ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ

ការត្រៀមមានផ្ទៃពោះ គឺជាការរៀបចំលក្ខណៈទុកជាមុននៃមាតាគ្រប់រូបដែលមានបំណងប្រាថ្នាចង់បានបុត្រ និងម្តាយមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ រហូតដល់ផ្តល់កំណើតដល់បុត្ររបស់ខ្លួន។

ជាក់ស្តែង ដើម្បីត្រៀមទទួលយកការមានផ្ទៃពោះតាមការរំពឹងទុក ស្ត្រីគ្រប់រូបត្រូវ៖
• មានគម្រោងច្បាស់លាស់ និងការធ្វើសកម្មភាព
• ជួបជាមួយវេជ្ជបណ្ឌិតដើម្បីពិគ្រោះយោបល់ និងសាកសួរព័ត៌មានផ្សេងៗពីសំណាក់គ្រូពេទ្យនូវយុទ្ធសាស្រ្តនៃការការពារ ព្យាបាល និងចៀសវាងពីការកើតជំងឺមួយចំនួនដូចជា ជំងឺកាមរោគ ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត ជំងឺលើសសម្ពាធឈាម ជំងឺសន្លាក់ ជំងឺរុំារ៉ៃ
• ទទួលទានជាតិដែក អាស៊ីតហ្វូលិក និងវីតាមីនចម្រុះអំឡុងពេលពពោះ
• បញ្ឈប់ការទទួលទានគ្រឿងស្រវឹង ការជក់បារី និងការប្រើប្រាស់ថ្នាំផ្សេងៗដោយខ្លួនឯង
• ចៀសវាងនូវសារធាតុគីមីដែលបំពុលបរិស្ថាន ជាពិសេសថ្នាំបាញ់សត្វល្អិត
• រក្សាទម្ងន់ឲ្យស្ថិតក្នុងកម្រិតមួយមានសុខភាពល្អ
• ការថែរក្សាខ្លួនឲ្យមានសុខភាពល្អនៅពេលមានផ្ទៃពោះ
• ការចាក់វ៉ាក់សាំងបង្ការ និងរបៀបនៃការរស់នៅ ការប្រើប្រាស់ថ្នាំ របបចំណីអាហារផ្សេងៗ ជាពិសេសអំឡុងពេលមានផ្ទៃពោះជាដើម។

តេស្តគួរធ្វើមុនចាប់ផ្តើមមានផ្ទៃពោះ
មុនពេលសម្រេចចិត្តចាប់ផ្តើមមានផ្ទៃពោះ ស្រ្តីគ្រប់រូបគួរធ្វើតេស្តតាមដានមួយចំនួនតាមការណែនាំរបស់វេជ្ជបណ្ឌិតដូចជា ការធ្វើតេស្តរកក្រុមឈាម និងជំងឺឆ្លងផ្សេងៗដូចជា មេរោគអេដស៍ មេរោគស្វាយជំងឺរលាកថ្លើមបេ និងប្រភេទសេជាដើម។ គួរបញ្ជាក់ផងដែរថា នេះជាការតាមដានជំហានដំបូង និងចាំបាច់បំផុត ដើម្បីបង្ការនូវជំងឺដែលអាចកើតមានអំឡុងពេលមានផ្ទៃពោះ ជាពិសេសអាចជួយកាត់បន្ថយការចម្លងពីម្តាយទៅកូន។

សារធាតុចាំបាច់ដែលស្រ្តីគួរប្រើជាប្រចាំ
បន្ទាប់ពីបានធ្វើតេស្តរួចរាល់ និងទទួលបានលទ្ធផលល្អ ស្ត្រីនឹងតម្រូវឲ្យទទួលទានសារធាតុបំប៉នចាំបាច់មួយចំនួនបន្ថែមជាប្រចាំ រួមមាន៖
• ជាតិដែក (សាច់ត្រី និងគ្រាប់ធញ្ញជាតិ)
• ជាតិកាល់ស្យូម (ទឹកដោះគោ)
• អ៊ីយ៉ូត (ត្រី ស៊ុត និងអំបិល)
• វីតាមីនសេ (បន្លែ និងផ្លែឈើ)
• អាស៊ីតហ្វូលិក (បន្លែបៃតង ស៊ុត)
• វីតាមីនបេ វីតាមីនK និងសារធាតុបំប៉នជាច្រើនផ្សេងទៀត។

