CDC៖ នៅឆ្នាំ ២០៥០​ នឹងមានមនុស្សម្នាក់ស្លាប់រៀងរាល់ ៣វិនាទី ដោយសារបាក់តេរីស៊ាំនឹងថ្នាំផ្សះ

បច្ចុប្បន្ន បញ្ហាភាពស៊ាំនៃបាក់តេរីពុំមែនគ្រាន់តែជាបញ្ហាក្តៅគគុកសម្រាប់ប្រទេសណាមួយឡើយ តែវាជាបញ្ហាសម្រាប់ពិភពលោកទាំងមូលតែម្តង ដោយសារតែមេរោគដែលស៊ាំនឹងថ្នាំផ្សះ អាចធ្វើការចម្លងបានទៅគ្រប់ទីកន្លែង ជាពិសេសតាមរយៈការធ្វើបន្លាស់ទីរបស់ប្រជាជននៅលើពិភពលោក។

ជាមួយគ្នានេះដែរ CDC របស់សហរដ្ឋអាមេរិកដែលជាអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបានធ្វើការរំឭកទៅកាន់ពិភពលោកទាំងមូលថា “នៅក្នុងឆ្នាំ ២០៥០ ប្រសិនបើគ្មានការធ្វើសកម្មភាពទប់ស្កាត់ការស៊ាំនៃបាក់តេរីទៅនឹងថ្នាំផ្សះពីសំណាក់បុគ្គលគ្រប់គ្នាទេនោះ  ជាលទ្ធផលនៅរៀងរាល់៣វិនាទី នឹងមានមនុស្សម្នាក់អាចត្រូវស្លាប់ដោយសារបាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះ”។ អង្គការសហប្រជាជាតិក៏បានបង្កើតជារូបភាពតំណាងដែលបញ្ជាក់អំពីការព្រមាន និងការបារម្ភទៅលើបញ្ហាភាពស៊ាំនៃថ្នាំផ្សះចំពោះបាក់តេរី ដោយផ្តោតជាពិសេសទៅលើគុណវិបត្តិចំពោះក្មេងៗជំនាន់ក្រោយផងដែរ។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធជាច្រើនក៏បាន និងកំពុងចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយនូវបញ្ហានេះ ជាពិសេសតាមរយៈការលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ថ្នាំផ្សះតែម្តង។

ស្វែងយល់អំពីឱសថអង់ទីប៊ីយូទិក (ឬថ្នាំផ្សះ) 
អង់ទីប៊ីយូទិក ឬថ្នាំផ្សះ ជាឱសថមួយប្រភេទសម្រាប់ប្រឆាំងនឹងពពួកមីក្រុបដែលនៅក្រុមបាក់តេរី តែវាមិនមានឥទ្ធិពលប្រឆាំងពពួកមីក្រុបដទៃទៀតដូចជា វីរុស ផ្សិត និងប៉ារ៉ាស៊ីតឡើយ។ ដោយសារឱសថអង់ទីប៊ីយូទិកគឺជាឱសថប្រឆាំងនឹងបាក់តេរី ដូចនេះ វាត្រូវបានជ្រើសរើសសម្រាប់ការព្យាបាលចំពោះតែជំងឺឆ្លង ដែលបង្កឡើងដោយពពួកបាក់តេរីប៉ុណ្ណោះ។ ត្រង់ចំណុចនេះ យើងគួរបញ្ជាក់ផងដែរថា អាការៈផ្តាសាយដែលបង្កឡើងដោយវីរុស មិនត្រូវបានណែនាំឲ្យព្យាបាលដោយអង់ទីប៊ីយូទិកឡើយ។
សម្គាល់៖ លក្ខណៈនៃជំងឺឆ្លងដោយបាក់តេរីអាចនឹងត្រូវបានកំណត់ដោយវេជ្ជបណ្ឌិតតាមរយៈការពិនិត្យមើលរោគសញ្ញាគ្លីនិក និងវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យផ្សេងៗទៀត។

