អ្វីនៅពីក្រោយការបញ្ចប់ជីវិតខ្លួនឯង?

គ្មាននរណាម្នាក់ចង់បញ្ចប់ជីវិតខ្លួនឯងនោះទេ ពួកគេគ្រាន់តែចង់បញ្ឈប់នូវការឈឺចាប់ដែលអ្នកដទៃមិនអាចយល់ ឬមិនបានឮពីសម្រែកស្វែងរកជំនួយរបស់ពួកគេតែប៉ុណ្ណោះ។

មូលហេតុជាក់លាក់ដែលបង្ខំឲ្យបុគ្គលសម្រេចចិត្តសម្លាប់ខ្លួននៅមិនទាន់អាចកំណត់បាននៅឡើយ តែគេអាចសង្កេតឃើញថា អារម្មណ៍អស់សង្ឃឹម ស្អប់ខ្លួនឯង ភាពឯកោ និងការឈឺចាប់ បានរុញច្រានឲ្យបុគ្គលមួយចំនួនហ៊ានបញ្ចប់ជីវិតខ្លួនឯងជាជាងទទួលយកដំណោះស្រាយណាមួយ ដែលមានមនុស្សប្រមាណ ១ លាននាក់រៀងរាល់ឆ្នាំ បានរងគ្រោះពីបញ្ហានេះ (តាមរបាយការណ៍អង្គការសុខភាពពិភពលោក)។

កត្តាជំរុញ
ការប្រឈមទៅនឹងការបញ្ចប់ជីវិតខ្លួនឯង អាចបណ្តាលមកពីកត្តាដែលសង្កេតឃើញមានញឹកញាប់ដូចជា៖
• បញ្ហាផ្លូវចិត្ត៖ ជាមូលហេតុរ៉ាប់រងអត្រានៃការសម្លាប់ខ្លួនដល់ទៅ ៩០% ដែលភាគច្រើនបណ្តាលមកពីការបាក់ទឹកចិត្តធ្ងន់ធ្ងរ ជំងឺ Bipolar Disorder ឬការប៉ះទង្គិចផ្លូវចិត្តខ្លាំងក្លា។
• ហ្សែន៖ ៥៥% នៃការធ្វើអត្តឃាតខ្លួនឯងអាចបន្តមកពីសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក ឬមានជំងឺផ្លូវចិត្ត។
• គ្រួសារ និងសង្គម៖ ការខ្វះទីពឹង ភាពក្រីក្រការរងសម្ពាធពីសង្គម ឬគ្រួសារ ភាពឯកោ ការបាត់បង់ការងារ ឬមនុស្សនៅជុំវិញខ្លួន ធ្វើឲ្យបុគ្គលទទួលរងពីបញ្ហាស្រេ្តស នាំឲ្យអត្រាដែលអាចបញ្ចប់ជីវិតខ្លួនឯងអាចកើនឡើង។

ដំណោះស្រាយ
ការការពារ ឬដំណោះស្រាយចំពោះបញ្ហាធ្វើអត្តឃាត ផ្តើមចេញដោយការសង្កេតមើលសញ្ញាដំបូង ហើយដោះស្រាយដោយយកចិត្តទុកដាក់ជាបន្ទាន់ ដើម្បីអាចជួយជីវិតចេញផុតពីភាពខ្មៅងងឹតនេះបាន។ អំឡុងពេលនោះដែរ អ្នកគួរស្វែងយល់នូវទង្វើដែលគួរធ្វើ និងគួរចៀសវាងមួយចំនួនដែលមានដូចជា៖

អ្វីគួរធ្វើ
១.    និយាយចេញមក៖ បើទោះបីអ្នកហាក់ចង់ផ្តាច់ខ្លួនចេញពីមនុស្សគ្រប់គ្នាក៏ដោយ តែការពិភាក្សាឬប្រាប់រឿងរ៉ាវក្នុងចិត្តដល់មិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារ នៅតែជាជម្រើសដ៏ល្អនៅពេលអ្នកបាក់ទឹកចិត្ត
២.    ចេញទៅខាងក្រៅ៖ អ្នកអាចចំណាយពេលនៅខាងក្រៅ ឬជាមួយធម្មជាតិ យ៉ាងហោចណាស់៣០នាទី រៀងរាល់ថ្ងៃ
៣.    ធ្វើលំហាត់ប្រាណ៖ ជំរុញខ្លួនឯងឲ្យហាត់ប្រាណឲ្យបានជាប្រចាំ ដោយអាចចាប់ផ្តើមជាជំហានបន្តិចម្តងៗ ត្រឹមរយៈពេល ១០នាទី រៀងរាល់ថ្ងៃ
៤.    សរសេរកាលវិភាគ៖ កត់ត្រាកិច្ចការដែលត្រូវធ្វើផ្ទាល់ខ្លួនជាប្រចាំ ហើយបន្តធ្វើវាដោយអត់ធ្មត់ បើទោះបីអ្នកមិនទាន់អាចផ្តោតអារម្មណ៍បានពេញលេញនៅឡើយក៏ដោយ
៥.    ត្រលប់រកការងារដែលអ្នកចូលចិត្ត៖ ស្វែងរកអ្វីដែលជាចំណូលចិត្តរបស់អ្នក និងអនុវត្តឡើងវិញ
៦.    រំឭកគោលដៅផ្ទាល់ខ្លួន៖ មិនថាជាគោលដៅតូចៗ ដូចជា ការដើរកម្សាន្ត សៀវភៅសម្រាប់អាន ការសាកល្បងអ្វីដែលថ្មីៗ ឬចូលរួមការងារក្នុងសង្គមក៏ដោយ អ្នកគួរសរសេរទុក ដើម្បីរំឭកដល់ខ្លួនឯងជារឿយៗ។  

អ្វីមិនគួរធ្វើ
១.    ការនៅម្នាក់ឯង៖ ភាពឯកោ អាចអូសទាញអ្នកកាន់តែខ្លាំងក្នុងការធ្វើអត្តឃាត ដូច្នេះត្រូវស្វែងរកជំនួយ ឬនៅក្បែរមិត្តភក្តិ និងសមាជិកគ្រួសារ
២.    ចៀសវាងអាល់កុល ឬសារធាតុញៀន៖ កុំបន្លប់ខ្លួនឯង ដោយប្រើប្រាស់គ្រឿងស្រវឹង ឬប្រភេទថ្នាំណាមួយ ដែលវារឹតតែធ្វើឲ្យអ្នកកាន់តែមានភាពស្មុគស្មាញ
៣.    ទម្លាប់មិនល្អ៖ ចៀសវាងស្តាប់ចម្រៀងកំសត់ឬរំឭកដល់អតីតកាលណាមួយតាមរយៈការមើលរូបថត ឬសំបុត្រចាស់ៗ ដែលទាំងនោះសុទ្ធសឹងតែអំណោយផលដល់អារម្មណ៍អវិជ្ជមាន
៤.    គិតពីភាពអវិជ្ជមាន៖ កុំភ្ជាប់ការគិតទៅលើអារម្មណ៍ដែលចង់បញ្ចប់ជីវិត ដោយឡែក អ្នកអាចជំនួសមកវិញតាមរយៈការធ្វើសកម្មភាពនានាដែលអាចជួយបន្លប់ ឬផ្តល់ឲ្យខ្លួនឯងសម្រាកក្នុងរយៈពេលណាមួយ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់