ស្កែនត្រឹម៥នាទី អ្នកនឹងដឹងពីជំងឺ​ភ្លេ​ចភ្លាំងបានមុន១០ឆ្នាំ

ភ្លេចភ្លាំង គឺជាជំងឺមួយធ្វើឲ្យខួរក្បាលចុះខ្សោយ និងបាត់បង់ការចងចាំ ជាពិសេសកើតចំពោះមនុស្សចាស់ ក្នុងនោះប្រភេទជួបញឹកញាប់ជាងគេគឺ Alzheimer ដែលកើតឡើងដោយសាររបៀបរស់នៅ និងរបបអាហារមិនល្អរបស់អ្នក។

ថ្មីៗនេះអ្នកវិទ្យាសាស្ត្របង្ហាញថាការស្កែនក្នុងរយៈពេលត្រឹម៥នាទីប៉ុណ្ណោះអាចដឹងពីហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺភ្លេចភ្លាំងរយៈពេល១០ឆ្នាំ មុននឹងរោគសញ្ញាកើតឡើង។ យោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ College of London ដែលបង្ហាញការស្រាវជ្រាវការងាររបស់ពួកគេ ​ នៅសន្និសីទវិទ្យាសាស្ត្ររបស់សមាគមបេះដូងសហរដ្ឋអាមេរិក។

វាជាការធ្វើតេស្តមួយ អាចវិភាគសរសៃឈាមនៅតំបន់ក ដោយដឹងថាមានការថយចុះនៃតំណភ្ជាប់ទៅកាន់ខួរក្បាល។ ការពិសោធន៍ក្នុងចំណោមមនុស្ស ៣២០០នាក់ អាយុចន្លោះ៥៨-៧៤ឆ្នាំ បានធ្វើការពិនិត្យដោយអេកូសាស្រ្តនៅក្នុងឆ្នាំ២០០២ អាចឲ្យពួកគេពិនិត្យដឹងពីមុខងារតំណភ្ជាមុន១៤ឆ្នាំចាប់ពី២០០២ ដល់ ២០១៦។ ការស្រាវជ្រាវបានរកឃើញថាអ្នកដែលមានសម្ពាធឈាមខ្ពស់ និងមានលំហូរឈាមមិនទៀងទាត់មាន ៥០% ហាក់ដូចជា ទទួលរងនូវការថយចុះមុខងារនៃការយល់ដឹងព្រោះកម្លាំងដែលឈាមធ្វើដំណើរទៅកាន់ខួរក្បាលរបស់ពួកគេធ្វើឲ្យប៉ះពាល់បណ្តាញសរសៃឈាមខួរក្បាល។

វេជ្ជបណ្ឌិត Scott Chiesa ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College of London បានលើកឡើងថា ប្រសិនមនុស្សរាល់គ្នាបានពិនិត្យរកឃើញថាពួកគេនឹងអាចប្រឈមនឹងជំងឺភ្លេចភ្លាំងក្នុងវ័យកណ្តាល នោះគេនឹងអាចផ្លាស់ប្តូរការរស់នៅរបស់គេឲ្យប្រសើរឡើងវិញ។ គាត់បន្ថែមទៀតថា ប្រសិនជាមានសរសៃឈាមល្អ នោះខួរក្បាលរបស់អ្នកនឹងល្អដូចគ្នា។ លោក Carol Routledge ដែលជាប្រធានក្រុមស្រាវជ្រាវបានលើកថា នៅក្នុងខួរក្បាលគឺសរសៃឈាមពិតជាសំខាន់ ​ ហើយបេះដូង  និងសម្ពាធឈាម ជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍទៅកាន់ជំងឺភ្លេចភ្លាំង។

គួរបញ្ជាក់ថា ជំងឺភ្លេចភ្លាំងពុំមានការព្យាបាលច្បាស់លាស់នោះឡើយ ដូចនេះសង្ឃឹមថាការសិក្សាអំពីការស្កែនអាចដឹងជំងឺភ្លេចភ្លាំងក្នុង១០ឆ្នាំមុន ​ប្រើពេលត្រឹម៥នាទីនេះ អាចនឹងជួយដល់មនុស្សគ្រប់រូបឲ្យចៀសផុតពីជំងឺភ្លេចភ្លាំងទៅថ្ងៃអនាគតរបស់ពួកគេ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់