អ្វីជាមហារីកប្រភេទ Sarcoma?

Sarcoma ជាប្រភេទមួយនៃមហារីកដែលកើតមានឡើងនៅលើជាលិកាគាំទ្ររបស់សរីរាង្គ (Connective tissue ឬSupportive tissue) ដែលវាត្រូវបានចែកចេញជា២ទម្រង់ផ្អែកតាមអាយុរបស់អ្នកជំងឺ៖
• ក្រុមកុមារអាយុពី៤-១៥ឆ្នាំ៖ អ្នកជំងឺអាចប្រឈមនឹង Ewing Sarcoma, Bone Sarcoma និងRhabdomyosarcoma ដែលមានអត្រាជាសះស្បើយខ្ពស់។
• ក្រុមមនុស្សចាស់អាយុពី៣៧-៥១ឆ្នាំ៖ អ្នកជំងឺអាចប្រឈមនឹងការកើត Sarcoma ស្ទើរពេញរាងកាយ (ខ្នង ដៃ ភ្លៅ...) ដែលការព្យាបាលអាចបរាជ័យក្នុងកម្រិតខ្ពស់។

មូលហេតុនៃ Sarcoma
មហារីកប្រភេទ Sarcoma កើតឡើងដោយសារមានបម្រែបម្រួលហ្សែននៅក្នុងខ្លួន ពិសេសទៅលើហ្សែនធំៗ២ គឺហ្សែនលូតលាស់ (Growth gene) និងហ្សែនទប់ស្កាត់មិនឲ្យកើតមហារីក (Oncosuppressor genes ឬP53 genes)។ ដោយសារមានការប្រែប្រួលនៃហ្សែនP53នេះ បណ្តាលឲ្យមានការប្រែប្រួលនៃហ្សែនផ្សេងទៀត ឧទាហរណ៍ ដូចជាបម្រែបម្រួលនៃហ្សែន C-myc (C-myc gene​ mutation) នាំឲ្យកើតជាជំងឺមហារីកឆ្អឹងទៅលើក្មេងហៅថា Ewing sarcoma ឬបម្រែបម្រួលទៅលើហ្សែន C-kit (C-kit gene mutation) នាំឲ្យកើតជាជំងឺមហារីកក្រពះ ពោះវៀន ហៅថា Gastrointestinal stromal tumor (GIST) ជាដើម។ មកទល់នឹងបច្ចុប្បន្ននេះ ពុំទាន់មានបច្ចេកទេសណាមួយអាចកំណត់នូវមូលហេតុជាក់លាក់ដែលធ្វើឲ្យមានការប្រែប្រួលនៃហ្សែននេះនៅឡើយទេ ប៉ុន្តែមានការសម្គាល់ឃើញពីកត្តាជំរុញមួយចំនួនដូចជា៖
• អ្នកប្រឈមទៅនឹងពន្លឺព្រះអាទិត្យលើសកម្រិត
• អ្នកប្រឈមជាមួយនឹងការព្យាបាលដោយកាំរស្មីនៅវ័យក្មេង
• វីរុសមួយចំនួនដូចជា HIV ដែលអាចបង្កជាមហារីកហៅថា Kaposi Sarcoma។

រោគសញ្ញា
ជាទូទៅ Sarcoma មិនមានស្តែងចេញជារោគសញ្ញាជាក់លាក់ណាមួយឲ្យអ្នកជំងឺដឹងមុនឡើយ តែក្នុងករណីខ្លះអ្នកជំងឺជាអ្នកសម្គាល់ឃើញខ្លួនឯង នូវការវិវឌ្ឍខុសប្រក្រតីផ្នែកណាមួយនៃរាងកាយដូចជា ការកើនទំហំ ប៉ោង ឡើងរឹង ឬមើលទៅមិនស៊ីមេទ្រីគ្នា (Asymmetry) បើធៀបទៅនឹងម្ខាងទៀត។

ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើឃើញមានដុះដុំសាច់ ឬមានការរីកលូតលាស់ខុសប្រក្រតីនៃអវយវៈណាមួយនោះ គ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនដូចជា ការថតកាំរស្មីអ៊ិច (X-ray) ស៊ីធីស្កែន (CT-Scan) ឬMRI ដើម្បីបញ្ជាក់ថាវាជាដុំដែលកើតលើសាច់ដុំមានការកកជាតិកំបោរ និងមានសរសៃឈាមទៅចិញ្ចឹមច្រើន។ ក្នុងការបញ្ជាក់បន្ថែមថាពិតជា Sarcoma គ្រូពេទ្យនឹងធ្វើការវះកាត់យកដុំនោះក្នុងកម្រិតប្រហែល៥មីលីម៉ែត្រ ឬរហូតដល់១សង់ទីម៉ែត្រទៅធ្វើជាលិកាវិភាគ រកម៉ូលេគុលពិសេសៗនៅលើកោសិកា និងប្រភេទហ្សែនបង្ក។

ការព្យាបាល
ការព្យាបាល Sarcoma មានលក្ខណៈច្រើនយ៉ាងខុសៗគ្នា ក្រោមគោលការណ៍រួម ដូចជា ការវះកាត់ ការប្រើប្រាស់ថ្នាំបែបគីមី ការប្រើថ្នាំបែបជីវសាស្រ្ត និងការបាញ់កាំរស្មី ដែលករណីខ្លះគ្រូពេទ្យអាចតម្រូវឲ្យធ្វើការព្យាបាលទាំង៤ប្រភេទបញ្ចូលគ្នាតែម្តង។ ករណីនៃអ្នកជំងឺនេះទាមទារឲ្យមានការព្យាបាលខុសៗគ្នាទៅតាមស្ថានភាពជាក់ស្តែង ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវបម្រែបម្រួលហ្សែន ឬកោសិកាដែលមានលក្ខណៈខុសប្រក្រតី។

ការតាមដានក្រោយព្យាបាល
ក្រោយការព្យាបាលបានបញ្ចប់ គ្រូពេទ្យនឹងវាយតម្លៃដើម្បីបញ្ជាក់ពីលទ្ធផលនៃការព្យាបាល តាមរយៈការថតស៊ីធីស្កែន (CT-Scan) ឬថតកាំរស្មីអ៊ិច (X-ray) ឡើងវិញ។ បន្ទាប់ពីរកឃើញថាអ្នកជំងឺបានព្យាបាលដោយជោគជ័យ មិនមានសល់នូវសាច់មហារីក នោះអ្នកជំងឺនឹងត្រូវណែនាំឲ្យធ្វើការតាមដានសុខភាពដូចជា ថតសួត ឆ្លុះអេកូ ថតកាំរស្មីអ៊ិច ឬMRI អាស្រ័យលើទីតាំងដែលធ្លាប់កើតមហារីក រាល់៣ខែម្តងរយៈពេល៣ឆ្នាំ ៦ខែម្តងក្នុងឆ្នាំទី៤ និងទី៥ និង១ឆ្នាំម្តងៗចាប់ពីឆ្នាំទី៦រហូតមួយជីវិត។ គួរបញ្ជាក់ថាអត្រានៃការលាប់ឡើងវិញក្រោយការព្យាបាលនៃជំងឺ Sarcoma អាចមានរហូតទៅដល់៨០% អំឡុងពេល៣ឆ្នាំបន្ទាប់ ឆ្នាំទី៤និងទី៥ អត្រានៃការលាប់មានត្រឹម១០-១៤% និងចាប់ពីឆ្នាំទី៥មានត្រឹម០.១-១%ប៉ុណ្ណោះ។ ការតាមដាននេះមិនបានជួយបញ្ឈប់ការរើឡើងវិញនោះទេ ប៉ុន្តែវាជួយសម្រួលឲ្យគ្រូពេទ្យរកឃើញបានលឿនក្នុងដំណាក់កាលដំបូង ដែលអ្នកជំងឺអាចនឹងមានឱកាសព្យាបាលទាន់ពេល។

