រាគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងប្រទេសកម្ពុជា។

មូលហេតុ
តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានកំណត់នូវមូលហេតុបង្កជំងឺមហារីកសួតជាចម្បងបំផុតគឺផ្សែងបារី និងកត្តារួមផ្សំមួយចំនួនទៀតដូចជា កត្តាបរិស្ថាន និងការប្រឈមជាមួយសារធាតុពុលពេលដកដង្ហើមចូលជាដើម។

រោគសញ្ញា
ជាទូទៅ មហារីកសួតស្តែងចេញជារោគសញ្ញាមានលក្ខណៈខុសគ្នាអាស្រ័យទៅលើកន្លែង ឬទីតាំង និងការរីករាលដាលនៃដុំសាច់ដែលរួមមានការក្អកធម្មតារ៉ាំរ៉ៃ ឬក្អកធ្លាក់ឈាម និងឈឺចាប់ក្នុងទ្រូង។ ករណីខ្លះអ្នកជំងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ដោយសារដុំមហារីកសួតកាន់តែរីកធំ សង្កត់ផ្នែកមួយជិតបំពង់កធ្វើឲ្យហើម (Supraveina Cava Syndrome) និងលេចចេញជាសញ្ញាហត់ជាដើម។

យន្តការនៃជំងឺ
ជំងឺមហារីកសួតកើតឡើងដោយសារមានការប្រែប្រួលខុសធម្មតានៃកោសិកាមួយរបស់សាច់សួតដោយសារមានការរលាក។ ការរលាកនេះ បណ្តាលមកពីការជក់បារីញឹកញាប់ ឬច្រើនដងក្នុងមួយថ្ងៃមានរយៈពេលយូរឆ្នាំ (លើសពី២០កញ្ចប់ក្នុងមួយឆ្នាំ) ជាលទ្ធផលបង្កឲ្យកោសិកាសាច់សួតរលាករុំារ៉ៃ និងមានបម្រែបម្រួលហ្សែន (Genemutation)យូរឆ្នាំ រហូតដល់ក្លាយជាកោសិកាមហារីក។ កោសិកាមហារីកនេះចាប់ផ្តើមរីករាលដាលធំឡើងៗ រហូតដល់រយៈពេលមួយដែលវាដុះសង្កត់ទៅលើទងសួត ធ្វើឲ្យអ្នកជំងឺលេចចេញជារោគសញ្ញាផ្សេងៗដូចរៀបរាប់ខាងលើ។ មិនខុសពីជំងឺមហារីកផ្សេងទៀត  មហារីកសួតក៏អាចរីករាលដាលទៅបំពង់រំលាយអាហារ ឆ្អឹង ខួរក្បាលនិងសរីរាង្គផ្សេងទៀតផងដែរ។

ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល
ករណីសង្ស័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះទងសួត (Bronchoscopy) ដើម្បីច្រឹបយកកោសិកា (Biopsy) មហារីកសួតយកទៅពិនិត្យ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកអាចនឹងមានការប្រជុំរវាងគ្រូពេទ្យឯកទេសផ្សេងៗរួមមាន គ្រូពេទ្យឯកទេសមហារីកដោយបញ្ចាំងកាំរស្មី (Radiation Oncologist) គ្រូពេទ្យឯកទេសមហារីកដោយចាក់ថ្នាំគីមី (Medical Oncologist)គ្រូពេទ្យឯកទេសខាងសួត (Pneumologist)គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ (Radiologist) និងគ្រូពេទ្យវះកាត់ផ្នែកសួត (ThoracicSurgeon) ដើម្បីពិភាក្សាគ្នារកយុទ្ធសាស្ត្រ​​ ក្នុងការព្យាបាលអ្នកជំងឺ។ ក្នុងការព្យាបាលនោះរួមមាន ការវះកាត់ដែលផ្តល់នូវប្រសិទ្ធភាពអាចជួយអ្នកជំងឺឲ្យជាសះស្បើយក្នុងកម្រិតខ្ពស់ ពិសេសនៅដំណាក់កាលដំបូង។ ការព្យាបាលដោយកាំរស្មី និងការប្រើថ្នាំគីមីជាការព្យាបាលមុន ឬបន្ថែមក្រោយវះកាត់ (Adjuvant ឬ Neo-adjuvant modalities) ឬជាការជ្រើសរើសដោយមិនមានការវះកាត់ដោយសារ  (exclusive treatment) ដំណាក់កាលជំងឺមិនអាចវះកាត់បាន (Non-resectable ឬ non-operable)។ គួរបញ្ជាក់ថាអ្នកជំងឺមហារីកសួតភាគច្រើន  (ជាង ៩០%) ដែលបានទទួលការព្យាបាល អត្រានៃការរស់រានមានជីវិតក្នុងរយៈពេល៥ឆ្នាំមានត្រឹម២០%ប៉ុណ្ណោះដោយសារតែការរកឃើញជំងឺនេះនៅពេលព្យាបាលស្ថិតនៅដំណាក់កាលខ្ពស់ (Late stage) រួមផ្សំនឹងការភ្ជាប់មកជាមួយនឹងស្ថានភាពចុះខ្សោយនៃមុខងារសួត និងសរីរាង្គសំខាន់ជាច្រើនទៀត (ដែលមូលហេតុជាច្រើនមកពីការជក់បារី)។

វិធីសាស្រ្តការពារ
• បញ្ឈប់ការជក់បារី និងចៀសវាងការហិតផ្សែងបារី (Second hand smoker)
• បញ្ឈប់ការផ្សព្វផ្សាយពីពាណិជ្ជកម្មបារីដែលជាកត្តាជំរុញឲ្យមានការជក់បារីកាន់តែច្រើន
• ចៀសវាងការប៉ះសារធាតុគីមីពុល និងថ្នាំសម្លាប់សត្វល្អិត
• តាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់