សេចក្តីប្រកាសហាមឃាត់ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM

សេចក្តីជូនដំណឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ EcoSlim Cambodia កំពុងលក់ និងផ្សព្វផ្សាយឱសថសម្រាប់សម្រកទម្ងន់ឈ្មោះ ECOSLIM បំផ្លើសហួសពីការពិតដូចជាឱសថថ្មីសម្រាប់សម្រកទម្ងន់ដែលស្រកបាន ១៥គីឡូក្រាមក្នុងពេល ៤សប្តាហ៍ដោយមិនមានជាតិគីមី មិនតមអាហារ មិនហាត់ប្រាណ និងយកឈ្មោះក្រសួងសុខាភិបាលមកប្រើដើម្បីបោកប្រាស់សាធារណជន។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថាឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះគ្មានការត្រួតពិនិត្យគុណភាព និងគ្មានចុះបញ្ជិកាពីក្រសួងសុខាភិបាលឡើយ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះបន្តទៀត ហើយក្រសួងសុខាភិបាលសុំឲ្យម្ចាស់គណនីឈ្មោះ EcoSlim Cambodia ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់និងចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ខុសច្បាប់នេះជាបន្ទាន់។ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់