ភាពស៊ាំជាមួយនឹងឱសថអង់ទីប៊ីយូទិករបស់បាក់តេរី
ការស៊ាំជាមួយនឹងឱសថអង់ទីប៊ីយូទិកសំដៅដល់ស្ថានភាពដែលបាក់តេរីមានភាពធន់នឹងឥទ្ធិពលប្រឆាំងរបស់ឱសថអង់ទីប៊ីយូទិកដែលធ្លាប់តែអាចសម្លាប់វាបាន។ ភាពស៊ាំរបស់អង់ទីប៊ីយូទិកត្រូវបានបែងចែកជា ២ ធំៗគឺ៖
-    ការស៊ាំនឹងឥទ្ធិពលរបស់ថ្នាំពីកំណើតរបស់បាក់តេរី (Résistance naturel)៖ ឧទាហរណ៍ពពួក Enterococcus ស៊ាំពីកំណើតនឹងឱសថ Cephalosporine។
-    ការស៊ាំថ្នាំដែលបង្កឡើងដោយការប្រើប្រាស់មិនបានត្រឹមត្រូវ (Résistance acquise)៖ ឧទាហរណ៍ Ceftriaxone ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ និងមិនសមស្របចំពោះមេរោគ E-Coli ធ្វើឲ្យមេរោគអាចមានបម្រែបម្រួលសេនេទិច និងមានសមត្ថភាពស៊ាំនឹងអង់ទីប៊ីយូទិកក្រុម betalactamine និងcephalosporine។

ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយូទិក
ភាពស៊ាំរបស់មេរោគទៅនឹងថ្នាំផ្សះ ជាឃាតករលាក់មុខដែលអាចនាំនូវភាពមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅពេលដែលពួកយើងគ្រប់គ្នាមិនបានមើលឃើញ ហើយជាអកុសលវាក៏បាន និងកំពុងកើតឡើងរួចទៅហើយ ព្រមទាំងអាចបង្កការគ្រោះថ្នាក់ដល់ថ្ងៃអនាគត និងមនុស្សជំនាន់ក្រោយទៀតផងដោយក្នុងនោះរួមមាន៖
-    ចំពោះអ្នកជំងឺ៖ ប្រសិនបើជួបបាក់តេរីដែលស៊ាំនឹងថ្នាំអាចធ្វើឲ្យគាត់ត្រូវបន្តព្យាបាលនៅមន្ទីរពេទ្យកាន់តែយូរ និងចំណាយថវិកាលើសពីធម្មតា រហូតដល់ច្រើនដង។ កាន់តែធ្ងន់ធ្ងរគឺ អ្នកជំងឺអាចប្រឈមនឹងការព្យាបាលជំងឺមិនបានជាសះស្បើយ ឬអាចគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទៀតផង។
-    ចំពោះបុគ្គលិកសុខាភិបាល៖ អាចបាត់បង់នូវលទ្ធភាពក្នុងការផ្តល់ការព្យាបាល បាត់បង់ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះ ត្រូវចំណាយពេលវេលា និងកម្លាំងកាន់តែច្រើនក្នុងការស្វែងរកការព្យាបាលសម្រាប់ជំងឺដដែល និងអាចប្រឈមនឹងការឆ្លងនឹងមេរោគដែលស៊ាំពីអ្នកជំងឺទៀតផង។
-    ចំពោះវិស័យសុខាភិបាល៖ អាចនឹងខាតបង់ថវិកាកាន់តែច្រើនក្នុងវិធានការនានាទាក់ទងនឹងបញ្ហាភាពស៊ាំរបស់មេរោគទៅនឹងឱសថអង់ទីប៊ីយូទិក។
-   ចំពោះវិស័យឧស្សាហកម្មឱសថ៖ ជួបផលលំបាកក្នុងការផលិតឡើងនូវរូបមន្តឱសថអង់ទីប៊ីយូទិកថ្មី ដែលជំរុញឲ្យជម្រើសឱសថអង់ទីប៊ីយូទិកនៅលើទីផ្សារកាន់តែមានចំនួនកំណត់។ FDA របស់សហរដ្ឋអាមេរិកបានប្រកាសថា តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ពុំសូវមានឱសថអង់ទីប៊ីយូទិកថ្មីៗត្រូវបានបង្កើតឡើងឡើយ ខណៈដែលឱសថអង់ទីប៊ីយូទិកដែលមានប្រសិទ្ធភាពកាន់តែមានតិច ដោយសារអត្រានៃភាពស៊ាំដោយបាក់តេរីទៅនឹងថ្នាំផ្សះមានការកើនឡើងជាលំដាប់។
-    ចំពោះវិស័យវេជ្ជសាស្ត្រ៖ បច្ចេកទេសព្យាបាលទំនើបៗ និងថ្មីៗជាច្រើនក៏នឹងអាចក្លាយទៅជាលែងមានប្រយោជន៍ដូចគ្នា នៅដំណាក់កាលដែលលែងមានថ្នាំផ្សះសម្រាប់ប្រឆាំងនឹងបាក់តេរី។ ជាឧទាហរណ៍ ការព្យាបាលដោយកាំរស្មី ឬការវះកាត់ដោយប្រើគ្រឿងយន្តទំនើប ដែលអាចប្រឈមនឹងការឆ្លងរោគ នឹងមិនមានប្រយោជន៍ឡើយ នៅពេលដែលគ្មានថ្នាំផ្សះប្រើប្រាស់សម្រាប់ការពារ។

