រៀនពេទ្យចប់ តើគួរធ្វើអ្វីបន្ត?

និស្សិតពេទ្យ ជានិសិ្សតដែលចំណាយពេលសិក្សាយូរជាងគេ ក្នុងចំណោមនិសិ្សតផ្សេងៗទាំងឡាយ ប៉ុន្តែក៏មានអ្នកចោទសួរផងដែរថា តើពេលរៀនចប់ មានកន្លែងណាខ្លះដែលអាចទៅបាន ឬតើគួរទៅណា។ ដូច្នេះ យើងនឹងបង្ហាញអ្នកគ្រប់គ្នាថា តើរៀនពេទ្យចប់ មានអ្វីធ្វើទៀត។

១. ប្រលងចូលក្របខណ្ឌរដ្ឋ
ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាលតែងតែរៀបចំការប្រលងចូល ដើម្បីក្លាយជាគ្រូពេទ្យក្របខណ្ឌ ហើយការប្រលងនេះគឺមានមួយឆ្នាំម្ដងតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាបុគ្គលិកផ្នែកសុខាភិបាលសាធារណៈ អ្នកគួរត្រៀមឲ្យរួចរាល់ មុននឹងការប្រលងមកដល់ដូចជា ស្វែងរកវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រលងពីមុន រំឭកមេរៀនពីដើមឆ្នាំសិក្សាមកវិញជាដើម និងតាមដានរាល់ព័ត៌មានទាក់ទងនឹងការប្រលងជាដើម។ សម្រាប់ការប្រលងនេះ គឺទាមទារឲ្យបេក្ខជនមានការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនមុខរយៈពេលយូរឲ្យបានរួចជាស្រេច ទើបមានឱកាសជាប់ច្រើន។

២. បើកគ្លីនិកផ្ទាល់ខ្លួន
ក្នុងអំឡុងពេលសិក្សា និសិ្សតពេទ្យគ្រប់រូបច្បាស់ជាធ្លាប់ចុះកម្មសិក្សាផ្ទាល់ (ចុះស្ដារ) ជាមួយគ្រូពេទ្យនៅកន្លែងផ្សេងៗ ដែលមានបទពិសោធន៍យូរឆ្នាំផងដែរ។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែមករា ក្រុមការងារហេលស៍ថាម បានរៀបចំវគ្គសិក្សាខ្លីស្ដីអំពី «មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ» ដែលនិយាយអំពីកត្តាជំរុញ ការពង្រឹងគុណភាព ក៏ដូចជាស្តង់ដាររបស់ស្ថាប័នផ្តល់សេវាសុខាភិបាលមួយ និងជួយឲ្យអ្នកដែលមានគម្រោងចង់បើកមន្ទីរពេទ្យ/គ្លីនិក ស្វែងយល់បន្ថែមពីធាតុផ្សំសំខាន់ៗ ក្នុងការរៀបចំដំណើរការមន្ទីរពេទ្យ/គ្លីនិក ឲ្យបានជោគជ័យ ព្រមទាំងសិក្សាលើគំរូគម្រោងដំណើរការមន្ទីរពេទ្យ/គ្លីនិក ជាពិសេស ក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ ពីសំណាក់វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើវិស័យនេះផងដែរ។ ដូចនេះ នៅពេលបញ្ចប់ការសិក្សា ប្រសិនបើអ្នកមានដើមទុនគ្រប់គ្រាន់ អ្នកអាចពិចារណាបើកគ្លីនិកផ្ទាល់ខ្លួនបាន ហើយអ្នកអាចស្វែងរក និងចូលរួមកម្មវិធីសិក្សាបែបនេះនៅថ្ងៃខាងមុខ ដើម្បីស្ដាប់ និងទទួលបទពិសោធន៍ពីវាគ្មិនគ្រប់រូបផងដែរ។

៣. បន្ដការសិក្សា
ប្រាកដជាមាននិសិ្សតមួយចំនួនចង់បន្តការសិក្សាឲ្យបានកាន់តែជ្រៅជ្រះថែមទៀត លើផ្នែកសុខាភិបាលនេះ មុននឹងមកចាប់អាជីពជាគ្រូពេទ្យជំនាញផ្នែកណាមួយ។ និសិ្សតអាចបន្តការសិក្សាលើជំនាញបន្ថែមក្នុងស្រុក ឬបន្ដការសិក្សានៅក្រៅប្រទេសលើជំនាញណាមួយ ឬរៀនបន្ថែមទៀត។ សម្រាប់អ្នកចង់បន្តការសិក្សានៅក្រៅប្រទេស យើងសូមណែនាំសាលាដែលល្បីខាងជំនាញសុខាភិបាលទាំង១០លើពិភពលោក ក្នុងនោះរួមមាន៖ 
• UCL (University College London)
• Massachusetts Institute of Technology (MIT)
• Yale University
• University of California, Los Angeles (UCLA)
• Karolinska Institute
• Johns Hopkins University
• Stanford University
• University of Cambridge
• University of Oxford
• Harvard University។

៤. បម្រើការងារនៅតាមមន្ទីរពេទ្យឯកជន
ក្រោយបញ្ចប់ការសិក្សា និសិ្សតក៏អាចស្វែងរកការងារតាមគ្រឹះស្ថានឯកជនជាច្រើនផងដែរ ដើម្បីទុកជាបទពិសោធន៍ការងារ សម្រាប់ថ្ងៃមុខទៀត។ និសិ្សតនឹងរៀនសូត្របន្ថែមរាល់ចំណេះដឹងទាំងឡាយដែលមិនបានបង្រៀនក្នុងសាលា ដូចជាការដោះស្រាយជាមួយអ្នកជំងឺ ការប្រឈមមុខនឹងបញ្ហាភ្លាមៗ ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងការតាមទាន់ប្រភេទជំងឺថ្មីៗជាដើម។

៥. ចូលរួមការងារស័្មគ្រចិត្ត
ចំពោះនិសិ្សតដែលមានគោលបំណងរួមចំណែកក្នុងការជួយសង្គម អាចចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចែករំលែកដល់អ្នកដែលមិនមានលទ្ធភាពគ្រប់គ្រាន់។ អ្នកអាចជាអ្នកចុះជួយព្យាបាល ចុះបង្រៀនប្រជាពលរដ្ឋអំពីចំណេះដឹងទូទៅផ្នែកសុខភាពជាដើម។ ចំពោះការងារស្ម័គ្រចិត្ត ថ្វីត្បិតថាមិនបានប្រាក់កម្រៃ ឬបានតិច ប៉ុន្តែវាជួយក្នុងការលើកកេរ្ត៍ឈ្មោះ និងចូលរួមចំណែកជួយសង្គម ហើយវាផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត មិនគួរឲ្យជឿ និងស្មានមិនដល់។

យើងសង្ឃឹមថា អត្ថបទមួយនេះនឹងជួយនិសិ្សតពេទ្យគ្រប់រូបអាចរកឃើញគោលដៅរបស់ខ្លួនឲ្យកាន់តែជាក់លាក់ និងច្បាស់លាស់ថែមទៀត។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់