ស្ថានភាពដែលស្ត្រីស័ក្តិសមក្នុងការមានបុត្រ គឺស្រ្តីត្រូវស្ថិតក្នុងវ័យបន្តពូជ មានសុខភាពល្អ គ្មានជំងឺប្រចាំកាយ និងមានស្ថានភាពសេដ្ឋកិច្ចគ្រួសារសមរម្យ ដោយឡែក ករណីមួយចំនួនដែលស្រ្តីត្រូវបានទាមទារឲ្យពន្យារពេលក្នុងការចាប់ផ្តើមមានផ្ទៃពោះគឺមានជំងឺតំណពូជផ្សេងៗ មានជំងឺឆ្លង ឬកំពុងព្យាបាល និងករណីមានជំងឺផ្លូវចិត្តជាដើម។

ករណីដែលស្រ្តីមិនអាចមានផ្ទៃពោះ
លក្ខខណ្ឌសុខភាពមួយចំនួនមិនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះដាច់ខាត បន្ទាប់ពីស្ត្រីត្រូវបានរកឃើញថាមាន៖
• ភាពមិនប្រក្រតីនៃក្រពេញមេជីវិតញី ៤០% (PCOS)
• ការស្ទះដៃស្បូន ៤០% (Endometriosis Pelvis Infection)
• បញ្ហាស្បូន ៥% ( ដុំស្បូន មហារីក)
• វិបត្តិនៃការអត់កូនដែលពុំមានមូលហេតុច្បាស់លាស់ ១៥%។

ផលវិបាកដែលមិនបានរៀបចំផែនការច្បាស់លាស់
ប្រសិនបើមិនបានរៀបចំនូវផែនការទាំងអស់ខាងលើនោះទេ ស្រ្តីគ្រប់រូបអាចមានផ្ទៃពោះជាមួយកត្តាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជា៖
• កូនកើតមកមិនគ្រប់លក្ខណៈ
• សម្រាលកូនមុនថ្ងៃកំណត់
• ប្រឈមនឹងការរលូតកូន
• ស្រ្តីមានផ្ទៃពោះរួមជាមួយនឹងជំងឺក្រឡាភ្លើង
• ស្រ្តីមានផ្ទៃពោះរួមជាមួយនឹងជំងឺទឹកនោមផ្អែម
• ស្រ្តីមានផ្ទៃពោះជាមួយនឹងជំងឺអូតូអុីនម៉ូញ (Auto Immune)
• វិបត្តិក្នុងការមិនមានបុត្រជាដើម។

ស្រ្តីគ្រប់រូបដែលស្ថិតនៅក្នុងវ័យបន្តពូជត្រូវត្រៀមលក្ខណៈជាមុនឲ្យបានត្រឹមត្រូវមុននឹងយកបុត្រ ដើម្បីទទួលបាននូវបុត្រាបុត្រីដែលមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងដើម្បីស្រ្តីដែលជាមាតាមានសុខភាពល្អផងដែរ ទាំងពេលមានផ្ទៃពោះរហូតដល់សម្រាលបុត្រ និងក្រោយសម្រាលផងដែរ គឺល្អទាំងម្តាយទាំងកូន។

សូមស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវអញ្ជើញទៅពិគ្រោះយោបល់ និងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសឲ្យបានទៀងទាត់រៀងរាល់ខែ ព្រោះការតាមដានអាចជួយបង្ការ និងព្យាបាលនូវជំងឺផ្សេងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាលផងដែរ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ីស៊ីថាច យូម៉ូលីន និងគ្លីនិកសម្ភពក្បាលថ្នល់

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់