ការប្រើប្រាស់អង់ទីប៊ីយូទិកដោយមិនត្រឹមត្រូវតាមស្តង់ដា
ការប្រើប្រាស់អង់ទីប៊ីយូទិកដោយមិនត្រឹមត្រូវតាមស្តង់ដាអាចកើតមានដោយសារកត្តាជាច្រើន ដោយក្នុងនោះ រាប់បញ្ចូលទាំងការយល់ដឹងអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយូទិក នៅមានកម្រិតរបស់បុគ្គលិកសុខាភិបាលមួយចំនួន ក៏ដូចជាប្រជាជនទូទៅភាគច្រើនផងដែរ។

វិធានការចំពោះបញ្ហាស៊ាំនៃឱសថអង់ទីប៊ីយូទិក
គោលការណ៍ជារួមសម្រាប់វិធានការទាក់ទងនឹងភាពស៊ាំនៃឱសថអង់ទីប៊ីយូទិកអាចចែកចេញជា ២៖
• ទី១ សម្រាប់ប្រជាពលរដ្ឋ៖ ប្រជាជនទាំងអស់មិនត្រូវចាត់ទុកថ្នាំផ្សះជាប្រភេទថ្នាំសម្រាប់ផ្សះរបួសឡើយហើយជំងឺដែលបង្កដោយមេរោគជាវីរុសដូចជា ផ្តាសាយ គ្រុនឈាម អ៊ុតស្វាយរលាកទងសួតដោយវីរុសជាដើម ក៏ពុំមែនជាជំងឺដែលត្រូវចាំបាច់ប្រើប្រាស់ថ្នាំផ្សះដែរ។ សូមបញ្ជាក់ថា មុខរបួសបន្តិចបន្តួចអាចត្រូវបានការពារការឆ្លងរោគតាមរយៈការលាងរបួសឲ្យបានត្រឹមត្រូវ ដែលអាចជួយឲ្យរបួសសះឯងៗ។ ម្យ៉ាងទៀត ប្រជាជនទាំងអស់ គួរចៀសវាងការសួររក ឬទទួលការផ្សំជាថ្នាំផ្សះដោយពុំមានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។
• ទី២ សម្រាប់បុគ្គលិកសុខាភិបាល៖ ឱសថស្ថានត្រូវចៀសវាងផ្តល់ឱសថអង់ទីប៊ីយូទិកដល់អ្នកជំងឺប្រសិនពុំមានវេជ្ជបញ្ជា រីឯក្រុមគ្រូពេទ្យត្រូវផ្តល់វេជ្ជបញ្ជាជាថ្នាំផ្សះដោយមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រូវកំណត់មូលហេតុជំងឺឲ្យបានច្បាស់ (ថាបង្កពីបាក់តេរីមែនឬទេ) ទីតាំងនៃការឆ្លងរោគ ក៏ដូចជាប្រភេទនៃបាក់តេរីផងដែរ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យក៏គួរចូលរួមក្នុងការប្រមូលសំណាក មុនផ្តល់ការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិកដល់អ្នកជំងឺ ដើម្បីអាចជួយរកឲ្យឃើញមេរោគបង្កជាមុន សម្រាប់ជាប្រយោជន៍ដល់ការប្រមូលទិន្នន័យ និងចងក្រងជាមគ្គទេសក៍ក្នុងការប្រើប្រាស់អង់ទីប៊ីយូទិកទៅថ្ងៃអនាគត។

