លទ្ធផលមិនគួរឲ្យជឿពីការសិក្សាលើ Isoflavones នៅក្នុងសណ្តែកសៀង

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖

១. អាការៈរំខានពីការអស់រដូវ
នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។

២. ជំងឺបេះដូង និងសរសៃឈាម
នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។

៣. បញ្ហាលើសទម្ងន់
តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។

៤. បញ្ហាផ្លូវចិត្ត
ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។

៥. បញ្ហាស្បែក
ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។

៦. ជំងឺមហារីក
នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។

៧. បញ្ហាចម្លងរោគ
Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។

៨. អុកស៊ីតកម្ម
ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។

សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។

អត្ថបទសម្រង់៖
(1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43.
(2) Mark Messina : Nutrients. 2016 Dec; 8(12): 754.

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 

ពាក្យទាក់ទង


មតិយោបល់