ផលរំខាន
ផលរំខាននៃ Sarcoma កើតមានឡើងអាស្រ័យនឹងមធ្យោបាយនៃការព្យាបាល ដែលរួមមាន៖
• ការព្យាបាលដោយថ្នាំគីមី អាចធ្វើឲ្យអ្នកជំងឺជ្រុះសក់ ក្អួត ចង្អោរ គ្រាប់ឈាមថយចុះ ស្លេកស្លាំង។
• ការបញ្ចាំងកាំរស្មី ចំពោះកុមារស្ថិតក្នុងវ័យកំពុងលូតលាស់ កាំរស្មីមានឥទ្ធិពលធ្វើឲ្យកោសិកាត្រង់កន្លែងបាញ់មិនលូតលាស់បន្តទៀត ទៅជាតូច ឬស្វិតដែលជាទ្រង់ទ្រាយខុសពីធម្មជាតិ និងជាមូលហេតុអាចប៉ះពាល់ដល់ផ្លូវចិត្ត រីឯមនុស្សធំ ការទទួលរងនូវឥទ្ធិពលកាំរស្មី អាចបណ្តាលឲ្យស្ងួតស្បែក និងស្វិតតូចនៅត្រង់កន្លែងដែលបាញ់កាំរស្មីនោះ។
• ការវះកាត់ ធ្វើឲ្យបាត់បង់មុខងារ ខូចទ្រង់ទ្រាយប្រសិនបើវះកាត់សាច់ដុំ ឬអ្នកជំងឺអាចក្លាយជាជនពិការជាដើម។

វិធីបង្ការ
ដោយសារ Sarcoma មានមូលហេតុច្រើន ដូច្នេះគ្មានវិធីសាស្ត្រណាអាចការពារបាននោះទេ លើកលែងតែ Karposi Sarcoma ដែលកើតឡើងដោយសារតែមេរោគអេដស៍ នោះគេអាចការពារបានដោយធ្វើយ៉ាងណាកុំឲ្យឆ្លងមេរោគអេដស៍។ ទោះជាយ៉ាងណាក៏ដោយ គ្រប់គ្នាអាចកាត់បន្ថយនូវកត្តាជំរុញតាមរយៈការថែរក្សាសុខភាពឲ្យបានល្អ ដោយយោងតាមគោលការណ៍សុខភាព៥យ៉ាងរួមមាន មិនជក់បារី មិនពិសាស្រា ទទួលទានចំណីអាហារប្រកបដោយសុវត្ថិភាព និងមានលំនឹង រក្សាតុល្យភាពទម្ងន់ខ្លួន (BMI) និងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។

រហូតមកដល់បច្ចុប្បន្ននេះគ្រប់អ្នកជំងឺមហារីកទាំងអស់មិនសុទ្ធតែបានន័យថាត្រូវតែស្លាប់នោះទេ ហើយអាចមានឱកាសជាសះស្បើយ ដរាបណាអ្នកជំងឺបានមកជួបវេជ្ជបណ្ឌិតឯកទេសទាន់ពេលវេលា។ ម៉្យាងទៀត ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយខ្លាំង បូករួមជាមួយការគោរពតាមគោលការណ៍គ្រឹះទាំង៣គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ សំខាន់បំផុត សូមប្រជាជនគ្រប់រូបធ្វើការផ្លាស់ប្តូររបៀបនៃការគិត ធ្វើការពិចារណាឲ្យបានម៉ត់ចត់មុននឹងជឿទៅលើអ្វីមួយដែលគ្មានឯកសារយោងត្រឹមត្រូវ ជាលទ្ធផលបំផ្លាញដល់សុខភាពខ្លួនឯង និងរឹតធ្វើឲ្យជំងឺវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។

បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់