ទាក់ទងនឹងវិធានការនេះផងដែរ ជាក់ស្តែង ក្រសួងសុខាភិបាលបានចាត់ចេញជាវិធានការក្នុងការទប់ស្កាត់បញ្ហាស៊ាំនៃឱសថអង់ទីប៊ីយូទិកនេះរួចមកហើយ ហើយក្រុមការងារផ្នែក AMR របស់ CDC កម្ពុជាក៏បាន និងកំពុងធ្វើចំណាត់ការផ្សេងៗដោយក្នុងនោះរួមទាំងការសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំផ្សះដែលមិនចាំបាច់ និងកាត់បន្ថយអត្រារីករាលដាលនៃបាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះ។ យុទ្ធនាការផ្សព្វផ្សាយអំពីការយល់ដឹងពីភាពស៊ាំនៃថ្នាំផ្សះជាច្រើន ត្រូវបានធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋអំពីបញ្ហានេះផងដែរ។ ក្រៅពីនោះ ការអភិវឌ្ឍការយល់ដឹងការផ្តល់ដំណឹងដែលពាក់ព័ន្ធនានា ផ្អែកលើការប្រមូលឯកសារ និងទិន្នន័យអំពីបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ ក៏ដូចជាការចុះផ្សព្វផ្សាយបន្ថែមទៅកាន់ក្រុមគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវបានធ្វើឡើងមិនដែលខកខានឡើយ។ បច្ចុប្បន្ន មគ្គទេសក៍ថ្នាក់ជាតិស្តីអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយូទិកទៅតាមស្តង់ដាត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ (ដែលនឹងកំពុងពិភាក្សាបន្តពីសំណាក់ក្រុមការងារក្នុងធ្វើការបច្ចុប្បន្នភាព) ក្នុងគោលបំណងដើម្បីកាត់បន្ថយរូបភាពនៃការប្រើប្រាស់មិនសមស្រប ដែលបង្កឲ្យបញ្ហាស៊ាំថ្នាំផ្សះកាន់តែមានភាពធ្ងន់ធ្ងរផងដែរ។ គួរបញ្ជាក់ថាបញ្ហានេះទាមទារឲ្យមានការសហការជាអន្តរក្រសួងក្នុងចំណាត់ការផ្សេងៗ ទាក់ទងនឹងមូលហេតុនានា (មិនរួមបញ្ចូលមូលហេតុស៊ាំពីកំណើត) ដោយក្នុងនោះក្រៅពីក្រសួងសុខាភិបាល ក៏មានការចូលរួមផងដែរពីក្រសួងកសិកម្ម (ឧ.ចំណាត់ការលើការប្រើប្រាស់ថ្នាំផ្សះនៅក្នុងចំណីសត្វ ការឆ្លងមេរោគស៊ាំរវាងមនុស្ស និងសត្វ) និងក្រសួងបរិស្ថាន(ឧ. ចំណាត់ការលើបរិស្ថានសម្បូរដោយមេរោគក្នុងដី ក្នុងទឹកប្រើប្រាស់) ជាដើម។

សរុបមក គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងប្រជាជនទូទៅ សារព័ត៌មាន ក្រុមគ្រូពេទ្យ ត្រូវតែបន្តផ្តោតការយកចិត្តទុកដាក់លើបញ្ហាភាពស៊ាំនៃឱសថអង់ទីប៊ីយូទិកឲ្យបានកាន់តែខ្លាំង និងកាន់តែឆាប់រហ័សមុនពេលការខាតបង់ និងបញ្ហាដែលពិបាកនឹងគ្រប់គ្រងជាច្រើនទៀតកើតឡើងកាន់តែខ្លាំង និងរហូតមិនអាចធានាថាអាចដោះស្រាយបាន។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងនៃមន្ទីរពេទ្យកាល់ម៉ែតសមាជិកក្រុមការងារ Antimicrobial Resistance នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់