ការវិភាគគីមីឱសថសត្វសមុទ្រ និង ការវិភាគដោយប្រើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងទៅលើជាលិកាផ្សេងៗ នៃសត្វប្រឡាំងកាសដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា

សត្វប្រឡាំងកាសដែលមានឈ្មោះវិទ្យាសាស្ត្រថា “Carcinoscorpius rotundicauda Latreille” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Limulidae ដែលឈាមរបស់វាមានគុណសម្បត្តិក្នុងការបង្អាក់សកម្មភាពរបស់បាក់តេរីកុំឲ្យបាក់តេរីបង្កការខូចខាតដល់កោសិកា។ នៅក្នុងប្រទេសកម្ពុជាគេនិយមប្រើប្រាស់វាក្នុងគោលបំណងព្យាបាលជំងឺរលាក និងជំងឺដែលឆ្លងដោយបាក់តេរី។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តរកសមាសធាតុឱសថ និងកំណត់នូវចំនួនឱសថនៅក្នុងជាលិកាផ្សេងៗ នៃសារពាង្គកាយទាំងមូលរបស់សត្វប្រឡាំងកាសស្ងួត។ សារពាង្គកាយទាំងមូលរបស់សត្វប្រឡាំងកាសស្ងួត ត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120003) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ ជាលិកានៃសារពាង្គកាយទាំងមូលរបស់សត្វប្រឡាំងកាសស្ងួតនេះ ត្រូវបានយកបំបែកជា 5 ផ្នែក ដែលមានដូចជា Prosoma, Ophisthosoma, Telson, Appendages និង Eggs។ផ្នែកនីមួយៗត្រូវបានយកមកកិនឲ្យម៉ត់ ហើយធ្វើការចម្រាញ់ជាមួយនឹងអង្គធាតុរំលាយ Ethanol តាមរយៈវិធីសាស្រ្តចម្រាញ់ Ultrasonication-Assisted Extraction (UAE) រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ការធ្វើពិសោធន៍ទាំងអស់ត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍រូបធាតុឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ក្រោយពេលធ្វើការចម្រាញ់ យើងទទួលបានផលិតផលចម្រាញ់ទៅតាមផ្នែកជាលិកានិមួយៗដូចជា Prosoma ទទួលបាន 3.19%, Ophisthosoma ទទួលបាន 4.86%, Telson ទទួលបាន 2.68%, Appendages ទទួលបាន 5.26% និង Eggs ទទួលបាន 2.84%។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថបានឲ្យដឹងថា Ophisthosoma, Appendages និង Eggs មានផ្ទុកសមាសធាតុឱសថ Alkaloids, Coumarins, Saponins និង Resins។ Prosoma មានផ្ទុកសមាសធាតុឱសថ Alkaloids, Coumarins និង Resins។ Telson មានផ្ទុកសមាសធាតុឱសថ Alkaloids និង Coumarins។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងទៅលើជាលិកាផ្សេងៗរបស់សត្វប្រឡាំងកាសស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុងអង្គធាតុរំលាយ “Mobile Phase” Toluene:Ethanol (9:1) យើងញែកបានឱសថចំនួន 3 អង្គធាតុឱសថ ដែលមានតម្លៃ Rf ដូចតទៅ៖ 0.22, 0.38 និង 0.59 នៅក្នុង Prosoma, Ophisthosoma, Telson និង Appendages។ ដោយឡែកចំពោះ Eggs គឺមានសមាសធាតុឱសថច្រើនជាងគេរហូតដល់ 5 អង្គធាតុឱសថដែលមានតម្លៃ Rf ដូចតទៅ៖ 0.18, 0.22, 0.38, 0.59 និង 0.73។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងជាលិកាផ្សេងៗរបស់សត្វប្រឡាំងកាសស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងសត្វប្រឡាំងកាសរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌ មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រដទៃទៀតប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីសត្វប្រឡាំងកាសរបស់កម្ពុជា។

ប្រភពអត្ថបទដោយ និស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ កែវ សំអែល, សូលឹម សិរីរឹទ្ធិ, ឡេង សៀវម៉ី, ហុង វិសាល, ភួង ថាក់រក្សា, អ៊ា សុខគីម, អ៊ឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីន

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់