អ្វីខ្លះជាហេតុផលនៅពីក្រោយអាការៈហត់?

អាការៈហត់អាចជាសញ្ញានៃជំងឺទូទៅណាមួយ ប៉ុន្តែ វាក៏អាចជាឃាតករលាក់មុខបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្តផងដែរ។

អ្វីគួរដឹង?
តាមការសិក្សាស្រាវជ្រាវភាគច្រើន បុគ្គលម្នាក់ក្នុងចំណោមពីរនាក់នៃជនជាតិបារាំង បានរងគ្រោះជាមួយអាការៈហត់ ដែលកើតមានឡើងជាញឹកញាប់ និងធម្មតា។ អាការៈហត់ដែលកើតមានឡើងបង្កប់នូវហេតុផល ២យ៉ាងខុសគ្នាដូចជា៖
១. ក្នុងករណីកម្រ៖ ភាពហត់អាចបង្កមកពីស្ថានភាពជំងឺនៃរាងកាយ (Maladie Somatique) មួយចំនួន រួមមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអង់ដូគ្រីន (ខ្សោយតម្រងនោម ឬក្រពេញទីរ៉ូអ៊ីត) ជំងឺថ្លើម (ក្រិនថ្លើម ឬរលាកថ្លើម) ជំងឺទាក់ទងសរសៃសាច់ដុំ ឬជំងឺបណ្តាលមកពីការចម្លងមេរោគ  (គ្រុនផ្តាសាយ)   ជាដើម។ ករណីទាំងនេះទាមទារការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត ព្រោះការប្រើប្រាស់ថ្នាំដោយខ្លួនឯង មិនត្រូវបានណែនាំនោះទេ។
២. ក្នុងអត្រា ៩០% ៖ អាការៈហត់ ហាក់លេចឡើងនៅក្នុងស្ថានភាពអាក្រក់ណាមួយដែលអ្នកកំពុងតែប្រឈមមុខទៅនឹងបញ្ហាដែលកើតមានឡើង ជាមួយបុគ្គលជុំវិញខ្លួនដូចជា គ្រួសារ អ្នកជិតខាង ឬមិត្តរួមការងារជាដើម។ អ្នកនឹងអាចសង្កេតឃើញអាការៈហត់ក្នុងពេលវេលាបែបនេះមានលក្ខណៈដូចជា៖
• តែងកើតមានឡើងនៅពេលព្រឹក បង្អាក់អ្នកមិនអាចងើបពីដំណេកបាន
• មិនបានធូរស្រាល ទោះបីជាបានសម្រាកហើយក៏ដោយ
• អាការៈបន្តមានភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ
• ភ្ជាប់ជាមួយផងដែរនូវសញ្ញាប៉ះពាល់ដល់ការចងចាំ និងវិបត្តិក្នុងការទទួលទានអាហារ។
បន្ថែមពីនោះ អាការៈនេះក៏អាចស្តែងចេញជាសញ្ញាព្រមាននៃបញ្ហាផ្លូវចិត្ត ដែលអាចអូសទាញអ្នកឲ្យប្រឈមទៅនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ។

អ្វីគួរធ្វើ?
ប្រសិនលក្ខខណ្ឌនេះកាន់តែអូសបន្លាយយូរ និងបង្ហាញពីភាពតានតឹងកាន់តែខ្លាំង នោះការស្វែងរកការប្រឹក្សាពីសំណាក់អ្នកជំនាញផ្នែកចិត្តសាស្រ្ត ជាដំណោះស្រាយដែលល្អបំផុត។ យ៉ាងណាមិញ មុនពេលទទួលបានការបឹ្រក្សា អ្នកជំងឺអាចប្រើប្រាស់ថ្នាំសម្រាប់ជាជំនួយសម្រួលដល់អាការៈហត់ផងដែរ រួមមាន៖
• ឱសថ Sulbutiamine៖ មានឈ្មោះថា Arcalion ដែលជាដេរីវេនៃវីតាមីន B1 (អាចប្រើប្រាស់ ៣តំណក់ក្នុងមួយថ្ងៃ) 
​• ឱសថក្នុងក្រុម Acides Aminés៖ ពពួក Arginine មានដូចជា៖ 
  - Dynamisan (Norvatis)
  - Sargénor (Sarget Pharma) ដែលអាចប្រើប្រាស់បាន ៣គ្រាប់ ឬ៣អំពូល ក្នុងមួយថ្ងៃ
  - Acide acétylaminosuccinique ដែលមានឈ្មោះ Cogitum អាចប្រើបានចំនួន៣គ្រាប់ក្នុងមួយថ្ងៃ
• ឱសថពពួក Diméthylaminoéthanol (Déanol) ដែលអាចប្រើបានរួមជាមួយ៖
  - ម៉ាញ៉េស្យូម និងវីតាមីន C (Acti 5)
  - ឬជាមួយ Heptaminol (Debrumyl)
• ឱសថពពួក Glucuronamide ដែលរួមបញ្ចូលជាមួយវីតាមីន C និងជាតិកាហ្វេអ៊ីន មានឈ្មោះថា Guronsan (R.E.T.E.)។

កំណត់ចំណាំ
• ស្ថានភាពហត់ ដែលកើតមានបន្ទាប់ពីការសម្រាលកូនឬស្រ្តីក្នុងវ័យក្រោយអស់រដូវ អាចជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។ 
•​ ចំពោះអាការៈហត់បង្ហាញជាជំងឺបណ្តាលមកពីការឈឺចាប់ធ្ងន់ធ្ងរផ្នែកផ្លូវចិត្ត អាចឈានដល់ការសម្លាប់ខ្លួន។

ប្រភពយោង៖ Le vademecum de la Médication officinale

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់