ស្វែងយល់ពីមុខងារវីតាមីនចម្រុះ

វីតាមីន ត្រូវបានគេទទួលស្គាល់ថាជាសារធាតុគីមីចម្បងមួយ ដែលដើរតួនាទីជាអង់ស៊ីមក្នុងការធ្វើមេតាបូលីស ការផលិត និងជួសជុលកោសិកា ក៏ដូចជាដំណើរការដទៃទៀតក្នុងរាងកាយ។

ការប្រើប្រាស់
វីតាមីនចម្រុះ ជាឱសថប្រើប្រាស់សម្រាប់ព្យាបាល ឬការពារការខ្វះខាតវីតាមីនបណ្តាលមកពី បញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺមួយចំនួន ស្រ្តីមានផ្ទៃពោះ ស្រ្តីក្នុងវ័យអស់រដូវ ឬអ្នកជំងឺដែលកំពុងព្យាបាលដោយឱសថអង់ទីប៊ីយ៉ូទិក ហើយសម្រាប់តម្រូវការប្រភេទវីតាមីន ឬសារធាតុរ៉ែចាំបាច់ណាមួយ អាចមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ វីតាមីន C B1 B2 B3 B5 B6 B9 B12 biotin A E D2 (ឬ D3) K​​ ប៉ូតាស្យូម អ៊ីយ៉ូត សេលេញ៉ូម  ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម..... សុទ្ធតែជាសារធាតុចម្បងនៅក្នុងវីតាមីនចម្រុះ ដែលកម្រិតអាចមានការប្រែប្រួលទៅតាមផលិតផលនីមួយៗ។

សកម្មភាពឱសថ
វីតាមីន និងសារធាតុរ៉ែនៅក្នុងឱសថ មានសកម្មភាពផ្សេងៗគ្នាទៅតាមប្រភេទនីមួយៗ ដែលបង្កើតឲ្យបានជារបាំងការពាររាងកាយ រួមមាន៖
• វីតាមីនក្រុម B ជាសារធាតុចម្បងសម្រាប់ដំណើរការប្រព័ន្ធអង់ស៊ីមដែលរ៉ាប់រងដំណាក់កាលធ្វើមេតាបូលីស កាបូហាយដ្រេត ជាតិខ្លាញ់ និងប្រូតេអ៊ីន
• វីតាមីន C រ៉ាប់រងក្នុងការជួសជុសកោសិកា និងបង្កើតកូឡាជែន
• វីតាមីន A មានមុខងារសំខាន់សម្រាប់ដំណើរការរបស់ស្រទាប់រ៉េទីននៃភ្នែក និងការលូតលាស់របស់ជាលិកាស្បែក
• វីតាមីន E ជាអង់ទីអុកស៊ីដង់ ដែលជួយរក្សាកោសិកាសំខាន់ៗ
• វីតាមីន D ជួយបន្ថែមនូវសារធាតុ សម្រាប់ការលូតលាស់របស់ឆ្អឹង
• ជាតិដែក និងសង្ក័សី ជាកាតាលីករក្នុងប្រព័ន្ធអង់ស៊ីម សម្រាប់ដំណើរការមុខងាររបស់កោសិកា
• ប៉ូតាស្យូម និងកាល់ស្យូម មានសារសំខាន់សម្រាប់មុខងារជាលិកាសាច់ដុំ ជាពិសេសសាច់ដុំបេះដូង
• អ៊ីយ៉ូត មានមុខងារសម្រាប់ការផលិត និងដំណើរការក្រពេញទីរ៉ូអ៊ីត។ល។

ក្រៅពីវីតាមីនខាងលើ ក៏នៅមានសារធាតុរ៉ែ និងវីតាមីនមួយចំនួនទៀតដែលសុទ្ធសឹងតែមានមុខងារផ្សេងៗគ្នាក្នុងដំណើរការសារពាង្គកាយ។

កម្រិតប្រើប្រាស់
ការប្រើប្រាស់ដែលល្អគួរត្រូវបានណែនាំពីសំណាក់វេជ្ជបណ្ឌិត ឬអ្នកជំនាញ ដែលកម្រិតទូទៅគឺ មួយគ្រាប់ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ និងត្រូវប្រើប្រាស់ឱសថឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ ចំពោះឱសថទឹក ត្រូវប្រើប្រាស់ជាមួយរង្វាល់ឲ្យបានត្រឹមត្រូវ ចៀសវាងប្រើប្រាស់ដោយស្លាបព្រាធម្មតាហើយត្រូវក្រឡុកឲ្យបានសព្វមុនពេលលេប។

ផលរំខាន
ផលរំខានទូទៅមួយចំនួនអាចនឹងលេចឡើងក្នុងដំណាក់កាលដំបូងនៃការប្រើប្រាស់ ហើយវានឹងបាត់ទៅវិញនៅពេលរាងកាយទទួលយកនូវសារធាតុរបស់ឱសថ រួមមាន ទល់លាមក រាក ឬវិបត្តិរំលាយអាហារ។ ក្នុងករណីរោគសញ្ញាបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរ នោះការស្វែងរកការព្យាបាលត្រូវធ្វើឡើងជាចាំបាច់។​ សម្រាប់ផលរំខានដោយប្រតិកម្មឱសថ អាចកើតមានឡើងក្នុងកម្រិតទាប តែអ្នកអាចសង្កេតមើលសញ្ញាមិនប្រក្រតីខ្លះៗ ដូចជា កន្ទួល រមាស់ ហើមពិសេសនៅលើ មុខ អណ្តាត ឬបំពង់ក អាការៈវិលមុខខ្លាំងក្លា ឬវិបត្តិដង្ហើម។

អន្តរកម្មឱសថ
សារធាតុចម្បងៗដែលរួមផ្សំនៅក្នុងឱសថវីតាមីនចម្រុះ អាចនឹងមានអន្តរកម្មជាមួយឱសថផ្សេង ដោយអ្នកត្រូវសង្កេតមើលរួមមានឱសថដូចជា៖
• Antacids
• Bisphosphonates (Alendronate)
• Levodopa
• Levothyroxine
• អង់ទីប៊ីយ៉ូទិក (Tetracyclines, Quinolones, Ciprofloxacin)។

បម្រុងប្រយ័ត្ន
ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ទៅដល់វេជ្ជបណ្ឌិតជាបន្ទាន់ក្នុងករណីដូចជា៖
• មានប្រតិកម្មជាមួយសារធាតុសកម្មណាមួយនៅក្នុងឱសថ
• កំពុងប្រើប្រាស់សារធាតុអាល់កុល  មានជំងឺថ្លើម វិបត្តិប្រព័ន្ធរំលាយអាហារ ឬជំងឺទឹកនោមផ្អែម
• ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន។

គួរបញ្ជាក់ផងដែរ ឱសថវីតាមីនចម្រុះដែលអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា VITACAP®,Centrum, Sunlife Multivitamin និងNature’s Bounty។ល។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់